នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងអំពីភូមិសាស្ត្រនយោបាយនៃអាស៊ីអាគ្នេយ៍។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់បានលើកឡើងអំពីអ៊ីស្លាមជ្រុលនិយមនៅប្រទេសហ្វីលីពីន។ នៅសប្តាហ៍នេះ ហ្សង់-ហ្វ្រង់ស័រសូមងាកទៅសិក្សាលើអ៊ីស្លាមជ្រុលនិយមនិងភេរវកម្មនៅឥណ្ឌូណេស៊ីវិញម្តង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូណេស៊ីជាផ្ទាំងស៊ីបនៃការវាយប្រហារពីសំណាក់ពួកភេរវជន។ តើមកពីមូលហេតុអ្វី? តើពួកភេរវជនចេញមកពីណា?
ឥណ្ឌូណេស៊ីដែលមានប្រជាជនរហូតដល់ទៅ២៤០លាននាក់ ជាប្រទេសអ៊ីស្លាមធំជាងគេបង្អស់នៅក្នុងពិភពលោក។ ក៏ប៉ុន្តែ អ៊ីស្លាមនៅឥណ្ឌូណេស៊ីជាអ៊ីស្លាមស្លូតបូតប្រកបដោយត្រាប្រណី ពីព្រោះជាអ៊ីស្លាមមួយដែលមានប្រភពចេញមកពីប្រទេសឥណ្ឌាពីសតវត្សរ៍ទី១៣ដល់សតវត្សរ៍ទី១៤ តាមរយៈពួកឈ្មួញ មិនមែនតាមរយៈសង្គ្រាមសាសនាDjihadទេ។ ម្ល៉ោះហើយ គេមិនអាចប្រដូចជនជាតិឥណ្ឌូណេស៊ីអ៊ីស្លាមទៅនឹងប្រជាជនអ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងពិភពអារ៉ាប់បានទេ។ ឧទាហរណ៍ជាក់ស្តែងនារីឥណ្ឌូណេស៊ីមិនសូវពាក់ទេស្បៃគ្រប់មុខ។
យ៉ាងណាមិញ អ៊ីស្លាមដាច់ខាតនិយមឬអ៊ីស្លាមជ្រុលនិយមឥណ្ឌូណេស៊ីបានផ្តើមកកើតឡើងនៅចុងទសវត្សរ៍ទី៩០ ជាពិសេសនៅលើកោះMoluques ជាទីដែលពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២ សហគមន៍អ៊ីស្លាមនិងសហគមន៍អ្នកកាន់គ្រិស្តសាសនាបានកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ ពីពេលនោះមក ស្រមោលនៃភេរវកម្មអ៊ីស្លាមជ្រុលនិយមបានចាប់ផ្តើមលេចត្រដែតឡើងនៅលើទឹកដីឥណ្ឌូណេស៊ី។
មហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១នៅសហរដ្ឋអាមេរិកគឺជាព្រឹត្តិការណ៍មួយសំខាន់ដែលបានធ្វើឲ្យចលនាអ៊ីស្លាមជ្រុលនិយមនៅឥណ្ឌូណេស៊ីរីកធំនិងមានឥទ្ធិពលខ្លាំងក្លា
ឡើង។ ពីព្រោះចំពោះពួកសកម្មជនអ៊ីស្លាមជ្រុលនិយមនៅឥណ្ឌូណេស៊ីទាំងនេះ មហាភេរវកម្មនៅអាមេរិកថ្ងៃទី១១កញ្ញាឆ្នាំ២០០១គឺជាការផ្តើមឡើងនៃសង្គ្រាមរវាងអរិយធម៌នៃអ៊ីស្លាមនិងអរិយធម៌នៃគ្រិស្តសាសនា។
អ៊ីចឹងហើយបានជាប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយព្រឹត្តិការណ៍ថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ចរន្តអ៊ីស្លាមរឹងរូសជាងគេនៅឥណ្ឌូណេស៊ីបានអំពាវនាវឲ្យអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់នៅក្នុងពិភពលោកពួតដៃគ្នាក្នុងនាមព្រះអាឡា (Allah) ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក។
គឺនៅក្នុងបរិបទនេះហើយដែលជាងមួយឆ្នាំក្រោយមក ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាផ្ទាំងស៊ីបនៃពួកភេរវជន។ ឧទាហរណ៍ជាក់ស្តែងគឺភេរវកម្មនៅបាលី(Bali)ថ្ងៃទី១២តុលាឆ្នាំ២០០២ ភេរវកម្មដែលបានបណ្តាលឲ្យមានស្លាប់២០២នាក់ ភាគច្រើនជាអ្នកទេសចរបស្ចិមលោក។
ឧទាហរណ៍ជាក់ស្តែងផ្សេងៗទៀត គឺរួមមានភេរវកម្មទៅលើសណ្ឋាគារMarriot ក្នុងរដ្ឋធានីយ៉ាការតា (Jakarta) ឆ្នាំ២០០៣ ភេរវកម្មទៅលើស្ថានទូតអូស្ត្រាលីនៅយ៉ាការតាឆ្នាំ២០០៤ និងភេរវកម្មជាថ្មីទៅលើសណ្ឋាគារMarriott និងទៅលើសណ្ឋាគារRitz-Carlton នៅយ៉ាការតាឆ្នាំ២០០៩។
តើពួកភេរវជនអ៊ីស្លាមជ្រុលនិយមនៅឥណ្ឌូណេស៊ីចេញមកពីណា?
