មន្ត្រីសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះវិហារ បានឱ្យដឹងថា គេទើបតែបានទទួលលិខិតអនាមិក១ច្បាប់ ដែលស្នើសុំឱ្យអង្គការក្រៅរដ្ឋាភិបាលស៊ើបអង្កេតទៅលើមន្ត្រីមន្ទីរកសិកម្ម និងពេទ្យសត្វមួយចំនួន ពាក់ព័ន្ធនឹងការគាបសង្កត់អាជីវករឱ្យបង់លុយជាច្រើនម៉ឺនរៀល ដោយមិនសមរម្យតាមផ្លូវច្បាប់។
លិខិតដែលរិះគន់មន្ត្រីមន្ទីរកសិកម្ម និងពេទ្យសត្វនោះ គឺជនមិនស្គាល់មុខបានយកទៅដាក់នៅក្នុងប្រអប់សំបុត្ររបស់អង្គការ ដែលសម្រាប់ទទួលបណ្ដឹងសាធារណៈ។
លោក ឡោ ចាន់ ជាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះវិហារ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២១ ខែធ្នូ ថា មានលិខិតមិនចំហ១ច្បាប់ ត្រូវជនមិនស្គាល់មុខយកទៅបោះចូលក្នុងប្រអប់សំបុត្រអង្គការរបស់លោក កាលពីម្សិលមិញ។ លោក ឡោ ចាន់ បានបញ្ជាក់ថា នៅក្នុងលិខិតនោះ គឺបានរិះគន់មន្ត្រីមន្ទីរកសិកម្ម និងពេទ្យសត្វមួយចំនួន ថាកំពុងគាបសង្កត់អាជីវករដែលដឹកជញ្ជូនសត្វគោក្របី និងជ្រូក ដោយតម្រូវឱ្យបង់លុយជាច្រើនម៉ឺនរៀល។
លោក ឡោ ចាន់៖ «បើតាមខ្ញុំយល់ឃើញថាអាហ្នឹងដោយសារថា ខាងអាដហុក មានប្រអប់សំបុត្រដើម្បីទទួលលិខិតផ្សេងៗពីប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ។ ការដាក់នេះ ប្រហែលជាគាត់មានការភ័យខ្លាចផង បានជាគាត់មិនហ៊ានបញ្ចេញឈ្មោះ ក៏ដូចជាលេខទូរស័ព្ទផ្សេងៗ ហើយគាត់ចង់ឱ្យអាដហុក ធ្វើការស៊ើបអង្កេតករណីមន្ទីរកសិកម្ម ក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនដែលមានឈ្មោះនៅក្នុងលិខិតហ្នឹង»។
ខ្លឹមសារនៅក្នុងលិខិតអនាមិកនោះ បានអះអាងថា នៅពេលដែលដឹកជញ្ជូនសត្វគោក្របី ឬជ្រូក ចូលទៅកន្លែងសត្តឃាតម្ដងៗ គឺគេត្រូវបង់លុយចំនួន ២០ម៉ឺនរៀល ទៅឱ្យប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បង់ប្រាក់ចំនួន ២៥ម៉ឺនរៀល ទៅឱ្យ លោក វ៉េង ហុងលីម ព្រមទាំងបង់ចំនួន ៤ម៉ឺនរៀលទៀតថ្លៃត្រួតពិនិត្យសត្វឡើងឡាន ថ្លៃទឹកប៊ិចមន្ត្រីសរសេរច្បាប់អនុញ្ញាតចំនួន ៤ម៉ឺនរៀល ថ្លៃទឹកប៊ិចមន្ត្រីសរសេរប័ណ្ណទទួលចំណូលចំនួន ១ម៉ឺនរៀល និងថ្លៃទឹកត្រា ២ម៉ឺនរៀលជាដើម។
ទោះយ៉ាងណា មន្ត្រីមន្ទីរកសិកម្មខេត្តព្រះវិហារ បានបដិសេធការអះអាងតាមរយៈលិខិតអនាមិកនោះថា គឺជាការលើកឡើងមិនពិត។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានមានប្រសាសន៍ថា លោកមិនបានដឹងថាមានលិខិតអនាមិកនិយាយរិះគន់មន្ទីររបស់លោកដូច្នេះទេ។ លោក ពឹង ទ្រីដា បានបញ្ជាក់ថា មន្ត្រីរបស់លោកមិនដែលមានបញ្ហារឿងគាបសង្កត់ទៅលើការនាំសត្វមកធ្វើម្ហូប ដើម្បីផ្គត់ផ្គង់ទីផ្សារនៅខេត្តនេះទេ។ លោក ពឹង ទ្រីដា បានសន្យាថា នឹងធ្វើការស្រាវជ្រាវខ្លាចក្រែងមានមន្ត្រីណាមួយប្រព្រឹត្តមិនល្អដូចគេថានោះមែន៖ «មិនអ៊ីចឹងទេ ការនាំសត្វនាំអីចូលមក អត់រឹតត្បិតអីទេ ឃើញគេដំណើរការល្អទេតើ! ចាំមើលខ្ញុំហៅប្រធានការិយាល័យមកសួរនាំ ប្រជុំមើល៍ក្រែងមានមែន គឺយើងណែនាំអប់រំ»។
លិខិតអនាមិកបានបញ្ជាក់ទៀតថា មិនត្រឹមតែមន្ត្រីមន្ទីរកសិកម្ម និងពេទ្យសត្វប៉ុណ្ណោះទេដែលគាបសង្កត់អាជីវករឱ្យបង់លុយច្រើនម៉ឺនរៀល នៅពេលដឹកជញ្ជូនសត្វម្ដងៗ សូម្បីតែគេយកសត្វជ្រូក ១ក្បាលទៅសម្លាប់នៅកន្លែងសត្តឃាត ក៏ត្រូវបង់លុយឱ្យម្ចាស់កុងស៊ីចំនួន ៨ពាន់រៀល បង់ឱ្យប៉ូលិសចំនួន ១.០០០រៀល បង់ឱ្យមេឃុំចំនួន ៣.០០០រៀល ព្រមទាំងបង់ពន្ធអាករប្រចាំថ្ងៃទៅឱ្យពេទ្យសត្វចំនួន ១.៥០០រៀលទៀត។
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ ចង់ឱ្យម្ចាស់លិខិតអនាមិកនោះចេញមុខ និងដាក់ពាក្យបណ្ដឹងជាផ្លូវការត្រឹមត្រូវ ដើម្បីឱ្យអង្គការសិទ្ធិមនុស្សអាចយកធ្វើជាភស្តុតាងផ្លូវច្បាប់ ក្នុងការចាប់ផ្ដើមស៊ើបអង្កេត ហើយអាចនឹងដាក់បន្តទៅអង្គភាពប្រឆាំងអំពើពុករលួយទៀតផង ប្រសិនបើករណីនោះរកឃើញថាពាក់ព័ន្ធនឹងអំពើពុករលួយ៕
RFA
