គិតមកទល់ថ្ងៃអង្គារនេះ បាតុកម្មរៀងរាល់ថ្ងៃរបស់គណបក្សសង្គ្រោះជាតិបានឈានចូលថ្ងៃទី ១០ ហើយ។ ខណៈដែលចំនួនបាតុករបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ តំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភារបស់គណបក្សទាំងពីរក៏បានចេញមុខគាំទ្រជំហររបស់គណបក្សរៀងៗខ្លួន ។ គណបក្សទាំងពីរនៅតែបន្តបង្កើនសម្ពាធដាក់គ្នាឥតឈប់ឈរដោយមិនទាន់កំណត់ពេលចរចា
ជាថ្មីនៅឡើយទេ។រហូតមកដល់ថ្ងៃនេះគ្មានការចរចាណាមួយត្រូវបានគ្រោងធ្វើរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅឡើយទេ។ ភាគីទាំងពីរសុទ្ធតែអះអាងថា ចង់ឲ្យមានការចរចា ប៉ុន្តែ មិនអាចបញ្ជាក់បានទេថា ការចរចានឹងធ្វើនៅពេលណា។ ផ្ទុយទៅវិញ គណបក្សទាំងពីរកាន់តែបង្កើនទំនាស់តានតឹងជាមួយគ្នាកាន់តែខ្លាំងជាងមុន។ នៅល្ងាចថ្ងៃអង្គារនេះ បាតុកម្មគណបក្សសង្គ្រោះជាតិនៅតែបន្តដើរហែក្បួនឆ្លងកាត់មួយចំហៀងទីក្រុងភ្នំពេញ។ក្រោយពីគណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្មកាលពីថ្ងៃអាទិត្យដែលមានមនុស្សចូលរួមយ៉ាងច្រើនលើសពីសព្វដង តំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាក៏បានប្រញាប់ចេញមុខគាំទ្រជំហរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គឺជំហរមិនបោះឆ្នោតឡើងវិញ និងមិនចុះចេញពីតំណែងដែលលោកនាយករដ្ឋមន្ត្រីបានអះអាងកាលពីថ្ងៃទី ២០ ធ្នូ។ ការគាំទ្រនេះបានធ្វើឡើងតាមរយៈញត្តិមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ។
នៅក្នុងញត្តិនោះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានហៅគូបដិបក្ខរបស់ខ្លួនថាបានធ្វើបាតុកម្មទាំងងើល ខុសច្បាប់ ហើយក្រុមបាតុករបានប្រើពាក្យសម្តីអសីលធម៌ និងមានសកម្មភាពព្រៃផ្សៃមិនអាចទទួលយកបាន។ យ៉ាងណាក៏ដោយ បាតុករគណបក្សសង្គ្រោះជាតិនៅតែបន្តស្រែកទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីមុខតំណែងដដែល។ ទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី សុទ្ធតែអះអាងថា ដល់ពេលហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះចេញពីតំណែង។
ការប្រឈមមុខដាក់គ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរនៅពេលនេះត្រូវគេមើលឃើញថា មានសភាពកាន់តែតឹងតែងទាំងសកម្មភាពជាក់ស្តែងទាំងសង្គ្រាមពាក្យសម្តី។ ក្រៅពីបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក្រុមអ្នកភូមិបឹងកក់ និងកម្មកររោងចក្រក៏បានធ្វើបាតុកម្មជាច្រើនកន្លែងព្រមៗគ្នាដែរ។ ទាំងនេះបានបង្ហាញពីសម្ពាធកាន់តែខ្លាំងទៅលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
ចំណែកឯសមត្ថកិច្ចរដ្ឋាភិបាលវិញកំពុងហ្វឹកហ្វាត់ត្រៀមខ្លួនទប់ទល់ជាមួយបាតុកម្ម។ តុចរចាដែលភាគីនីមួយៗប្រកាសថានៅតែបើកចំហនោះក៏នៅមិនទាន់មានអ្នកចូលអង្គុយដើម្បីជជែកគ្នានៅឡើយទេ៕
