ក្បួនធម្មយាត្រាទាំង៥ទិស បានចេញដំណើរពីខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពត ធ្វើដំណើរតាមដងផ្លូវជាតិសំខាន់ៗចូលមករាជធានីភ្នំពេញ ហើយនៅតាមដងផ្លូវព្រះសង្ឃ និងប្រជាពលរដ្ឋដែលចូលរួមក្នុងក្បួនធម្មយាត្រា និងសិទ្ធិយាត្រា ដើម្បីសន្តិភាពទទួលបាននូវការអបអរស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ហើយមានសប្បុរសជនជាច្រើន បានឧបត្ថម្ភជាសម្ភារៈ ជាម្ហូបអាហារ និងលើកទឹកចិត្តដល់ក្រុមអ្នកធ្វើធម្មយាត្រា យ៉ាងកក់ក្តៅបំផុត។ អ្វីដែលក្បួនធម្មយាត្រានិងសិទ្ធិយាត្រាបានធ្វើគឺជាការបម្រើឲ្យផលប្រយោជន៍សាធារណៈ ដើម្បីទាមទារឲ្យក្រុមអ្នកកាន់អំណាច បញ្ឈប់ការរំលោភសិទ្ធិមនុស្ស ការប្រើអំពើហិង្សា និងការកាប់សម្លាប់ប្រជារាស្ត្រស្លូតត្រង់។
នៅតាមដងផ្លូវដែលក្បួនធម្មយាត្រា និងសិទ្ធិយាត្រា ឈប់សម្រាកនៅពេលយប់ ក៏មានពិធីសម្តែងធម៌ទេសនា ការលេងល្បែងល្បងប្រាជ្ញា ការអប់រំ ផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងគោលការណ៍ច្បាប់ផ្សេងៗជម្រាបជូនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីសិទ្ធិអំណាច និងកាតព្វកិច្ចរបស់ខ្លួនដែលត្រូវធ្វើដើម្បីប្រទេសជាតិ ហើយរឿងដែលសំខាន់នោះបងប្អូនប្រជាពលរដ្ឋទាំងអស់បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការទាមទារឲ្យគណបក្សឈ្នះឆ្នោតទាំង២ គោរពតាមឆន្ទៈរបស់ប្រជារាស្ត្រ ដើម្បីកសាងសង្គមខ្មែរឲ្យមានសន្តិភាព និងការគោរពសិទ្ធិមនុស្សពិតប្រាកដ។ បើទោះបីជាក្បួនធម្មយាត្រា និងសិទ្ធិយាត្រា បានធ្វើដំណើរជាង១០០គីឡូម៉ែត្រ កាន់តែកៀកដល់ភ្នំពេញ ក៏មានការរំខានចំពោះធម្មយាត្រា និងសិទ្ធិយាត្រាផងដែរ ដូចជានៅតាមវត្តមួយចំនួនព្រះសង្ឃ រងនូវការគាបសង្កត់បំភិតបំភ័យពីអាជ្ញាធរបានបិទរបងវត្តមិនឲ្យអ្នកចូលរួមធ្វើធម្មយាត្រានិងសិទ្ធិយាត្រាចូលសម្រាកទេ ហើយនៅក្នុងខេត្តកំពង់ធំឯណោះវិញ អាជ្ញាធរបានរំខានដល់ក្បួនធម្មយាត្រា ទាំងទទឹងទិសតែម្តង។
លោក វ៉ន ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបាន ដឹកនាំក្បួនធម្មយាត្រា និងសិទ្ធិយាត្រាមកពីខេត្តកំពង់ធំបានឲ្យដឹងថាក្បួនរបស់គាត់កាលពីម៉ោង៥ល្ងាចថ្ងៃទី០៣ ខែធ្នូទទួលរងនូវការរារាំងពីសំណាក់អាជ្ញាធរមួយចំនួននៅចំណុចមុខវត្តបារាយណ៍ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយក៏មានការប៉ះទង្គិចគ្នាជាមួយក្រុមប្រឹក្សាស្រុកបារាយណ៍ មកពីគណបក្សកាន់អំណាចផងដែរ។ បើតាមសេចក្តីបញ្ជាក់របស់លោក វ៉ន ពៅ បានឲ្យដឹងថា សមត្ថកិច្ចចំនួន២នាក់បានមករារាំងក្រុមអ្នកដង្ហែក្បួនមិនឲ្យចូលស្នាក់នៅក្នុងវត្តបារាយណ៍នោះទេ ហើយក៏មានការបិទច្រកចេញចូលវត្តផងដែរ ប៉ុន្តែក្រុមអ្នកដើរក្បួនយាត្រា នៅតែជំនះចូលទៅក្នុងវត្តដែលជាកន្លែងស្នាក់អាស្រ័យរបស់ពុទ្ធបរិស័ទទូទៅ មិនគួរណាអាជ្ញាធរនិងសមត្ថកិច្ចមកពីគណបក្សកាន់អំណាចបង្ករឿងហេតុយ៉ាងអយុត្តិធម៌ យ៉ាងដូច្នេះទេ។
