មនុស្ស​កាន់តែ​ច្រើន​សម្រុក​ទៅកាន់​ឆ្នេរសមុទ្រ​ខេត្តកែប​ នៅថ្ងៃ​ទី២​នៃ​ពិធី​បុណ្យ​សមុទ្រ



ដោយ ញឹម សុផល
បុណ្យ​សមុទ្រ​នៅ​ខេត្តកែប​បាន​ឈានចូល​ទៅដល់​ថ្ងៃទី២​ហើយ​ ក្រោម​ប្រធានបទ«ផ្ទៃសមុទ្រ​ពណ៌​ខៀវ​ស្រងាត់ ទីក្រុង​បៃតង»។ ដំណើរការ​រយៈពេល​ជិត២ថ្ងៃ​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ។ សិល្បៈ​កំសាន្ត ទស្សនីយភាព​ប្លែកៗ ពិព័ណ៌​ផលិតផល និង​ការបង្ហាញ​អំពី​ការប្រកួត​កីឡា​ផ្សេងៗ​ត្រូវគេ​ដំណើរការ ប្រកបដោយ​ការទាក់ទាញ។
នៅ​ថ្ងៃ​សៅរ៍​នេះ​គឺជា​ថ្ងៃទី២ហើយ ដែល​ពិធីបុណ្យ​សមុទ្រ​លើក​ទី២ ក្រោម​ប្រធានបទ​«ផ្ទៃសមុទ្រ​ពណ៌​ខៀវស្រងាត់ ទីក្រុង​បៃតង» ត្រូវបាន​គេ​ប្រារព្ធ​ផ្តើមធ្វើ​ ហើយ​នៅ​តំបន់ឆ្នេរ​សមុទ្រ ខេត្ត​កែប​សម្រាប់​រយៈពេល៣ថ្ងៃ គឺ​ពី​ថ្ងៃទី ៦ដល់​ថ្ងៃទី៨ខែធ្នូ​ឆ្នាំ២០១៣​។ មនុស្សម្នា​ជាច្រើន​ពាន់​នាក់ ​បាន​ពពាក់ពពូន​គ្នា​ទាំងថ្ងៃទាំងយប់។ សន្តិសុខ​និង​សណ្តាប់ធ្នាប់​មាន​លក្ខណៈ​ល្អប្រសើរ ខណៈដែល​សមត្ថកិច្ច​ចំរុះ​បានរៀបចំ​សម្រួល​ចរាចរណ៍ កន្លែង​ស្នាក់នៅ និង​កន្លែង​កំសាន្ត​យ៉ាងច្បាស់​លាស់។

ចាប់តាំងពី​ថ្ងៃ​ម្សិលមិញមក សកម្មភាព​វប្បធម៌ និងកីឡា ការតាំង​ពិព័រណ៍​ផលិតផល ម្ហូប​អាហារ និង​ទស្សនីយភាព​សិល្បៈ​កម្សាន្ត​សំខាន់ៗ ជាច្រើន ត្រូវ​បង្កើតឡើង ប្រយោជន៍​ធ្វើការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម ក្នុង​កម្មវិធី​បុណ្យ​ដ៏​អធឹក​អធម​នេះ។

សិល្បៈ​​កំសាន្ត​និង​ទស្សនីយភាព​ប្លែកៗ​ ត្រូវគេ​បង្ហាញ​បន្តបន្ទាប់​គ្នា​ឬ​ដំណាលគ្នា ចាប់តាំង​ពីព្រឹក​រហូត​ទល់​យប់ ដែលមាន​ការអុជ​កាំជ្រួច​នៅលើ​ឆ្នេរសមុទ្រ ​និង​លើ​ផ្ទៃទឹក​ផងដែរ។ នៅ​ថ្ងៃបុណ្យ​ទី២នេះ នឹងមាន​ការហែក្បួន​ព្យុហយាត្រា​កីឡា និង​ក្បួន​ដង្ហែ​បុណ្យ​សមុទ្រ​ដ៏​អស្ចារ្យ នៅក្នុង​ទីតាំង​មាត់​ឆ្នេរសមុទ្រ​ខេត្ត​កែប​តែម្ដង។

ដោយឡែក ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចល័ត​មកពី​ខេត្ត​ក្រុង​នានា ដើម្បី​ចូលរួម​កម្សាន្ត​សប្បាយ​នៃ​បុណ្យ​ដ៏​ធំ​ចុង​ឆ្នាំនេះ ខ្លះ​ក៏បាន​សម្រាក​នៅ​សណ្ឋាគារ​ផ្ទះសំណាក់ ហើយ​ខ្លះ​ទៀត​បាន​បោះតង់​សម្រាក​បែប​ធម្មជាតិ នៅតាម​ឆ្នេរ​ខ្សាច់ ដោយសារតែ​សណ្ឋាគារ​និង​ផ្ទះសំណាក់​មិនមាន​​បន្ទប់​គ្រប់គ្រាន់។ ស្ថានភាពនេះ​បានធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បាន​ហៀរ​ទៅ​សម្រាក​ដល់​ខេត្តកំពត​ ដែលមាន​ចំងាយ​ប្រមាណ ២៥គីឡូម៉ែត្រ ពី​ខេត្ត​កែប ឬក៏​ទៅ​សម្រាក​លើ​កំពូលភ្នំ​បូកគោ​តែម្តង។

កីឡា​ប្រមាណ​ជា១០ប្រភេទ រួមមាន​កីឡាហែលទឹក ចម្ងាយ​ឆ្ងាយ ប្រណាំង​ម៉ូតូ​ទឹក ល្បុក្កតោ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ កីឡា​ហោះហើរ ប្រដាល់ ទ្រី​យ៉ា​ថ្លុ​ង ប្រណាំង​ទូកក្តោង រត់ប្រណាំង និង​អត្តពលកម្ម ក៏បាន​ចាប់ផ្តើម​ប្រកួត​សម្តែង​បែប​ទស្សនីយភាព​ជា​បន្ត​បន្ទាប់​ផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពី​ខកខាន​រៀបចំ​រយៈពេល​មួយឆ្នាំ ដោយសារ​ប្រទេស​កម្ពុជា​ទាំងមូល មានទុក្ខ​ក្រៀមក្រំ ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​អតីត​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ កាលពី​ឆ្នាំ២០១២ កន្លង​ទៅនោះ កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ ជាថ្មី នៅលើ​ទឹកដី​នៃ​ខេត្ត​កែប។
ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ បាន​ប្រព្រឹត្តិ​ទៅ​ស្របគ្នា​ជាមួយ​មហាសន្និបាត​ពិភពលោក លើក​ទី៩ របស់​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម លើកទី២ និង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​មហាអនុតំបន់​មេគង្គ​ លើកទី៣២ផងដែរ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors