បារាំង​ចូល​សមរភូមិ​មុខ​ធ្វើ​ប្រតិបត្តិការ​យោធា​សង្គ្រោះ​អាហ្វ្រិក​កណ្តាល



ដោយ អៀង សុខម៉ិញ
កង​ទ័ព​ប្រមាណ​​១២០០​នាក់ នឹង​ត្រូវ​ប្រមូល​បញ្ជួន​ផ្តុំ​គ្នា​ទៅ​ធ្វើ​ប្រតិបត្តិការ​ Sangari នៅ​អាហ្វ្រិក​កណ្តាល​។ បេសកកម្ម​នេះ​មាន​កម្មវត្ថុ​​​​នាំ​សន្តិសុខ​មក​ឱ្យ​អាហ្វ្រិក​កណ្តាល​ ដែល​កំពុង​រង​ការ​កាប់​សម្លាប់​សង​សឹក​គ្នា​យ៉ាង​អនាណាថា។ រដ្ឋធានី​ បង់ហ្គី ទើប​ឆ្លង​កាត់​រលក​ហិង្សា​ពុំ​ធ្លាប់​មាន។
 ប្រឈម​មុខ​ននឹង​ស្ថានភាព​ ស្ទើរ​ក្លាយ​ទៅ​ជា​ការ​ប្រល័យ​ពូជសាសន៍​គ្នា​ដូច្នេះ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​ចេញ​សម្រេច​ចិត្ត​ យល់​ព្រម​អនុញ្ញាត​ឱ្យ​បារាំង​ប្រើ​ទ័ព​ជួយ​ពង្រឹង​សន្តិសុខ។នៅ​ពេលនេះ​ទាហាន​បារាំង​ មាន​គ្នា​សរុប​ ៦៥០​នាក់​ ឈរ​ជើង​នៅ​បង់ហ្គី ដោយ​យក​អាកាសយានដ្ឋាន​​ Mpoko ធ្វើ​ជា​មូលដ្ឋានទ័ព​។ ទ័ព​ជំនួយ​បន្ថែម​ ២០០​នាក់​ទើប​តែ​នឹង​ទៅ​ដល់​អាហ្វ្រិក​កណ្តាល​​ កាលពី​ចុង​សប្តាហ៍​មុន​នេះ ដែល​សុទ្ធ​សឹង​ជា​ទ័ព​អាកាស​ ទ័ពទឹកជញ្ជូន​ពស្តុភារ​ និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ចាំ​ទទួល​កម្លាំង​មក​ពី​ប្រតិបត្តិការ​ Sangari។
 
ប្រតិបត្តិការ សង់ហ្ការី នេះ បាន​ប្រមូល​ផ្តុំ​ទាហាន​បារាំង​ពីគ្រប់ទិសទី ក្នុង​ទ្វីប​អាហ្វ្រិក​ ​មក​ជុំ​គ្នា នៅ​អាហ្វ្រិក​កណ្តាល ៖ មួយ​ភាគ​​មកពី​ប្រទេស​ឆាដ ដែល​ជាមូលដ្ឋានទ័ព​ជើង​អាកាស មួយ​ភាគ​ទៀត​មក​ពី​ប្រទេស​កាមឺរ៉ូន។ កងប្រតិបត្តិការ​នេះ​ នឹង​ត្រូវ​ចែក​ជា​ពីរក្រុម មួយ​ជា​អ្នក​ចាត់​ចែង​ដឹកនាំ​ និង​មួយ​ក្រុម​ទៀត​ជា​កង​ចល័ត​ បំពាក់​ដោយ​រថពាសដែក​​ ធ្វើ​សកម្មភាព​ខ្លាំង និង​ជា​ក្រុម​ទី​មួយ ដែល​បាន​ចូល​ទៅ​ដល់​ប្រទេស​អាហ្វ្រិក​កណ្តាល​ ដោយ​ថ្មើរ​ជើង​ ស្រប​តាំង​ព្រំដែន​ខាង​លិច​ប្រទេស។
 
 
​លោក​ ហ្សង់អ៊ីវ ឡឺទ្រីយ៉ង់ រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​បារាំង​ ​​
 