ប្រជាពលរដ្ឋបានរិះគន់ចំពោះសកម្មភាពរបស់អាជ្ញាធរមកពីគណបក្សកាន់អំណាចដែលបំពារបំពានលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ព្រោះសូម្បីតែការដើរហែក្បួនធម្មយាត្រា និងសិទ្ធិយាត្រា ក៏រងនូវការរារាំងបំភិតបំភ័យសព្វគ្រប់បែបយ៉ាង ដូចជាវត្តអារាមមួយចំនួន ត្រូវបានចាក់សោទ្វារមិនឲ្យអ្នកចូលរួមសិទ្ធិយាត្រា បានឡើងទៅស្នាក់នៅក្នុងព្រះវិហារ សាលាឆាន់ សាលាបុណ្យ ឬនៅតាមកុដិនោះទេ។ បើទោះបីជាប្រឈមនឹងភាពលំបាកលំបិនសព្វគ្រប់បែបយ៉ាងក៏ដោយ ក៏ព្រះសង្ឃនិងប្រជាពលរដ្ឋដែលចូលរួមធ្វើធម្មយាត្រាសិទ្ធិយាត្រា មិនចុះចាញ់នោះទេ នៅតែតាំងស្មារតី ធ្វើការងារដ៏ឧត្តុង្គឧត្តម ដើម្បីសាសនានិងសង្គមជាតិខ្មែរ ដោយសុខចិត្តបោះតង់សម្រាកនៅពេលយប់ ហើយនាំគ្នាបំពេញកិច្ចទៅតាមកម្មវិធីដែល បានគ្រោងទុក។
ព្រះពុទ្ធបរមគ្រូនៃយើងទ្រង់បានសម្តែងថា អំពើល្អអាចយកឈ្នះលើអំពើអាក្រក់ ឬអំពើបាប ដូច្នេះហើយបានជាទៅដល់ទីណាក៏ដោយ ក្បូនធម្មយ្រាតាសិទ្ធិយាត្រា របស់អង្គការសង្គមស៊ីវិល ដែលគ្រោងធ្វើរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ខែធ្នូ ចំនួន៥ទិស គ្មានអ្វីអាច រារាំងបានឡើយ ហើយទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងសប្បុរសជននានា ព្រោះការធ្វើធម្មយាត្រា សិទ្ធិយាត្រានេះ ដើម្បីទាមទារឲ្យមានយុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និងទាមទារឲ្យអ្នកកាន់អំណាចបញ្ឈប់អំពើហិង្សា។ ក្រោមពាក្យស្លោក មានយុត្តិធម៌ មានសន្តិភាព ប្រជាពលរដ្ឋខ្មែរទូទៅបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរួបរួមគ្នាកសាងអំពើល្អដើម្បីសង្គម ជាតិ ដើម្បីអនាគតប្រទេសកម្ពុជា ដើម្បីភាពសម្បូរសប្បាយរុងរឿង ព្រោះឆ្លងកាត់ភាពខ្មៅងងឹតរយៈពេល៣០ឆ្នាំកន្លងមកនេះ សង្គមខ្មែរគ្មានភាពយុត្តិធម៌ ក៏បង្កើតទៅជាអស្ថិរភាពធ្វើឲ្យពលរដ្ឋខ្មែរក្រីក្រទន់ខ្សោយរងទុក្ខវេទនារកទីបំផុតគ្មាន ហើយសិទ្ធិសេរីភាព និងការគោរពសិទ្ធិមនុស្សមិនអាច ធ្លាក់ពីលើមេឃនោះទេ ទាមទារ ឲ្យប្រជារាស្ត្រខ្មែរទូទៅ ធ្វើពលិកម្មនិងការលះបង់គ្រប់បែបយ៉ាងដើម្បីប្តូរយកសន្តិភាពយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃរះរាជាណាចក្រកម្ពុជា៕
