Pages

Wednesday, December 4, 2013

ក្បួន​ធម្ម​យាត្រា៥ទិស​របស់​សង្គម​ស៊ីវិល​កំពុង​រំកិល​ខ្លួន​មកកាន់​ទីក្រុង​ភ្នំពេញ

ដោយ ប៉ែន បូណា
ក្បួន​ធម្ម​យាត្រា​ទាំង៥ទិស​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បានចេញ​ដំណើរ​ពី​គោល​ដៅ​រៀងៗ​ខ្លួន​ កាលពី​ថ្ងៃអាទិត្យ​ទី១វិច្ឆិកា​នោះ កំពុងតែ​ធ្វើដំណើរ​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ហើយ។ ក្រុម​សកម្មជន​ទាំងនោះ​គ្រោង​នឹង​មកជួប​ជុំគ្នា​នៅ​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ​នៅ​ថ្ងៃទី១០ធ្នូ​ខាងមុខ។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ប្រកាស​ចូលរួម​ក្នុង​ធម្ម​យាត្រា​នេះដែរ។
គោលដៅ​ដែល​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បានចេញ​ដំណើ​រ​កាលពី​ថ្ងៃអាទិត្យ​ទី០១ធ្នូ​ មាន​មកពី​ខេត្តស្វាយរៀង កំពត កំពង់ស្ពឺ ពោធិ៍សាត់ និង​កំពង់ធំ។ ក្រុម​សកម្មជន​ទាំងនោះ​បាន​ដើរ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​ចេញពី​គោលដៅរៀងៗខ្លួន​ទាំង៥ទិស​ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ នៅ​ថ្ងៃទី១០ធ្នូ។

លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែល​បាន​ដឹកនាំ​ក្បួន​ចេញពី​អម​លាំង ខេត្តកំពង់ស្ពឺ កាត់​តាម​ផ្លូវជាតិ​លេខ​៤ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​របស់លោក​ដែលមាន​គ្នា​ប្រមាណ​ជា៦០នាក់ ​បានធ្វើ​ដំណើរ​មក​ជិត​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ​ហើយ។ លោក​អះអាងថា រហូតដល់​ថ្ងៃនេះ ក្បួន​ធម្ម​យាត្រា​បាន​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ​អ្វី​ទេ។

ចំណែកឯ​លោក ស ម៉ូរ៉ា ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា​ដែល​បាន​ដឹកនាំ​ក្បួន​ចេញពី​ខេត្តពោធិ៍សាត់ ​កាត់​តាមផ្លូវ​ជាតិ​លេខ៥វិញ ​ក៏បាន​ប្រាប់​ឲ្យ​ដឹងថា ក្បួន​ដង្ហែដែលមាន​មនុស្ស​ជិត ១០០ នាក់​ក្នុងនោះ​មាន​ព្រះសង្ឃ ១៧ អង្គ​ផង ​បានធ្វើ​ដំណើរ​មកដល់​ជិត​ខេត្តកំពង់ឆ្នាំង​ហើយ។ បើ​យោងតាម​លោក ស ម៉ូរ៉ា ក្រុម​ធម្ម​យាត្រា​របស់លោក​បាន​ជួប​បញ្ហាខ្លះៗនៅ​ពេលយប់​ដោយសារតែ​វត្ត​មួយចំនួន​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ធម្ម​យាត្រា​ស្នាក់​នៅទេ​ ក្រោម​ហេតុផល​ថា ក្បួន​នេះ​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ។

ក្រុម​អ្នកចូលរួម​ធម្ម​យាត្រា​ទាំង៥ទិស​ កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជា ពី១៥ទៅ២០គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ។ ពេល​មក​ដល់​ភ្នំពេញ ពួក​គេ​ក៏​គ្រោង​ប្រគល់​ឯកសារ​មួយ​ចំនួន​ស្តីពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ជូន​ដល់​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅក្នុង​សភា។​ គណបក្ស​​​សង្គ្រោះ​ជាតិ​ក៏បាន​ប្រកាស​ឲ្យ​សកម្មជន​របស់ខ្លួន​ចូលរួម​ក្នុង​ធម្ម​យាត្រា​នេះ​ផងដែរ។​

សូមបញ្ជាក់ថា ឆ្នាំ២០១៣ នេះ​ជា​ខួប​ទី៦៥ឆ្នាំ​ហើយ​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ដែល​បណ្តា​ប្រទេស​ជាច្រើន​លើ​សាកលលោក​តែង​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ។ នៅ​កម្ពុជា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​ឆ្នាំនេះ​ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «មាន​យុត្តិធម៌ មាន​សន្តិភាព!»៕