រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​ផ្សារ​ដើម​គ កំពុង​ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ហែក​កកាយ​



ករណី​បុគ្គល កែ​ត ស៊ី​វិ​នី ប្រធាន​ផ្សារ​ដើម​គ ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​​មក​ហើយ​​នោះ​ត្រូវបាន​បុគ្គលិក និង​សន្តិសុខ​ក្រោម​ឱវាទ​នាំគ្នា​លាតត្រដាង​ជា​សាធារណៈ ហើយ​អំពាវនាវ​ឱ្យ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ជាមួយ​គ្នានេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក៏ត្រូវ​ក្រឡេកមើល​អំពើពុករលួយ​រប​ស់បុ​គ្គល កែ​ត ស៊ី​វិ​នី ផងដែរ ព្រោះ​
ជននេះ​បាន​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​របស់​បុគ្គលិក និង​ក្រុម​សន្តិសុខ​ផ្សារ​ដើម​គ​តាម​អំពើ​ចិត្តជា​យូរ​មកហើយ​។ បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ​បាន​ចោទ​មេ​កើយ​របស់ខ្លួន​ថា បាន​កិបកេង​ប្រាក់​រាប់លាន​រៀល​ដែល​បានមកពី​ការប្រមូល​ពី​ក្រុមអាជីវករ​លក់ដូរ​តាមផ្លូវ​លេខ​៣៣៦ ខាងជើង​ផ្សារ​និង​ក្រោម​ដើម​ក្ងោក​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។
​ក្រុម​បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ បាន​បញ្ជាក់ថា​ពួកគេ​ទទួលបាន​ប្រាក់ខែ​ពី​៧​ម៉ឺន​រៀល ទៅ​២៥​ម៉ឺន​រៀល ប៉ុន្តែ​ប្រធាន​ផ្សារ​ធ្វើ​របាយ​ការ​ណ៍​ទៅ​ថ្នាក់លើ​ថា​ពួកគេ​ទទួលបាន​ប្រាក់ខែ​ពី​៣០​ម៉ឺន​រៀល​ដល់​៤៥​ម៉ឺន​រៀល​។ បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ​បាន​ត្អូញត្អែរថា​ប្រធាន​ផ្សារ​ឈ្មោះ​កែ​ត ស៊ី​វិ​នី ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ហើយ​បាន​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​នៅ​សាលា​រាជធានី​ភ្នំពេញ​មក​គំរាមកំហែង​ដើម្បី​កុំឱ្យ​ពួកគេ​ធ្វើ​ការតវ៉ា​។ ទោះជា​យ៉ាងណា​ឥឡូវ​រឿងអាស្រូវ​នេះ​កំពុង​បែកធ្លាយ ព្រោះ​ប្រធាន​ផ្សារ​កេងប្រវ័ញ្ច​លើ​បុគ្គលិក​និង​ក្រុម​សន្តិសុខ​កាន់តែខ្លាំង​ឡើងៗ ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ មិនតែប៉ុណ្ណោះ​បុគ្គល កែ​ត ស៊ី​វិ​នី បាន​ប្រើ​ពាក្យសំដី​អសីលធម៌​មកលើ​បុគ្គលិក​និង​សន្តិសុខ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ខ្លួនឯង​ផ្ទាល់​អង្គុយតែ​ក្នុង​ស្នាក់ការ​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​សព្វបែបយ៉ាង​។​
​សន្តិសុខ​និង​បុគ្គលិក​ផ្សារ​ដើម​គជា​ច្រើន​នាក់​បានឱ្យដឹងថា​ការណែនាំ​របស់​អភិបាលខណ្ឌ​ទួលគោក គឺ​បាន​តម្រូវឱ្យ​ប្រធាន​ផ្សា​របើក​ប្រាក់​ខែ​ដល់​ពួកគេ​ក្នុង​ចំនួន​ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល ប៉ុន្តែ​ជាក់ស្តែង​គឺ​ពួកគេ​ទទួលបាន​ត្រឹមតែ​៧​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ឈ្មោះ​បុគ្គ​លិក​ដែល​ទទួលបាន​ប្រាក់ខែ​ត្រឹមតែ​៧​ម៉ឺន​រៀល​ត្រូវ​ប្រធាន​ផ្សារ​សរសេរ​ក្នុង​របាយការណ៍​ថា ៣០​ម៉ឺន​រៀល​ចំណែក​អនុប្រធាន​ក្រុម​សន្តិសុខ​ដែល​ទទួលបាន​ប្រាក់ខែ​ត្រឹម​១០​ម៉ឺន​រៀល​គេ​សរសេរ​ក្នុង​របាយការណ៍​ថា​៣៥​ម៉ឺន​រៀល​។​ចំណែក​ប្រធាន​សន្តិសុខ​និង​អនុប្រធាន​មួយចំនួន​ដែល​ទទួលបាន​ប្រាក់ខែ​ត្រឹម​១៥​ម៉ឺន​រៀល​គេ​សរសេរ​ក្នុង​របាយការណ៍​ដាក់ថា​៤០​ម៉ឺន​រៀល​ដែល​បញ្ហា​នេះ​គឺជា​របៀប​កេងប្រវ័ញ្ច​យ៉ាង​ច្បាស់​​ក្រឡែត​មិនអាច​បិទបាំង​បានទេ​។​
