
សមត្ថកិច្ចនៅស្រុកភ្នំព្រឹកតែងតែចេញបញ្ជាហាមឃាត់មិនឲ្យធ្វើបុណ្យសព ឬរាយការណ៍ប្រាប់អ្នកកាសែត ពាក់ព័ន្ធសកម្មភាពស្លាប់ដោយសារការបាក់អណ្តូងរ៉ែមាស ដោយសារតែការលួចលាក់ជីកដោយខុសច្បាប់នោះទេ។
លោក សុង សុភ័ក្ត ជាអធិការស្រុកភ្នំព្រឹក រងនូវការរិះគន់ពីប្រជាពលរដ្ឋជុំវិញសកម្មភាពឃុបឃិតឲ្យក្រុមឈ្មួញជីកកកាយយករ៉ែមាសយ៉ាងអនាធិបតេយ្យដែលបណ្តាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយសារតែការបាក់រណ្តៅអណ្តូងមាស ដូចជានៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅនេះវេលាម៉ោង២និង៣០នាទី មានអណ្តូងរ៉ែមួយកន្លែងស្ថិតនៅលើភ្នំត្រង៉ោល ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បានបាក់សង្កត់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៊ន បឿន អាយុ៣១ឆ្នាំ ជាជនជាតិខ្មែរមានទីលំនៅក្បែរកន្លែងកើតហេតុ ត្រូវបានអាជ្ញាធររារាំងមិនឲ្យសាច់ញាតិចាក់មីក្រូក្នុងពិធីបុណ្យសព្វទេព្រោះខ្លាចបែករឿងដល់ថ្នាក់លើ។ នេះមិនមែនជាករណីទី១ទេ ដែលសមត្ថកិច្ចនិងអាជ្ញាធរស្រុកភ្នំព្រឹក បានរារាំងមិនឲ្យមានការធ្វើបុណ្យសពដែលស្លាប់ដោយសារតែការបាក់អណ្តូងរ៉ែមាស ដែលសូម្បីតែក្នុងរបាយការណ៍បញ្ជូនមកថ្នាក់លើ ក៏មិនបានបង្ហាញថា ការស្លាប់នេះទាក់ទិននឹងការជីកយករ៉ែមាសដោយខុសច្បាប់នោះដែរមិនដឹងជាមានអាថ៌កំបាំងអ្វីឡើយ។
រាជរដ្ឋាភិបាលរួមទាំងស្ថាប័នតុលាការខេត្តបាត់ដំបង បានដាក់វិធានការយ៉ាងតឹងតែង ហាមឃាត់មិនឲ្យមានសកម្មភាពជីកកាយរ៉ែមាស នៅតំបន់ភ្នំព្រឹកនោះទេ ដោយសារតែខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយការលួចលាក់ជីកកាយរ៉ែមាស ចេះតែកើតមានយ៉ាងអនាធិបតេយ្យ ដោយសារតែអាជ្ញាធរនិងសមត្ថកិច្ចស្រុកភ្នំព្រឹក ជាអ្នកឃុបឃិតបើកដៃបិទភ្នែកឲ្យប្រជាពលរដ្ឋនិងក្រុមឈ្មួញធ្វើអ្វីៗតាមតែអំពើចិត្ត។ ជាពិសេសលោក សុង សុភ័ក្ត ជាអធិការនគរបាលស្រុកភ្នំព្រឹកមិនដឹងជាទទួលបានសំណែនប៉ុន្មានពីក្រុមអ្នកជីកកាយរ៉ែមាសដោយខុសច្បាប់នោះទេ ហើយគេដឹងថាសម្រាប់រណ្តៅរ៉ែមាសមួយកន្លែងត្រូវបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចំនួន២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលអាស្រ័យទៅរណ្តៅតូចឬធំ បើមិនបង់លុយតាមការទាមទាររបស់ពួកគេទេ ច្បាស់ជាពួកគេចេញទៅអុកឡុករំខានគ្រប់បែបយ៉ាងមិនអាចដំណើរការជីករ៉ែមាសដោយខុសច្បាប់បានទេ។
ប្រជាពលរដ្ឋម្នាក់ដែលទំនងជាដឹងឮច្រើនពីបញ្ហាជីកកាយរ៉ែមាសខុសច្បាប់ដ៏អនាធិបតេយ្យរាប់រយរណ្តៅនៅស្រុកភ្នំព្រឹកបានបង្ហើបឲ្យដឹងថា កម្មករជីករ៉ែមាសជាច្រើនបានស្លាប់បាក់ដៃបាក់ជើងរងពិការភាពដល់សព្វថ្ងៃដោយសារការបាក់ដីសង្កត់មិនដែលមាននរណាជួយរកខុសត្រូវឲ្យទេ ហើយប្រជាពលរដ្ឋជាច្រើនដែលគ្មានការងារធ្វើក៏ទៅស៊ីឈ្មួល ធ្វើកម្មករជីករ៉ែមាសឲ្យក្រុមឈ្មួញ ពេលរងគ្រោះថ្នាក់កាន់តែធ្វើឲ្យជីវភាពរបស់ពួកគេលំបាកលំបិនខ្លាំងឡើង។ គេមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធចាប់ខ្លួនក្រុមឈ្មួញ ឬថៅកែអណ្តូងមាសនៅទីនោះទេដោយសារតែសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធសុទ្ធតែត្រូវដៃត្រូវជើងជាមួយថៅកែអណ្តូងរ៉ែមាសទាំងនោះ ហើយគេចាំបានថាកាលពីប៉ុន្មានខែមុន មានបុរសម្នាក់ជាយោធា បានទៅស៊ីឈ្នួលជីកកាយរ៉ែមាសដោយខុសច្បាប់ឲ្យក្រុមឈ្មួញ ក៏ត្រូវបាក់ដីសង្កត់ស្លាប់យ៉ាងវេទនាបំផុត ហើយពិធីបុណ្យសពរបស់គាត់ត្រូវបានអាជ្ញាធរដាក់កំហិតឲ្យធ្វើតាមរបៀបសាមញ្ញបង្គ្រប់កិច្ចតាមបែបសាសនាតែប៉ុណ្ណោះ។
មន្ត្រីនគរបាលតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថា ក្នុងចំណោមរណ្តៅរ៉ែមាសខុសច្បាប់ដែលកំពុងដំណើរការជាង១០កន្លែងរបស់ក្រុមឈ្មួញមានអំណាច គេមិនដែលឃើញលោក សុង សុភ័ក្ត បញ្ជាកូនចៅឲ្យទៅក្បែរទេ ហើយថែមទាំងបំភ័យថាប្រយ័ត្នគ្រោះថ្នាក់ ព្រោះឈ្មួញទាំងនោះមានអំណាចធំណាស់ រឿងនេះគេដឹងថា រណ្តៅរ៉ែមាស ដែលបង់លុយជូនលោក សុង សុភ័ក្ត ប្រចាំខែប្រចាំឆ្នាំរួចហើយនោះមិនដែលមានការបង្ក្រាបទេ ប៉ុន្តែបើមន្ត្រីតូចតាចស៊ើបដឹងថារណ្តៅរ៉ែមាសណាមួយដែលអាជ្ញាធរចុះបិទលួចធ្វើអាជីវកម្មស្ងាត់ៗឡើងវិញ លោក សុង សុភ័ក្ត នឹងចុះទៅពិនិត្យភ្លាម ឬកោះហៅថៅកែអណ្តូងរ៉ែមាសទៅសួរនាំ ឬគោះលុយជាថ្នូរនឹងការមិនបង្ក្រាបបទល្មើស។
គេចាំបានថា កាលពីមុននៅលើភ្នំត្រង៉ោល គឺជាកន្លែងដាំដំឡូងមី និងផលកសិកម្មជាច្រើនប្រភេទបម្រើឲ្យជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំព្រឹក ប៉ុន្តែសព្វថ្ងៃនេះមានរណ្តៅអណ្តូងរ៉ែមាសស្ទើរដូចរន្ធបាយខុម ទៅហើយ គេមិនដែលឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោក សុង សុភ័ក្តចាត់ វិធានការបង្ក្រាបម្តងណាឡើយ ហើយនៅពេលដែលអ្នកកាសែតសួរនាំ មន្ត្រីពាក់ព័ន្ធជាច្រើនបានត្រឹមតែឆ្លើយថា ក្រុមឈ្មួញនាំគ្នាជីករណ្តៅរ៉ែមាសដោយលួចលាក់តែប៉ុណ្ណោះ។ បញ្ហានេះយល់ថា ការជីករណ្តៅរ៉ែមាសធ្វើអាជីវកម្មដោយគ្មានច្បាប់ទម្លាប់គ្មានអាជ្ញាប័ណ្ណពីស្ថាប័នពាក់ព័ន្ធគឺជាបទល្មើសយ៉ាងធ្ងន់ធ្ងរ មិនមែនធ្វើតែ១ម៉ោង ឬ២ម៉ោងចប់សព្វគ្រប់នោះទេ ពោលគឺរណ្តៅរ៉ែមាសមួយកន្លែងៗត្រូវក្រុមឈ្មួញជីកកាយជាច្រើនខែ បើនិយាយថា ឈ្មួញលួចលាក់ជីករ៉ែមាស ហើយអាជ្ញាធរសមត្ថកិច្ចមិនបានដឹងក៏វាមិនសមទំនងដែរ ព្រោះថៅកែអស់ទាំងនោះមិនដែលទៅជីករណ្តៅរ៉ែមាសដោយខ្លួនឯងនោះទេ ពួកគេតែងតែជួលកម្មករចុះទៅជីករណ្តៅរ៉ែមាសផ្អើលស្រុកភ្នំព្រឹកទៅហើយ។ ដូច្នេះករណីដែលលោក សុង សុភ័ក្ត អួតអាងថាគាត់មិនបានដឹងអំពីសកម្មភាពលួចលាក់របស់ក្រុមឈ្មួញជីករ៉ែមាស គ្រាន់តែជាពាក្យដោះសាកុំឲ្យលោកស្នងការ ស ថេត ចាប់កំហុសរបស់ខ្លួនដែលប្រព្រឹត្តអំពើពុករលួយប្រមូលប្រយោជន៍ ដាក់ហោប៉ៅតែប៉៉ុណ្ណោះ៕
ប្រភព៖មនសិការខ្មែរ
