
អ្នកច្បាប់អន្តរជាតិម្នាក់ គឺលោក ហ្សង់ ម៉ាក់ សូរ៉ែល (Jean-Marc Sorel) បានចូលរួមពិធីប្រគល់មេដាយនៅក្រសួងការបរទេសកម្ពុជា នៅពេលដែលអ្នកច្បាប់ ៣នាក់ទៀតជាប់រវល់មិនបានចូលរួម។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលចូលរួមជាអធិបតីក្នុងពិធីប្រគល់នេះ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ចង់បង្ហាញការដឹងគុណ និងថ្លែងអំណរគុណដល់ក្រុមអ្នកច្បាប់អន្តរជាតិទាំង ៤នាក់ ដែលបានប្រឹងប្រែងជួយការពារក្តីឲ្យកម្ពុជា រហូតកម្ពុជា ទទួលបានជោគជ័យលើក្តីក្ដាំប្រាសាទព្រះវិហារ។
ក្រុមអ្នកច្បាប់អន្តរជាតិដែលត្រូវរដ្ឋាភិបាលកម្ពុជា ប្រគល់គ្រឿងឥស្សរិយយសនោះរួមមាន លោក ហ្សឺបែរ ហ្គីយ៉ូម (Gilbert Gullaume) លោក ហ្សង់ ម៉ាក់ សូរ៉ែល (Jean-Marc Sorel) លោក ហ្វ្រាំងគ្លីន បែរម៉ាន (Franklin Berman) និងលោក រ៉ូដម៉ាន ប៊ុនឌី (Rodman Bundy)។
មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មានតាមរយៈអ្នកបកប្រែភាសា បន្ទាប់ពីពិធីប្រគល់រួច លោក ហ្សង់ ម៉ាក់ សូរ៉ែល បានកត់សម្គាល់ថា បើទោះជាសំណុំរឿងប្រាសាទព្រះវិហារ ជាសំណុំរឿងដែលពិបាកផ្នែកច្បាប់ តែទីបំផុត តុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្តីសម្រេចផ្តល់លទ្ធផលជាវិជ្ជមានដល់កម្ពុជា។ លោក សូរ៉ែល សង្ឃឹមថា សេចក្តីសម្រេចនេះនឹងធ្វើឲ្យប្រទេសកម្ពុជា និងប្រទេសថៃ មានសន្តិភាពនឹងគ្នា និងអាចអនុញ្ញាតឲ្យកម្ពុជា ទទួលបាននូវអធិបតេយ្យភាពរបស់ខ្លួន ដែលមានតាំងពីសាលក្រមឆ្នាំ១៩៦២ មក។
ទោះជាយ៉ាងណាក៏ដោយ តាំងពីតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ បានចេញសាលក្រមកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្រេចជាឯកច្ឆន្ទថា ប្រទេសកម្ពុជា មានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ ក្តី ភាគីកម្ពុជា និងភាគីថៃ មិនទាន់បានចរចាគ្នាជាដុំកំភួន ដើម្បីអនុវត្តសេចក្តីសម្រេចរបស់តុលាការនៅឡើយ។ តុលាការក៏បានសម្រេចឲ្យប្រទេសថៃ ដកកងកម្លាំងប្រដាប់អាវុធ មានទាហាន ប៉ូលិស និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទព្រះវិហារ។
លោក ហោ ណាំហុង បានអះអាងថា កម្ពុជា មិនទាន់អាចចាប់ផ្ដើមចរចាជាមួយប្រទេសថៃ បានទេនៅពេលនេះ ដោយសារប្រទេសថៃ កំពុងមានវិបត្តិនយោបាយផ្ទៃក្នុង។ លោកថា កម្ពុជា នឹងរង់ចាំតាមដានសភាពការណ៍នយោបាយនៅប្រទេសថៃ ជាបន្តទៀត៖ «បញ្ហាយើងអត់ត្រូវធ្វើអីទេ គឺត្រូវតែថៃ ដកកងទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលតុលាការបានកំណត់យ៉ាងច្បាស់លាស់ ប៉ុន្តែអស់លោកយល់ហើយ សភាពការណ៍នៅថៃ សព្វថ្ងៃយ៉ាងម៉េច ដូច្នេះយើងអាចនឹងរង់ចាំបន្តិច សភាពការណ៍ថៃ មានភាពប្រក្រតីវិញ ដើម្បីយើងចរចាឲ្យថៃ ដក»។
រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលត្រូវគេមើលឃើញថា មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ត្រូវបានពួកអាវលឿងអ្នកគាំទ្រគណបក្សប្រឆាំង ធ្វើការតវ៉ាទាមទារឲ្យអ្នកស្រីចុះចេញពីតំណែង។ ក្រោយមក អ្នកស្រី យីងឡាក់ បានប្រកាសយល់ព្រមចុះចេញពីតំណែង ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ ដែលគ្រោងនឹងរៀបចំឡើងនៅដើមខែកុម្ភៈ ឆ្នាំ២០១៤។ យ៉ាងណា អ្នកស្រី យីងឡាក់ នៅតែដើរតួនាទីជានាយករដ្ឋមន្ត្រីក្នុងពេលអន្តរកាល រហូតដល់មានរដ្ឋាភិបាលថ្មីមួយចូលកាន់តំណែងជាផ្លូវការ បន្ទាប់ពីការបោះឆ្នោត៕
