បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ រួចមក រដ្ឋសភា បានសម្រេច នឹងបន្តសម័យប្រជុំ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ចុងសប្តាហ៍ក្រោយ ដើម្បីបោះឆ្នោតទុកចិត្តលើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួល និងបំពេញបន្ថែម។តាមលោកតំណាងរាស្ត្រ ឈាង
វុន ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សមាភាពរដ្ឋាភិបាល ដែលបានកែសម្រួល និងបំពេញបន្ថែមនោះ រួមមាន៖ បន្ថែមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១រូប តែងតាំងរដ្ឋមន្ត្រីថ្មី ២ រូប ព្រមទាំងតែងតាំង និងផ្លាស់ប្តូររដ្ឋលេខាធិការតាមក្រសួងមួយចំនួន។លោកឈាងវុន បានបញ្ជាក់ថា លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សព្វថ្ងៃ ជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ត្រូវវិលមកកាន់ការជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលទើបតែបង្កើតថ្មី ដោយបំបែកចេញពីក្រសួងចាស់របស់លោក។ រីឯលោក ចម ប្រសិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងអាណត្តិទី៥នេះ ត្រូវបន្តជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ក្រៅពីនោះ លោក ឈាង វុន បន្តថា ក៏មានការផ្លាស់ប្តូររដ្ឋលេខាធិការ នៅក្រសួងបីបួនទៀត ដោយសារតែរដ្ឋលេខាធិការទាំងនោះ ត្រូវបានផ្លាស់ប្តូរភារកិច្ចថ្មី។ ក្នុងនោះ ក៏មានការផ្លាស់ ប្តូរឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង លោក អ៊ុច គឹមអន ដោយឡើងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៥នេះ។ ចំណែកលោក នុត ណារាំង ដែលសព្វថ្ងៃ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការ យូណេស្កូ នឹងត្រូវជំនួសតំណែងលោក អ៊ុច គឹមអន ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង៕
