លំនៅឋានរបស់ពួកគាត់ដែលមាននៅលើខ្នងទំនប់អាងកំពីងពួយ ត្រូវបានទឹកជំនន់ហូរបំផ្លាញខូចខាតអស់គ្មានសល់ ហើយបច្ចុប្បន្នអ្នកភូមិទាំងនោះ ខ្លះសុំផ្ទះគេជ្រកនៅ ខ្លះបោះតង់រស់នៅ និងខ្លះទៀតស្នាក់អាស្រ័យជាមួយសាច់ញាតិ។
ប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ ស្នើសុំឲ្យអាជ្ញាធរខេត្តបាត់ដំបង ចែកដីឲ្យពួកគាត់ដើម្បីសង់លំនៅឋានរស់នៅឲ្យបានឆាប់។ អ្នកភូមិទាំងនោះ បានបាត់បង់ទីជម្រកអស់រយៈពេលជិតពីរខែមកហើយ ដោយសារទឹកជំនន់ហូរកាត់ខ្នងទំនប់អាងកំពីងពួយ បំផ្លាញផ្ទះសម្បែងពួកគាត់ខូចខាតអស់ទាំងស្រុង។
ការអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ខណៈតំណាងអ្នកភូមិចំនួន ២១នាក់ ក្នុងចំណោម ៣៣គ្រួសារ បាននាំឡើងមករកកិច្ចអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង ឲ្យជួយ។
ប្រជាពលរដ្ឋឈ្មោះ ប្រាក់ សុផាត អាយុ ៥៦ឆ្នាំ ថ្លែងថា អ្នកភូមិទាំង ៣៣គ្រួសារ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ លំនៅឋានរបស់ពួកគាត់ដែលបានសាងសង់រស់នៅតាមបណ្ដោយខ្នងទំនប់អាងកំពីងពួយនោះ ត្រូវទឹកជំនន់ហូរកាត់បំផ្លាញអស់គ្មានសល់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣។ បច្ចុប្បន្ន ពួកគាត់ជួបការលំបាកយ៉ាងខ្លាំងដោយសារគ្មានផ្ទះសម្បែងរស់នៅ អ្នកខ្លះបោះតង់ អ្នកខ្លះសុំផ្ទះស្នាក់នៅជាបណ្ដោះអាសន្ន។
ប្រជាពលរដ្ឋ ប្រាក់ សុផាត៖ «សុំឲ្យរដ្ឋាភិបាលជួយទីជម្រកដែលពួកខ្ញុំទាំង ៣៣គ្រួសារដែលបាត់បង់ជម្រកដោយសារទឹក ថ្ងៃទី៨ ខែតុលា ហ្នឹង ឥឡូវរង់ចាំរដ្ឋាភិបាល យូរ អត់ទាន់មានឃើញដោះស្រាយអីឲ្យពួកយើងខ្ញុំ គាត់សន្យាហើយ ប៉ុន្តែពួកខ្ញុំរង់ចាំមើលវាពីរខែហើយ គឺតាំងពីថ្ងៃទី៨ ខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០១៣ នៅខ្វះតែ ៥ថ្ងៃទៀតពីរខែ ហើយអត់ទាន់មានបានផលអីសោះ»។
ក្រុមអ្នកភូមិបន្តថា ក្រោយពីទឹកស្រកចុះទៅវិញ អាជ្ញាធរបានហាមឃាត់ពួកគាត់មិនឲ្យចូលទៅរស់នៅលើខ្នងទំនប់អាងកំពីងពួយនោះវិញ ដោយពួកគេអះអាង ទីតាំងលំនៅឋានចាស់របស់គាត់នោះត្រូវទុករៀបចំធ្វើការអភិវឌ្ឍប្រែក្លាយទៅជាតំបន់ទេសចរណ៍។
អ្នកភូមិម្នាក់ទៀតឈ្មោះ សឿប តូន អាយុ ៣៣ឆ្នាំ បញ្ជាក់ថា ទន្ទឹមគ្នានេះក្រុមអាជ្ញាធរបានសន្យា ដោះដូរពួកគាត់ឲ្យទៅរស់នៅលើទីតាំងដីថ្មី ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់ពុំទាន់ទទួលបានអ្វីទាំងអស់៖ «ផលលំបាកក្រោយពីអស់ផ្ទះសម្បែងមក វាលំបាកត្រង់ការរស់នៅ រស់នៅក្រោមដំបូលផ្ទះគេ វាលំបាក ហើយពិបាកសព្វពិបាកគ្រប់។ កាលណាដេកយប់ព្រលប់វាមិនដូចផ្ទះសម្បែងខ្លួនយើង ហើយរស់នៅតែលតោល មិនថា ទៅរកស៊ីអីចោលកូនផ្ទះសម្បែង។ សុំឲ្យរដ្ឋាភិបាលដឹងឮចំពោះរូបខ្ញុំ និងបងប្អូន ៣៣គ្រួសារហ្នឹង សុំសំណូមពរអោយពួកខ្ញុំរហ័សបានទីជម្រកវិញ»។
ក្រុមអ្នកភូមិទាំងនោះថ្លែងថា ក្រោយពីពួកគាត់បាត់បង់ទីជម្រក ជួបការលំបាកយ៉ាងខ្លាំង ដូចជាការបាត់បង់មុខរបររកស៊ីប្រចាំថ្ងៃ ខ្វះដីស្រែចម្ការ កូនចៅខកខានពុំបានទៅរៀនសូត្រ និងពុំមានមុខរបរថ្មីចិញ្ចឹមជីវភាពគ្រួសារជាដើម។
អ្នកភូមិម្នាក់ទៀតឈ្មោះ ជឿន រ៉ី បានស្នើសុំឲ្យអាជ្ញាធរខេត្តចុះរៀបចំរកដីថ្មីឲ្យពួកគាត់ឲ្យបានឆាប់៖ «សំណូមពរសុំឲ្យអង្គការជួយដោះស្រាយដឹងឮពីការបាត់បង់ផ្ទះសម្បែងដែលពួកខ្ញុំត្រូវទំនប់បាក់អស់ហ្នឹង ជួយដោះស្រាយ ដើម្បីពួកខ្ញុំនេះមានជីវភាពផ្ទះសម្បែងរស់នៅបានដូចមុនវិញខ្លះ ទោះបីមិនបានទាំងអស់ក៏បាន ៥០% ទៅ ៦០% វិញដែរ វាគ្រាន់»។
ទាក់ទិនបញ្ហានេះអភិបាលស្រុកបាណន់ លោក អ៊ឹង ប៊ុនជយ ថ្លែងថា អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការរួចហើយ ដើម្បីដោះស្រាយជូនអ្នកភូមិដែលបាត់បង់លំនៅឋាននៅលើខ្នងទំនប់អាងកំពីងពួយ៖ «រកទីតាំងដីនៅអាងកំពីងពួយក្នុងពេលឆាប់ៗ ខែត្ររៀបចំគណៈកម្មការចុះសិក្សាគម្រោងហើយដោះស្រាយផលប៉ះពាល់អន្តរក្រសួង ឲ្យគាត់រើ... រង់ចាំគណៈកម្មការខែត្រចុះទៅសិន»។
យ៉ាងណាក៏ដោយគេពុំបានដឹងថា គណៈកម្មការខេត្តនោះ នឹងត្រូវរកទីតាំងដីថ្មីប្ដូរឲ្យអ្នកភូមិទាំងនោះនៅកន្លែងណា មានទំហំប៉ុណ្ណា និងជួយអ្វីខ្លះនោះទេរហូតមកដល់ពេលនេះ។
ក្រុមអ្នកភូមិទាំងនោះបាននាំគ្នាចូលទៅសង់លំនៅឋានរស់នៅលើខ្នងទំនប់អាងកំពីងពួយ អស់រយៈជាច្រើនឆ្នាំមកហើយ។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ថ្លែងថា ប្រជាពលរដ្ឋទាំងនោះ កំពុងប្រឈមការលំបាកយ៉ាងខ្លាំងដោយសារអត់មានលំនៅឋានរស់នៅ។ បញ្ហានេះបើសិនជាអាជ្ញាធរខេត្តមិនចាត់វិធានការដោះស្រាយជូនពួកគាត់ឲ្យបានឆាប់នោះទេ ពួកគាត់នឹងប្រឈមបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀត៕
ប្រភព៖RFA
ប្រភព៖RFA