
លាយលក្ខណ៍អក្សរណាមួយថ្កោលទោសចំពោះក្រុមចោរឥតសាសនាដែលលួចគាស់ទ្វារប្លន់យកព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ និងវត្ថុដ៏មានតម្លៃជាច្រើនទៀត នៅក្នុងសក្យមុនីចេតិយ។ ហេតុនេះហើយទើបនៅពេលធ្វើបាតុកម្មតវ៉ាយ៉ាងផុសផុលកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ គេឃើញតំណាងថ្នាក់ដឹកនាំសង្ឃមួយអង្គចេញមុខអះអាងថា នឹងចេញសេចក្តីថ្លែងការណ៍ទៅរដ្ឋាភិបាលឲ្យចាត់វិធានការស្វែងរកក្រុមចោរឥតសាសនា មកផ្តន្ទាទោសតាមផ្លូវច្បាប់។
មានការប៉ះទង្គិចពាក្យសំដី ទៅវិញទៅមកនៅមុខក្រសួងធម្មការ និងកិច្ចការសាសនា អំឡុងពេលព្រះសង្ឃ និងពុទ្ធបរិស័ទដង្ហែក្បួនទៅទាមទារឲ្យមេដឹកនាំព្រះសង្ឃ បង្ហាញពីការទទួលខុសត្រូវចំពោះការបាត់បង់ព្រះបរមសារីរិកធាតុ ជាវត្ថុដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងជាវត្ថុជាទីសក្ការៈខ្ពស់បំផុត របស់ព្រះពុទ្ធបរិស័ទ និងប្រជារាស្ត្រខ្មែរ។ ព្រះសង្ឃដែលទៅចូលរួមធ្វើបាតុកម្មបានលើកឡើងថា មានអំពើពុករលួយទើបបង្កើតឲ្យមានចោរលួចព្រះបរមសារីរិកធាតុ ហើយថ្នាក់ដឹកនាំព្រះសង្ឃត្រូវបង្ហាញពីការទទួលខុសត្រូវដូចដែលព្រះសង្ឃមួយចំនួនបានលើកឡើងថាក្រុមចោរបានលួចព្រះបរមសារីរិកធាតុ តាំងពីរាត្រីថ្ងៃទី១០ ខែធ្នូ មកម្លេ៉ះមកដល់ថ្ងៃទី១៧ ខែធ្នូ រយៈពេល១សប្តាហ៍គត់ តែមិនឃើញមានសេចក្តីថ្លែងការណ៍ណាមួយ ពីថ្នាក់ដឹកនាំព្រះសង្ឃ ហាក់ដូចជាមិនបានឈឺឆ្អាលចំ ពោះការបាត់បង់ព្រះបរមសារីរិកធាតុ ដ៏មានតម្លៃនោះឡើយ។
ព្រះសង្ឃក៏បានទាមទារឲ្យមានការស្វែងរករបស់ពិត យកទៅតម្កល់ទុកនៅសក្យមុនីចេតិយវិញ ព្រោះព្រះបរមសារីរិកធាតុ គឺជាដង្វាយដ៏វិសេសវិសាលបំផុត ដែលថ្នាក់ដឹកនាំប្រទេសសិរីលង្កាថ្វាយសម្តេចព្រះនរោត្តម សីហនុ អំឡុងពេល៦០ឆ្នាំមុន ចំពេលប្រារព្ធខួប២៥០០ព្រះវស្សានៃកំណើតរបស់ព្រះពុទ្ធបរមគ្រូនៃយើង។ ព្រះបរមសារីរិកធាតុ ជាវត្ថុដ៏មានតម្លៃបំផុត សម្រាប់ប្រជារាស្ត្រខ្មែរ និងជានិមិត្តរូបនៃភាពត្រជាក់ត្រជុំសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរទាំងមូល ហើយការបាត់បង់ព្រះបរមសារីរិកធាតុ ពីសក្យមុនីចេតិយ អាចជាប្រផ្នូលមិនល្អ សម្រាប់ប្រទេសកម្ពុជា ដែលទាមទារឲ្យមានការវែកមុខក្រុមចោរពិតប្រាកដ ដែលគេជឿថាជាចោរជើងខ្លាំង ឬចោរដ៏មានអំណាចទៅផ្តន្ទាទោសតាមច្បាប់ និងត្រូវនាំយកព្រះបរមសារីរិកធាតុ ពិតប្រាកដ យកទៅតម្កល់ទុកនៅកន្លែងដើមវិញ មិនមែនជារបស់ក្លែងបន្លំនោះទេ។
ថ្នាក់ដឹកនាំព្រះសង្ឃដែលកំពុងប្រជុំនៅសាលចតុមុខ បានថ្លែងទៅកាន់ព្រះសង្ឃដែលបានចូលរួមកិច្ចប្រជុំ អំឡុងពេលព្រះសង្ឃនៅខាងក្រៅធ្វើបាតុកម្ម ដោយបញ្ជាក់ថា ព្រះសង្ឃដែលនាំគ្នាធ្វើបាតុកម្មទាំងនោះ គឺជាមនុស្សឆ្កួត និងជាសត្រូវ ដែលមិនយល់ហេតុផលចំពោះការមិនចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ជុំវិញការបាត់បង់ព្រះបរមសារីរិកធាតុ ដែលក្រុមចោរឥតសាសនាបានលួចយកទៅបាត់។ សារព័ត៌មានក្នុងស្រុកមួយបានស្រង់ដីការបស់សង្ឃ ទេព វង្ស ថា ”អ្នកការពារមិនការពារ បែរជាស្នើឲ្យអញទៅការពារ ឬទៅស្វែងរកទៀត តើឲ្យអញទៅយកមកពីណាទៀត…? ពួកឯងកុំមកចង់ទាមទារ ពួកឯងកុំចង់មកបិណ្ឌបាត្រ បាយក៏អត់មានដែរ មានតែអាចម៍ឆ្កែ”។ សង្ឃ ទេព វង្ស ក៏បានលើកឡើងពីរឿងរា៉វផ្សេងៗរាលដាលដល់គណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនបានបង្ហាញពីការទទួលខុសត្រូវចំពោះការបាត់បង់ព្រះបរមសារីរិកធាតុ ដែលជាវត្ថុដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនានោះទេ ហើយសង្ឃ ទេព វង្ស ក៏បានចាត់តាំងរដ្ឋលេខាធិការក្រសួងធម្មការ និងព្រះមេគណរាជធានីភ្នំពេញ ឲ្យមកជួបចរចាទាំងកណ្តាលភ្លៀង ជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទដែលកំពុងធ្វើបាតុកម្មទាមទារ ឲ្យចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការបាត់បង់ព្រះបរមសារីរិកធាតុ។
ពេលនោះក៏មានការប៉ះទង្គិចពាក្យសំដីរវាងតំណាងសង្ឃទេព វង្ស ជាមួយក្រុមអ្នកតវ៉ា ដោយមានការរិះគន់ទៅវិញទៅមក ប៉ុន្តែទីបំផុតមេគណរាជធានីភ្នំពេញ បានយល់ព្រមសន្យាថានឹងចេញសេចក្តីថ្លែងការណ៍អំពីការបាត់បង់ព្រះបរមសារីរិកធាតុ។ ក្រុមអ្នកតវ៉ាបានលើកឡើងថា ពេលមុនៗដូចជា ការបោះឆ្នោតឬការធ្វើបាតុកម្មថ្នាក់ដឹកនាំសង្ឃបានចេញសេចក្តីថ្លែងការណ៍ព្រមានដាក់ទោសពៃរ៍ដល់ព្រះសង្ឃទាំងឡាយណា ដែលចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ឬបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដោយក្នុង១ខែ ចេញសេចក្តីថ្លែងការណ៍ ២ទៅ៣ដងឯណោះ។ ប៉ុន្តែករណីក្រុមចោរឥតសាសនា ចូលលួចព្រះបរមសារីរិកធាតុនិង ព្រះពុទ្ធបដិមាដ៏មានតម្លៃដែលតម្កល់ទុកនៅក្នុងសក្យមុនីចេតិយ បែរជាមិនឃើញមានចេញសេចក្តីថ្លែងការណ៍អីសោះ បែរជាស្ងប់ស្ងាត់ដូចអត់មានរឿងអីកើតឡើង ដែលយ៉ាងហោចណាស់ក្នុងនាមថ្នាក់ដឹកនាំសង្ឃ ឬជាមេកើយក្នុងស្ថាប័នសាសនាដ៏សំខាន់ គួរតែធ្វើការថ្កោលទោសចំពោះក្រុមចោរឥតសាសនា ដែលលួចព្រះបរមសារីរិកធាតុ។