​ក្រុម​សន្តិសុខ​និង​បុគ្គលិក​ផ្សារ​ដើម​គ​បាន​លាតត្រដាង​ទៀតថា​ក្នុង​មួយខែ​ចំណូល​របស់​ផ្សារ​ដើម​គ ដែល​បានមកពី​ដើរ​ទាត់​កញ្ច្រែង​អាជីវករ គឺមាន​ប្រមាណ​ជិត​៤០​លាន​រៀល ដែល​ប្រធាន​ផ្សារ​កេងប្រវ័ញ្ច​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ជាងនេះទៅទៀត​នៅមាន​ការ​កាត់​ចិញ្ចើម​ផ្លូវ​ឱ្យ​អាជីវករ​ធ្វើជា​កន្លែង​លក់ដូរ​និង​យក​ធ្វើ​តូប​ជាង​២០​ជាប់​នឹង​របង​មហោស្រព​ចេនឡា ហើយ​អាជីវករ​ទាំងនោះ​ត្រូវ​បង់​ក្នុង​មួយឆ្នាំ​៥០០​ដុល្លារ ដោយ​មិន​គិតពី​ភាស៊ី​និង​អនាម័យ​នៅឡើយ​ទេ​។ អាច​និយាយបានថា​ក្នុងតួនាទី​ជា​ប្រធាន​ផ្សារ​ដើម​គ គឺ​លោក កែ​ត ស៊ី​វិ​នី កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ជននេះ​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​មក​ធ្វើជា​ខែល​ដើម្បី​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​។ ទង្វើ​អាក្រក់​របស់​ប្រធាន​ផ្សារ​ដើម​គ កំពុង​ធ្វើឱ្យ​បុគ្គលិក​និង​សន្តិសុខ​ក្រោម​ឱវាទ​ក្តៅក្រហាយ ហើយ​បើក​កកាយ​ជា​សាធារណៈ​នូវ​រឿងអាស្រូវ​ពុករលួយ​ដែល​កើតឡើង​ពេញបន្ទុក​។
​បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ បាន​អំពាវនាវ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ឱ្យជួយ​អន្តរាគមន៍​ទៅ​ប្រធាន​ផ្សារ​ដើម​គ ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​បានទទួល​ប្រាក់ខែ​ដូច​មាននៅ​ក្នុង​សេចក្តីណែនាំ​របស់​សាលាខណ្ឌ​ទួលគោក​។ ជាមួយគ្នានេះ​លោក​អភិបាលខណ្ឌ​ទួលគោក ក៏ដូចជា​លោក​​អភិបាល​រាជធានី​ភ្នំពេញ មិនគួរ​បណ្តោយឱ្យ​បុគ្គល កែ​ត ស៊ី​វិ​នី  ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ប្រធាន​ផ្សារ​បានធ្វើឱ្យ​បុគ្គលិក និង​សន្តិសុខ​ក្រោម​ឱវាទ​ទទួលរង​នូវ​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។ ម្យ៉ាងទៀត​ចំណូល​ដែល​បានមកពី​ការជួល​តូប ឬ​លក់​តូប​មួយចំនួន​ត្រូវបាន​បុគ្គល កែ​ត ស៊ី​វិ​នី កេងប្រវ័ញ្ច​យកទៅ​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ បើ​ប្រៀបធៀប​ជាមួយ​ប្រធាន​ផ្សារ​ដើម​គ កាលពីមុន​គឺ​ខុសគ្នា​ដូច​មេឃ​និង​ដី​ព្រោះ​ប្រធាន​ផ្សារ​មុន​ចេះ​ស្គា​ល់ពី​ទុក្ខលំបាក​របស់​បុគ្គលិក​និង​សន្តិសុខ​ក្រោម​ឱវាទ​ខ្លះៗ​មិន​កេងប្រវ័ញ្ច​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។​
​អំពើពុករលួយ​របស់​បុគ្គល កែ​ត ស៊ី​វិ​នី ប្រធាន​ផ្សារ​ដើម​គ ធ្លាប់​ត្រូវបាន​បុគ្គលិក និង​សន្តិសុខ​តូចតាច​លាតត្រដាង​ជា​យូរ​មកហើយ ប៉ុន្តែ​សាលាខណ្ឌ​ទួលគោក ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​ទេ​។ ឥឡូវនេះ​បុគ្គលិក​និង​សន្តិសុខ​ផ្សារ​ដើម​គ​នាំគ្នា​លាតត្រដាង​អំពើអាក្រក់​របស់​ប្រធាន​ផ្សារ​ជា​សាធារណៈ​ដូច្នេះ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ដែល​បើក​កិច្ចប្រជុំ​កាល​ពី​ចុង​សប្តាហ៍​មុន​ជុំវិញ​ការកែទម្រង់​អភិបាលកិច្ច​សម្រាប់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គួរតែ​ពិនិត្យមើល​រឿងអាស្រូវ​របស់​ប្រធាន​ផ្សារ​ដើម​គ​ផង ដើម្បី​ចៀសវាង​នូវ​អំពើ​កេងប្រវ័ញ្ច​លើ​កូនចៅ​ក្រោម​ឱវាទ​ដោយ​ឥតមាន​អៀនខ្មាស​តទៅទៀត​៕​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors