Pages

Monday, December 2, 2013

ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​សម្រួល​ផល​ប៉ះពាល់​ពី​គម្រោង​កែ​ស្ពាន​ព្រែកក្ដាម

ក្នុង​គម្រោង​សាងសង់​ស្ពាន​ព្រែក​ក្ដាម​របស់​រដ្ឋាភិបាល​ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​សៀងហៃ របស់​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ប្រតិកម្ម និង​ទាមទារ​ឲ្យ​អាជ្ញាធរ​សម្រួល​ដល់​ផល​ប៉ះពាល់​ក្នុង​ការ​រស់នៅ​របស់​ពួកគាត់។
ប្រជាពលរដ្ឋ​ប្រមាណ ៤០​គ្រួសារ រស់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ ដែល​អះអាង​ថា រង​ប៉ះពាល់​ពី​ការ​សាងសង់​ស្ពាន​
បន្ថែម គឺ​សាងសង់​ស្ពាន​ប្ដូរ​ទិសដៅ​ចរាចរណ៍​ព្រែកក្ដាម បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​សម្រួល​ដោះស្រាយ​កន្លែង​លក់ដូរ និង​រំកិល​ការ​សាងសង់​កុំ​ឲ្យ​បាំង​មុខ​ផ្ទះ​របស់​ពួកគាត់។
ពលរដ្ឋ​រស់នៅ​ភូមិ​ទួលងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ លោក ជីវ សុង ថ្លែង​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា កាល​ពី​សង់​ស្ពាន​ព្រែក​ក្ដាម​នេះ ដំបូង​ពួកគាត់​បាន​រង​ផល​ប៉ះពាល់​ម្ដង​រួម​មក​ហើយ​ចំពោះ​ការ​ឈូស​យក​ដី​ចំណី​ផ្លូវ​ដោយ​អាជ្ញាធរ​បាន​ផ្ដល់​សំណង​ចំនួន ៧០០​ដុល្លារ ទៅ ៨០០​ដុល្លារ សម្រាប់​មួយ​ខ្នង​ផ្ទះ។ ប៉ុន្តែ​ដោយ​ពួកគាត់​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ការ​លក់ដូរ​នៅ​តាម​ដង​ផ្លូវ​នេះ សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ឈូស​ដី ដែល​ពួកគាត់​បាន​ចាក់​បំពេញ​ផ្លូវ​ដែរ​ខូចខាត​ទុក​សម្រាប់​កន្លែង​លក់ដូរ​ថ្មី។
ទាក់ទង​បញ្ហា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត លោក នួន សុខុន មាន​ប្រសាសន៍​ថា កាល​សង់​ស្ពាន​ព្រែក​ក្ដាម​ឆ្នាំ​២០០៨​នោះ គ្រួសារ​លោក​បាន​ទទួល​គោល​នយោបាយ ៤​ម៉ឺន​ដុល្លារ​ដោយសារ​តែ​ប៉ះ​ចំ​ផ្ទះ​របស់​លោក​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ។ ប៉ុន្តែ​លើក​នេះ​ទៀត គម្រោង​សាងសង់​ស្ពាន​ប្ដូរ​ទិសដៅ​ចរាចរណ៍​ព្រែក​ក្ដាម​បន្ថែម ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​កំពង់ចាម ពី​កំពង់ចាម​ឆ្ពោះ​ទៅ​ខេត្ត​បាត់ដំបង ត្រូវ​ធ្វើ​ចំ​ពី​មុខ​ផ្ទះ​របស់​លោក​ទៀត។
លោក​ថា បញ្ហា​នេះ​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចុះ​អន្តរាគមន៍​តាម​សំណើ​ដែល​លោក​ចង់​ឲ្យ​ក្រុមហ៊ុន​សាងសង់​នេះ រំកិល​សសរ​ស្ពាន​ដែល​មាន​នៅ​ក្នុង​គម្រោង​ចំ​ពី​មុខ​ផ្ទះ​លោក​ដោយ​លោក​នឹង​មិន​យក​សំណង​អ្វី​ឡើយ ប៉ុន្តែ​ហាក់​គ្មាន​ដំណោះស្រាយ​សោះ។
ឆ្លើយតប​បញ្ហា​នេះ មន្ត្រី​អន្តរ​ក្រសួង និង​ជា​អនុ​គណៈកម្មការ​ខេត្ត​កណ្ដាល លោក ហេង វាសនា បាន​ចោទ​ប្រកាន់​មក​ប្រជាពលរដ្ឋ​វិញ​ថា ពួកគាត់​បាន​សាងសង់​បំពាន​លើ​ដី​របស់​រដ្ឋ​ពុំ​ជាប់​ទាក់ទង​ដី​ឯកជន​ឡើយ។ លោក​ថា ការ​សង់​សសរ​ស្ពាន​នេះ គឺ​មិន​បាន​ធ្វើ​នៅ​លើ​ដី​ឯកជន​របស់​ពលរដ្ឋ​ទេ គឺ​សង់​នៅ​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​រវាង ២៤​ម៉ែត្រ ពី​អក្សរ​ផ្លូវ ដែល​មាន​នៅ​សល់​ដី ៦​ម៉ែត្រ​ទៀត​ពី​មុខ​ផ្ទះ​គាត់។ ដូច្នេះ​សំណើ​សុំ​រំកិល​នេះ មិន​ទទួល​បាន​ផល​ឡើយ ព្រោះ​ខុស​បច្ចេកទេស​នៃ​ការ​សាងសង់។ ប៉ុន្តែ​លោក ហេង វាសនា បាន​សន្យា​ថា នឹង​ដោះស្រាយ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​លក់ដូរ​នៅ​តាម​ដង​ផ្លូវ​ចំពោះ​ការ​ឲ្យ​ឈូស​ដី​រំកិល​ទៅ​ក្រោយ​ឲ្យ​ពួកគាត់​លក់​ដូរ​នៅ​កន្លែង​ថ្មី​បន្ត​នោះ៕