Pages

Thursday, December 5, 2013

អ៊ីស្លាម​ជ្រុល​និយម និង​ភេរវកម្ម នៅ​ឥណ្ឌូណេស៊ី​

ភេរវកម្មនៅបាលីប្រទេសឥណ្ឌូណេស៊ី ខែតុលាឆ្នាំ២០០២។
ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ
នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិ​សាស្ត្រ​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់​ស័រ តាន់​បាន​លើក​ឡើង​អំពី​អ៊ីស្លាម​ជ្រុល​និយម​នៅ​ប្រទេស​ហ្វីលីពីន។ នៅ​សប្តាហ៍​នេះ ហ្សង់-ហ្វ្រង់​ស័រ​សូម​ងាក​ទៅ​សិក្សា​លើ​អ៊ីស្លាម​ជ្រុល​និយម​និង​ភេរវកម្ម​នៅ​ឥណ្ឌូណេស៊ី​វិញ​ម្តង។
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥណ្ឌូណេស៊ី​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​ភេរវជន។ តើ​មក​ពី​មូលហេតុ​អ្វី? តើ​ពួក​ភេរវជន​ចេញ​មក​ពី​ណា?

ឥណ្ឌូណេស៊ី​ដែល​មាន​ប្រជាជន​រហូ​ត​ដល់ទៅ​២៤០​លាន​នាក់ ​ជា​ប្រទេស​អ៊ីស្លាម​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភព​លោក។​ ក៏​ប៉ុន្តែ​ អ៊ីស្លាម​នៅឥណ្ឌូណេស៊ី​ជា​អ៊ីស្លាម​ស្លូត​បូត​ប្រកប​ដោយ​ត្រា​ប្រណី​ ពីព្រោះ​ជា​អ៊ី​ស្លាម​មួយដែល​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា​ពី​សតវត្សរ៍​ទី​១៣​ដល់​សតវត្សរ៍​ទី​១៤ ​តាម​រយៈ​ពួក​ឈ្មួញ​ មិន​មែន​តាម​រយៈ​សង្គ្រាម​សាសនាDjihad​ទេ​។ ម្ល៉ោះ​ហើយ ​គេ​មិន​អាច​ប្រ​ដូច​ជន​ជាតិ​​ឥណ្ឌូណេស៊ី​អ៊ីស្លាម​ទៅ​នឹង​ប្រជាជន​អ្នកកាន់សាសនាអ៊ីស្លាម​នៅ​ក្នុង​ពិភព​អារ៉ាប់​បាន​ទេ​។ ​ ឧទាហរណ៍​ជាក់​ស្តែង​នារី​ឥណ្ឌូណេស៊ី​មិន​សូវ​ពាក់​ទេ​ស្បៃ​គ្រប់​មុខ​។

យ៉ាង​ណា​មិញ ​អ៊ីស្លាម​ដាច់​ខាត​និយម​ឬ​អ៊ីស្លាម​ជ្រុល​និយមឥណ្ឌូណេស៊ី​បាន​ផ្តើម​កកើត​ឡើង​នៅ​ចុង​​ទសវត្សរ៍​ទី​៩០ ​ជា​ពិសេស​នៅ​លើ​កោះ​Moluques​ ជា​ទី​ដែល​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០២​ សហគមន៍​អ៊ីស្លាម​និង​សហគមន៍​អ្នក​កាន់​គ្រិស្តសាសនា​បាន​កាប់​សម្លាប់​គ្នា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ជា​ទី​បំផុត​។ ​ពី​ពេល​នោះ​មក ​ស្រមោល​នៃ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​បាន​ចាប់​ផ្តើម​លេច​ត្រដែត​ឡើង​នៅ​លើ​ទឹក​ដី​ឥណ្ឌូណេស៊ី។

មហា​ភេរវកម្ម​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ​២០០១​នៅ​សហរដ្ឋ​អាមេរិក​គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​សំខាន់​ដែល​បាន​ធ្វើ​ឲ្យ​ចលនា​អ៊ី​ស្លាម​ជ្រុល​និយម​នៅ​ឥណ្ឌូណេស៊ី​រីក​ធំ​និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​
ឡើង​។ ​ពីព្រោះ​ចំពោះ​ពួក​សកម្មជន​អ៊ីស្លាម​ជ្រុល​និយមនៅឥណ្ឌូណេស៊ី​ទាំង​នេះ មហា​ភេរវកម្ម​នៅ​អាមេរិក​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ​២០០១​គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​សង្គ្រាម​រវាង​អរិយធម៌​នៃអ៊ីស្លាម​និង​អរិយធម៌​នៃគ្រិស្ត​សាសនា​។

អ៊ីចឹង​ហើយ​បាន​ជា​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី​១១​កញ្ញា​ឆ្នាំ២០០១ ចរន្ត​អ៊ីស្លាម​រឹងរូស​ជាង​គេ​នៅ​ឥណ្ឌូណេស៊ី​បាន​អំពាវ​នាវ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​អស់​នៅក្នុងពិភព​លោក​ពួត​ដៃ​គ្នា​ក្នុង​នាម​ព្រះ​អាឡា (Allah) ​ដើម្បី​​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សហ​រដ្ឋ​អា​មេរិក​និ​ង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​។​

គឺ​នៅ​ក្នុង​បរិបទ​នេះហើយ​ដែល​ជាង​មួយ​ឆ្នាំ​ក្រោយ​មក ប្រទេស​ឥណ្ឌូណេស៊ី​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពួក​ភេរវជន​។ ឧទាហរណ៍​ជាក់​ស្តែង​គឺ​ភេរវកម្ម​នៅ​បាលី​(Bali)ថ្ងៃទី​១២​តុលា​ឆ្នាំ​២០០២​ ភេរវកម្ម​ដែល​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​២០២​នាក់ ភាគ​ច្រើន​ជាអ្នក​ទេស​ចរ​បស្ចិម​លោក។

ឧទាហរណ៍​ជាក់​ស្តែង​​ផ្សេងៗ​ទៀត ​គឺ​រួម​មាន​ភេរវកម្ម​ទៅ​លើ​សណ្ឋាគារ​Marriot ក្នុង​រដ្ឋធានី​យ៉ាការតា (Jakarta)​ ឆ្នាំ​២០០៣ ភេរវកម្ម​ទៅ​លើ​ស្ថានទូត​អូស្ត្រាលី​នៅ​យ៉ាការតា​ឆ្នាំ​២០០៤ និង​ភេរវកម្ម​ជា​ថ្មី​ទៅ​លើ​សណ្ឋាគារ​Marriott និង​ទៅ​លើ​សណ្ឋាគារ​Ritz-Carlton នៅ​យ៉ាការតា​ឆ្នាំ​២០០៩។

តើ​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​នៅ​ឥណ្ឌូណេស៊ី​ចេញ​មក​ពីណា​?
នៅ​ខែ​តុលា​ឆ្នាំ​២០០៨​ ភេរវ​ជនមួយ​ក្រុម​ដែល​ជា​អ្នក​បាន​បង្ក​ភេរវកម្ម​នៅ​បាលី​ត្រូវបាន តុលាការកាត់ទោស​ប្រហារ​ជីវិត​។ ពួកវា​ជា​សមាជិក​នៃ​អង្គការ​Jemaah Islamiyah ដែល​គេ​ចាត់​ទុក​ថា​ជា​សា​ខា​របស់​អង្គការភេរវកម្មអន្តរជាតិអាល់កៃដា(Al​ Qaïda)​នៅ​អាស៊ី​អាគ្នេយ៍។

មេ​កើយ​របស់​Jemaah Islamiyah ជា​ជន​ជាតិ​ម៉ាឡេស៊ី​ឬ​ឥណ្ឌូណេស៊ី​។ គឺ​ពួក​Jemaah Islamiyahនេះ​ឯង​ដែល​ជា​អ្នក​បាន​បង្ក​ភេរវ​កម្ម​ប្រឆាំង​នឹង​ព្រះ​វិហា​គ្រិស្ត​សាសនា​នៅ​លើ​កោះ​Moluques ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០០០​ ហើយ​គឺ​នៅ​លើ​កោះ​Moluques​នេះ​តែ​ម្តង​ដែល​ពួក​អ៊ីស្លាម​ជ្រុល​និយម​បានទទួល​ការ​បង្ហាត់​ហ្វឹកហ្វឺន​និង​ការ​​បង្វក់​ស្មារតី​ឲ្យ​ក្លាយ​ទៅ​ជា​ភេរវជន​មិន​ចេះ​ខ្លាច​ស្លាប់​។

Jemaah Islamiyah មាន​មហិច្ឆតា​បង្កើត​រដ្ឋ​អ៊ីស្លាម​ដ៏​ធំ​មួយ​ដែល​គ្រប​យក​ឥណ្ឌូ​ណេស៊ី​ ម៉ាឡេស៊ី​ សិង្ហបុរី​ និង​តំបន់​អ៊ីស្លាម​នៃ​ប្រទេស​ហ្វីលីពីន​និងនៃ​ប្រទេស​ថៃ។ ម៉្លោះ​​ហើយ​បាន​ជា​គេ​ចាប់​ផ្តើម​និយាយ​ថា​ ភេរវកម្មដែលកើតឡើង​ឥត​ឈប់ឈរ​នៅ​ខាង​ត្បូង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​អាច​ជា​ស្នា​ដៃ​របស់​ពួក​Jemaah Islamiyah។

រហូត​មក​ទល់​សព្វ​ថ្ងៃ សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​បន្ត​ធ្វើ​សហ​ប្រតិបត្តិការ​ជា​មួយ​ឥណ្ឌូណេស៊ី​ ដើម្បី​កំទេច​អង្គការ​Jemaah Islamiyah។ សហប្រតិបត្តិការ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​យ៉ារកាតា​បាន​ធ្វើ​ឲ្យ​អង្គការ​ភេរវកម្ម​តំបន់​មួយ​នេះ​បាក់​កម្លាំង និង​បាត់បង់​ឥទ្ធិពល​មិន​តិច​ទេ។ ជាក់ស្តែង តាំង​ពី​ឆ្នាំ​២០០៩​មក អស់​មាន​ទៀត​ហើយ​ភេរវកម្ម​ដែល​មាន​លក្ខណៈ​សាហាវ​យង់ឃ្នង​នៅ​ឥណ្ឌូណេស៊ី។

ទន្ទឹម​នេះ សហរដ្ឋ​អាមេរិក​បាន​ទាំង​លើក​ឡើង​ម្តង​ជា​ពីរ​ដង ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ប្រឆាំង​ភេរវកម្ម​ប្រចាំ​តំបន់​មួយ​នៅ​លើ​ទឹក​ដី​ឥណ្ឌូណេស៊ី​ទៀត​ផង​។ តែ​ឥណ្ឌូណេស៊ី​មិនដែល​ព្រមទេ ​ពីព្រោះ​បារម្ភ​ខ្លាច​ថាបើ​ធ្វើ​ដូច​នេះ​ប្រទេស​ខ្លួន​អាចនឹង​ក្លាយ​ជា​សមរ​ភូមិ​នៃ​សង្គ្រាម​សាសនា​Djihad៕