ដូចជារៀងរាល់ឆ្នាំ ទិវាប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ នៅថ្ងៃទី ១ធ្នូជាឱកាសបង្ហាញដំណឹងល្អផង និងមិនល្អផង។ បច្ចុប្បន្ននេះ អ្នកជម្ងឺ និងផ្ទុកមេរោគអេដស៍ទាំងអស់សុទ្ធតែដឹងថា ពិភពលោកមួយគ្មានជម្ងឺអេដស៍ពិតជាអាចកើតមាន។ ប៉ុន្តែ យ៉ាងណាក៏ដោយ របាយការណ៍របស់អង្គការសហប្រជាជាតិបាន
បង្ហាញថា នៅឆ្នាំ២០១២មនុស្សយ៉ាងហោច២លាននាក់បានធ្លាក់ខ្លួន ជាអ្នកឆ្លងមេរោគថ្មី នៅពេលដែលអ្នកជម្ងឺច្រើនជាងមួយលានកន្លះបានស្លាប់ដោយសារមេរោគអេដស៍។នៅក្នុងឱកាសប្រារព្ធទិវាប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ អង្គការ សមាគមនានាបានឯកភាពគ្នាទទួលស្គាល់ថា មានលទ្ធផលជាវិជ្ជមានច្រើន នៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍។ តួលេខប្រចាំឆ្នាំ ដែលគួរឲ្យលើកទឹកចិត្ត បានបង្ហាញថា ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ២លាននាក់ គឺបានថយចុះ ៣សែននាក់ បើប្រៀបធៀបនឹងឆ្នាំ ២០១២។ ចំណែកចំនួនអ្នកស្លាប់ដោយសារជម្ងឺអេដស៍ក៏បានថយចុះដូចគ្នាដែរ គឺ ពី១លាន ៦សែននាក់ នៅឆ្នាំ មកនៅត្រឹម១លាន ៥សែននាក់ នៅឆ្នាំនេះ។
យ៉ាងណាក៏ដោយសមាគម អង្គការធ្វើការខាងជម្ងឺអេដស៍នៅមិនទាន់ពេញចិត្តទាំងស្រុងទេ ដោយសារតែអ្នកជម្ងឺ នៅតែមានច្រើន ហើយ ពួកគេភាគច្រើននៅមិនទាន់ទទួលបានការព្យាបាលពេញលេញ ឬបានធ្វើតេស្តឈាមរកមេរោគអេដស៍។
សម្រាប់អង្គការ សង្គមស៊ីវិល ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍មានការរីកចម្រើនពិតមែន ប៉ុន្តែ ជាមួយគ្នានោះ វាក៏បានបង្កើតគម្លាតយ៉ាងធំ រវាងប្រទេសនៅភាគខាងជើង និងភាគខាងត្បូងនៃផែនដី។ តាមប្រធានអង្គការសហប្រជាជាតិផ្នែកប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីនៅអាហ្រ្វិកមានការធ្លាក់ចុះ ប៉ុន្តែ ការព្យាបាល អ្នកជម្ងឺនៅអាហ្រ្វិកនៅតែមានការខ្វះខាតច្រើន នោះបើទោះបីជារដ្ឋាភិបាលបានចូលរួមធ្វើយុទ្ធនាការ និងមានការសន្យាផ្តល់ជំនួយពីប្រទេសអ្នកមាន។ ជាក់ស្តែង កាលពីឆ្នាំ ២០០១ មានប្រជាជនអាហ្វ្រិក៥ម៉ឺននាក់ត្រូវការការព្យាបាល ប៉ុន្តែ បច្ចុប្បន្ននេះ មានមនុស្សមិនតិចជាង៧លាននាក់នៅអាហ្រ្វិកដែលត្រូវការថ្នាំពន្យារជីវិត។ គេប៉ាន់ប្រមាណថា គេត្រូវការទឹកប្រាក់យ៉ាងតិច មួយពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគអេដស៍ នៅអាហ្រ្វិក។
តាមអង្គកាពលកម្មអន្តរជាតិ ការទទួលបានការព្យាបាលមានពាក់ព័ន្ធនឹងការអត់ការងារធ្វើរបស់អ្នកជម្ងឺអេដស៍។ របាយការណ៍ដែលចុះផ្សាយ នៅឱកាសទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ បានបង្ហាញថា អ្នកដែលផ្ទុកមេរោគអេដស៍ដែលមានការងារធ្វើ មានឱកាស បានទទួលថ្នាំពន្យារជីវិត ដល់ទៅ ៣៦ភាគរយ ច្រើនជាងអ្នកដែលគ្មានការងារធ្វើ។
នៅទីក្រុងម៉ែលប៊ន ក្នុងប្រទេសអូស្រា្តលី ជាទីដែលគេប្រារព្ធ ទិវា ជម្ងឺអេដស៍ ១ធ្នូ អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍បានប្រកាសយកថ្ងៃទី ១ មីនាឆ្នាំក្រោយ ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរើសអើងទៅលើអ្នកដែលផ្ទុកមេរោគអេដស៍៕