នៅខែតុលាឆ្នាំ២០០៨ ភេរវជនមួយក្រុមដែលជាអ្នកបានបង្កភេរវកម្មនៅបាលីត្រូវបាន តុលាការកាត់ទោសប្រហារជីវិត។ ពួកវាជាសមាជិកនៃអង្គការJemaah Islamiyah ដែលគេចាត់ទុកថាជាសាខារបស់អង្គការភេរវកម្មអន្តរជាតិអាល់កៃដា(Al Qaïda)នៅអាស៊ីអាគ្នេយ៍។
មេកើយរបស់Jemaah Islamiyah ជាជនជាតិម៉ាឡេស៊ីឬឥណ្ឌូណេស៊ី។ គឺពួកJemaah Islamiyahនេះឯងដែលជាអ្នកបានបង្កភេរវកម្មប្រឆាំងនឹងព្រះវិហាគ្រិស្តសាសនានៅលើកោះMoluques ក្នុងខែធ្នូឆ្នាំ២០០០ ហើយគឺនៅលើកោះMoluquesនេះតែម្តងដែលពួកអ៊ីស្លាមជ្រុលនិយមបានទទួលការបង្ហាត់ហ្វឹកហ្វឺននិងការបង្វក់ស្មារតីឲ្យក្លាយទៅជាភេរវជនមិនចេះខ្លាចស្លាប់។
Jemaah Islamiyah មានមហិច្ឆតាបង្កើតរដ្ឋអ៊ីស្លាមដ៏ធំមួយដែលគ្របយកឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងតំបន់អ៊ីស្លាមនៃប្រទេសហ្វីលីពីននិងនៃប្រទេសថៃ។ ម៉្លោះហើយបានជាគេចាប់ផ្តើមនិយាយថា ភេរវកម្មដែលកើតឡើងឥតឈប់ឈរនៅខាងត្បូងប្រទេសថៃសព្វថ្ងៃអាចជាស្នាដៃរបស់ពួកJemaah Islamiyah។
រហូតមកទល់សព្វថ្ងៃ សហរដ្ឋអាមេរិកបាននិងកំពុងបន្តធ្វើសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ី ដើម្បីកំទេចអង្គការJemaah Islamiyah។ សហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងយ៉ារកាតាបានធ្វើឲ្យអង្គការភេរវកម្មតំបន់មួយនេះបាក់កម្លាំង និងបាត់បង់ឥទ្ធិពលមិនតិចទេ។ ជាក់ស្តែង តាំងពីឆ្នាំ២០០៩មក អស់មានទៀតហើយភេរវកម្មដែលមានលក្ខណៈសាហាវយង់ឃ្នងនៅឥណ្ឌូណេស៊ី។
ទន្ទឹមនេះ សហរដ្ឋអាមេរិកបានទាំងលើកឡើងម្តងជាពីរដង ពីការបង្កើតមជ្ឈមណ្ឌលប្រឆាំងភេរវកម្មប្រចាំតំបន់មួយនៅលើទឹកដីឥណ្ឌូណេស៊ីទៀតផង។ តែឥណ្ឌូណេស៊ីមិនដែលព្រមទេ ពីព្រោះបារម្ភខ្លាចថាបើធ្វើដូចនេះប្រទេសខ្លួនអាចនឹងក្លាយជាសមរភូមិនៃសង្គ្រាមសាសនាDjihad៕ Labels: ព័ត៌មានអន្តរជាតិ