កិច្ចប្រជុំតម្លើងប្រាក់ខែអប្បបរមា ទាបបំផុត សម្រាប់កម្មករកាត់ដេរ បានសម្រេច នៅព្រឹកថ្ងៃទី២៤ធ្នូនេះ ដោយតម្លើងប្រាក់ខែកម្មកររហូតដល់ ១៦០ ដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។ ពោលគឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ កម្មកររោងចក្រកាត់ដេរ នឹងត្រូវតម្លើង
ប្រាក់ខែ ១៥ ដុល្លារ ថែមលើប្រាក់ខែបច្ចុប្បន្ន ៨០ ដុល្លារ។ នៅឆ្នាំបន្តបន្ទាប់ទៀត នឹងត្រូវតម្លើង ១៥ ដុល្លារទៀត រហូតដល់ឆ្នាំ២០១៨ ទើបប្រាក់ខែកម្មកររោងចក្រ ឡើងដល់ ១៦០ ដុល្លារ។ ប៉ុន្តែសហជីពកម្មកររបស់លោកអាត់ធន់ និងលោកស្រី ម៉ម ញឹម មិនយល់ស្រប។ ភ្លាមៗ ក្រុមកម្មករប្រមាណ ២០០ ទៅ ៣០០ នាក់ ដែលរង់ចាំស្តាប់លទ្ធផលកិច្ចប្រជុំ បានបិទច្រកផ្លូវចេញចូលក្រសួងការងារ ជាមួយនឹងសម្រែក មិនសុខចិត្ត ទទួលយកការសម្រេចតម្លើងប្រាក់ខែនោះទេ។
ការសម្រេចតម្លើងប្រាក់ខែកម្មកររោងចក្រ ក្នុងរូបមន្ត ៥ ឆ្នាំថ្មីនេះ គឺត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ នោះគឺកម្មកររោងចក្រ ផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង នឹងទទួលបានប្រាក់ខែយ៉ាងទាបបំផុត ៩៥ ដុល្លារ។ នៅឆ្នាំ២០១៥ ទទួលបាន ១១០ ដុល្លារ។ ឆ្នាំ២០១៦ ទទួលបាន ១២៦ដុល្លារ។ ឆ្នាំ២០១៧ ទទួលបាន ១៤៣ ដុល្លារ និងឆ្នាំ២០១៨ ទទួលបាន ១៦០ ដុល្លារ។
សេចក្តីសម្រេច ក្នុងនាមក្រុមប្រឹក្សាការងារ ដែលមានភាគីថៅកែរោងចក្រ រដ្ឋាភិបាល និងសហជីពតំណាងកម្មករ នៅព្រឹកថ្ងៃ២៤ធ្នូនេះ បានកំណត់ថា ចំនួនទឹកប្រាក់ដែលបានដំឡើង ត្រូវបន្ថែមជូនកម្មករនិយោជិតគ្រប់ៗគ្នា រៀងរាល់ពេលដំឡើងប្រាក់ឈ្នួលអប្បបរមា លើប្រាក់ឈ្នួល ដែលកំពុងទទួលបាន។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ការសម្រេចតម្លើងប្រាក់ខែ កម្មកររោងចក្រ ៥ ឆ្នាំ រហូតដល់ ១៦០ ដុល្លារ ពេលនេះ ជាលើកដំបូងហើយ នៃប្រវត្តិសាស្ត្រ នៃការតម្លើងប្រាក់ឈ្នួលកម្មករ។ ការសម្រេចនេះ ផ្តល់សេចក្តីសង្ឃឹមដល់កម្មកររោងចក្រ ហើយក៏ផ្តល់ឱកាសដល់ថៅកែរោងចក្រ អាចពិចារណា ក្នុងការរៀបចំផែនការបានត្រឹមត្រូវ។
លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យកម្មកររោងចក្រប្រមាណ ៦ សែននាក់ ទទួលយកការសម្រេចចិត្តនេះ ហើយចៀសវាងការធ្វើកូដកម្ម ឬបាតុកម្ម ដែលនាំឲ្យខូចខាតដល់ប្រយោជន៍ទាំងអស់គ្នា។
ប៉ុន្តែក្រុមសហជីពកម្មកររបស់លោក អាត់ ធន់ និងលោកស្រី ម៉ម ញឹម ដែលជាសមាជិក ក្នុងក្រុមប្រឹក្សាការងារ មិនបានលើកដៃគាំទ្រការសម្រេចចិត្តតម្លើងប្រាក់ខែនេះទេ ហើយបានប្រកាសព្រមានធ្វើកូដកម្មតវ៉ា នៅពេលឆាប់ៗខាងមុខ ដើម្បីទាមទារតម្លើងប្រាក់ខែឲ្យឡើងដល់ ១៦០ ដុល្លារ នៅឆ្នាំ២០១៤ តែម្តង។
បន្ទាប់ពីដឹងលទ្ធផលនៃកិច្ចប្រជុំ ក្រុមកម្មកររោងចក្រប្រមាណពីរទៅបីរយនាក់ បានស្រែកតវ៉ា ហើយបិទច្រកចេញចូលក្រសួងការងារ ដើម្បីជំទាស់នឹងការសម្រេចតម្លើងប្រាក់ខែកម្មករ ដែលពួកគេថា មានចំនួនតិចតួច។
ប៉ុន្តែមុនបិទបញ្ចប់កិច្ចប្រជុំ នៅព្រឹកមិញ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រកាសព្រមានថា ក្រសួងនឹងតាក់តែងច្បាប់ស្តីពីសហជីព ហើយនឹងត្រូវអនុម័ត ក្នុងឆ្នាំ២០១៤។ ក្នុងនោះ ក៏មានការបង្កើតបទបញ្ជាមួយចំនួនទៀត ដើម្បីបង្កើនការអនុវត្តច្បាប់ ហើយក្រសួងការងារ នឹងមិនទុកឲ្យនរណាម្នាក់ នៅក្រៅច្បាប់ទេ៕
Labels:
ព័ត៌មានជាតិ
Previous Article
