
ដើមហេតុដែលនាំឲ្យមានការសម្រេចផ្តន្ទាទោសលោកផ្កាយ២ ជា តារា ពីបទបរិហាកេរ្តិ៍គឺផ្តើមឡើងដោយលោក ជា តារា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០ បានដាក់ពាក្យប្តឹងឈ្មោះ ជួប ច័ន្ទ និងឈ្មោះ ឌឿន សុវណ្ណ ពីបទបន្លំអាជ្ញាធរក្លែងលិខិតសាធារណៈនិងឆបោកប្រាក់ដែលក្នុង ពាក្យបណ្តឹងនោះឈ្មោះ ជា តារា បានសរសេរថា ឈ្មោះ ឌឿន សុវណ្ណ បានរួមគ្នាជាមួយឈ្មោះជួប ច័ន្ទ ធ្វើឯកសារដើម្បីលក់ដីឲ្យក្រុមហ៊ុន គឹម ហាប់ ទំហំ៤ហិតា ៥០អា ដោយចោទថាបានធ្វើការចាត់ចែងបន្លំអាជ្ញាធរសង្កាត់ទន្លេបាសាក់ និងក្លែងលិខិតសាធារណៈដើម្បីឲ្យក្រុមហ៊ុនទុកចិត្តនិង ចុះកិច្ចសន្យាទិញលក់។ បន្ទាប់ពីការស្រាវជ្រាវ អយ្យការសាលាដំបូងរាជធានីភ្នំពេញបានសម្រេច តម្កល់រឿងទុកឥតចាត់ការ តាមដីកាលេខ៦៥៤ អ.យ.ខ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១០ ប៉ុន្តែឈ្មោះ ជា តារា មិនសុខចិត្តបានប្តឹងពីដីកាតម្កល់រឿងទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់ទុកឥតចាត់ការ តាមដីកាលេខ ០៧៩ សត.ប្រក.០១១ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១ ហើយតាមរយៈពាក្យបណ្តឹងរបស់ ជា តារា និងការបរិហាកេរ្តិ៍ បានធ្វើឲ្យប្រធានអង្គភាពផ្អាកការងារនិងមិនដំឡើងឋានៈឲ្យឈ្មោះ ឌឿន សុវណ្ណ។
ដោយសារតុលាការរកមិនឃើញកំហុសឆ្គងនិងភស្តុតាងដាក់បន្ទុកចោទប្រកាន់បានធ្វើឲ្យលោក ជា តារា ត្រូវជាប់ចោទពីបទបរិហាកេរ្តិ៍ ក៏ត្រូវឈ្មោះ ឌឿន សុវណ្ណ និងឈ្មោះ ជួប ច័ន្ទ ប្តឹងតបតវិញ ហើយជាហូរហែសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោស ដោយប្រកាសសាលក្រមផ្តន្ទាទោសលោក ជា តារា ដាក់ពន្ធនាការកំណត់ចំនួន៨ខែ ពិន័យជាប្រាក់១,៥លានរៀល ដាក់ចូលថវិការដ្ឋចាប់ពីពេលសាលក្រមចូលជាស្ថាពរ ហើយក៏បង្គាប់ឲ្យលោក ជាតារា សងជំងឺចិត្តនិងសោហ៊ុយខាតបង់ចំនួន៨០លានរៀលទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ឌឿន សុវណ្ណ ផងដែរ។ លោក ជា តារា មិនពេញចិត្តចំ ពោះសាលក្រមនេះទេ ហើយបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ក៏មានការតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ហើយលោក ជា តារា បានបន្តប្តឹងទៅតុលាការកំពូលជំទាស់ទៅនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ទើបនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលបានបើកសវនាការនិងផ្តន្ទាទោសលោក ជា តារា ដាក់ពន្ធនាគារចំនួន៨ខែ តាមមាត្រា៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌដោយតម្កល់សាលដីកាសាលាឧទ្ធរណ៍ និងសាលក្រមរបស់សាលារាជធានីភ្នំពេញដដែល។
រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ តុលាការកំពូល បានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ៣០០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់តុលាការកំពូល និងសំណុំរឿងពាក់ព័ន្ធមួយចំនួនទៀត មកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ហើយចំណាត់ការនោះគឺតាមរកចាប់ខ្លួនលោក ជា តារា មកអនុវត្តន៍ទោស។ ស្របតាមការរឹតបន្តឹងរបស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់ និងនាំមន្ត្រីខិលខូចទៅដាក់ទោស គេសង្កេតឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងតាមប្រមាញ់ ដើម្បីនាំខ្លួនលោក ជា តារា មកទទួលទោសតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់នោះទេ។
ដូច្នេះការសម្រេចដោយបិទផ្លូវតវ៉ា និងចូលជាស្ថាពររបស់តុលាការកំពូល បានផ្តល់យុត្តិធម៌ជូនឈ្មោះ ជួប ច័ន្ទ និងឈ្មោះ ឌឿន សុវណ្ណ ដែលត្រូវធ្លាក់បុណ្យស័ក្តិនិងអស់ការងារដោយសារតែបណ្តឹងដែលមានលក្ខណៈញុះញង់របស់លោក ជា តារា។ មកដល់ពេលនេះ គេមិនទាន់ដឹងថាលោក ជា តារា កំពុងស្ថិតនៅទីណាឡើយ ទន្ទឹមពេលដែលសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កំពុងតាមប្រមាញ់ដោយអនុវត្តន៍តាមសាលដីកាស្ថាពររបស់តុលាការកំពូល ហើយគ្រប់ៗគ្នាបានវាយតម្លៃថា លើកនេះទោះបីជាពាក់ផ្កាយ២លើស្មា ក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ គឺត្រូវសមត្ថកិច្ចនាំខ្លួនទៅផ្តន្ទាទោសក្នុងពេលឆាប់ៗនេះ ព្រោះអ្នកប្រព្រឹត្តខុសត្រូវតែទទួលទោសតាមច្បាប់ចៀសមិនផុតឡើយ៕
ប្រភព៖មនសិការខ្មែរ