ពុទ្ធសាសនិកជននិងប្រជារាស្ត្រខ្មែរទូទៅបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ព្រះបរមសារីរិកធាតុ ដែលទាមទារឲ្យថ្នាក់ដឹកនាំធំៗទទួលខុសត្រូវចំពោះបញ្ហានេះ មិនគួរនាំតែមន្ត្រីថ្នាក់ក្រោមតូចតាចទៅផ្តន្ទាទោសនោះទេ ជាពិសេសឆ្មាំយាមសក្យមុនីចេតិយ ដែលមានប្រាក់ខែជាង១០ម៉ឺនរៀល ហើយក្នុង១ឆ្នាំបើកបានតែ៦ខែ តើពួកគាត់មានកម្លាំង និងស្មារតីទទួលខុសត្រូវក្នុងកម្រិតណា បើក្នុងកាលៈទេសៈដែលគ្រប់ៗគ្នាគិតឃើញថា ប្រាក់ខែជាង១០ម៉ឺនរៀលនេះ គ្រាន់តែចាក់សាំងទៅយាមសឹងមិនគ្រប់ផង។ កង្វះការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីក្រសួងធម្មការ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនបានការពារព្រះសក្យមុនីចេតិយ ឲ្យបានល្អប្រសើរនាំឲ្យចោរឥតសាសនា ចូលលួចវត្ថុមានតម្លៃ និងព្រះបរមសារីរិកធាតុ យកទៅបាត់ នាំឲ្យប្រជារាស្ត្រខ្មែរទូទាំងប្រទេសបាត់បង់ជំនឿទុកចិត្តដូចដែលមជ្ឈដ្ឋានខ្លះបានលើកឡើងថាកម្លាំងការពារសក្យមុនីចេតិយ មិនស្មើនឹងកម្លាំងអង្គរក្សរបស់ឧកញ៉ា ឬរដ្ឋមន្ត្រីផងទេ។
យ៉ាងណាក៏ដោយ ព្រះបរមសារីរិកធាតុ ដែលត្រូវចោរលួចយកទៅបាត់នោះ ប្រសិនបើអាជ្ញាធររដ្ឋាភិបាលរកមិនឃើញ ឬមិនអាចមានសមត្ថភាពស្វែងរកមុខក្រុមចោរពិតប្រាកដទៅផ្តន្ទាទោសទេនោះ គួរតែបង្គាប់ឲ្យមន្ត្រីធំៗមួយចំនួនលាលែងពីមុខតំណែងដើម្បីបង្ហាញអីពីការទទួលខុសត្រូវ។ ប្រជាពលរដ្ឋក៏បានរិះគន់ផងដែរថា សំណុំរឿងខ្លះដែលពាក់ព័ន្ធទៅនឹងករណីធំៗ ដូចជាឃាតកម្មទៅលើតារាចម្រៀងឃាតកម្មទៅលើសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារព្រៃឈើរួមទាំងសំណុំរឿងបោកគ្រាប់បែកនៅមុខរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ អាជ្ញាធរអ្នកកាន់អំណាចគ្មានសមត្ថភាពរកមុខឃាតកបានទេ។ ប៉ុន្តែករណីដែលទាក់ទងនឹងសកម្មជនគណបក្សប្រឆាំងវិញ គឺអាជ្ញាធររដ្ឋាភិបាលតាមចាប់មនុស្សស្លូតត្រង់ទៅផ្តន្ទាទោសទាំងបំពាន យ៉ាងយុត្តិធម៌ ហើយគេជឿជាក់ថាប្រសិនបើអាជ្ញាធររដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកក្រុមជនល្មើសដើម្បីនាំទៅផ្តន្ទាទោសគឺអាចធ្វើទៅបាន៕
ប្រភព៖មនសិការខ្មែរ