“ទាហាន​បារាំង​កំពុង​ស្ថិត​នៅ​អាកាសយានដ្ឋាន​ ក្នុង​បេសកកម្ម​ មាន​កំរិត​ គឺ​​រក្សា​សន្តិសុខ​វាល​យន្តហោះ និង​ ដើម្បី​ការពារ​ជនជាតិ​បារាំង​​រស់​នៅទី​នោះ សង្កាត់​ពាណិជ្ជកម្ម​នយោបាយ​ ដូច​ជា​ស្ថានទូត​បរទេស ឬ​សង្កាត់​ដែល​មាន​មនុស្ស​រស់​នៅ​ផ្តុំ​គ្នា​ច្រើន។ ​ នៅ​យប់ម្សិល​​មិញ ​កង​កម្លាំង​បាន​ធ្វើល្បាត​ពេញ​រដ្ឋធានី​។ ស្ថានការណ៍​ក៏​បាន​ស្ងប់​ស្ងាត់។ ថ្ងៃ​នេះ​យើង​រង់ចាំ​ការ​មក​ដល់​នៃ​កង​កម្លាំង​អាហ្វ្រិកផ្សេងៗ​ទៀត​​ដែល​នឹង​ត្រូវ​មក​សហការ​ជាមួយ​ទ័ព​បារាំង។”
 
 
ពី​ពេល​នេះ​ កងពល​មួយ​ក្រុម​ផ្សេងទៀត នឹង​ចេញ​ធ្វើ​សកម្មភាព ដោយ​មាន​ខ្លះ​ជា​កម្មុងដូ​ពិសេស​ ដែល​មាន​ទម្លាប់​ជា​ទ័ព​ប្រយុទ្ធ​ជើង​មុខ​ វាយប្រហារ​ចំណុច​ក្តៅ​ៗ​ បើក​ផ្លូវ​មុន​គេ។ ហើយ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ពេញ​ឱ្យ​បាន​ទូលំទូលាយ​ក្នុង​ផ្ទៃប្រទេស​ ទាហាន​បារាំង​ក៏​មាន​ដាក់​ពង្រាយ​នៅ​ក្រៅ​រដ្ឋធានី​ដែរ។
 
► សូមអាន ៖ ទាហាន​បារាំង​ជាង​មួយ​ពាន់​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល
 
បេសកកម្ម​បារាំង​នេះ​ បាន​ប្រែប្រួល​ ទៅ​តាម​សភាពការណ៍​ នាពេល​ប៉ុន្មាន​ម៉ោង​ចុងក្រោយ​នេះ។ ពី​មុន ​ក្នុង​ពេល​រង់​ចាំ​សេចក្តី​សម្រេច​ចិត្ត​របស់​អង្កការ​សហប្រជាជាតិ បារាំង​និយាយ​អំពី​ ​ការ​ជួយ​ពង្រឹង​កម្លាំង​​កងទ័ព​អាហ្វ្រិក​មួក​ខៀវ។ ប៉ុន្តែ​ការ​កាប់​សម្លាប់ សង​សឹក​គ្នា​បាន​រាល​ដាល​ដល់​រដ្ឋធានី បាន​រុញ​ច្រាន​បេសកកម្ម​បារាំង​ឱ្យ​ឈរ​ជួរ​មុខ។
 
ឆ្លើយ​នឹង​សំណួរ​ថា ពេល​នេះ​បារាំង​កំពុង​ជាប់​សង្គ្រាម​ពីរ​នៅ​អាហ្វ្រិក ម៉ាលី និង​អាហ្វ្រិក​កណ្តាល ? មិន​មែន​ទេ ប្រតិបត្តិការ​នៅ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ មាន​លក្ខណៈ​ខុស​ពី​នៅ​ប្រទេស​ម៉ាលី។ លោក ហ្វ្រង់ស័រ​ហូឡង់
 
“បេសកកម្ម​នៅ​អាហ្វ្រិក​កណ្តាល​ ថ្ងៃ​នេះ ខុស​ពី​នៅ​ម៉ាលី បារាំង​ទៅ​ធ្វើ​ប្រតិបត្តិការ​ដើម្បី​បញ្ចៀស​មហន្តរាយ​មនុស្ស​ជាតិ​។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​កង​ទាហាន​បារាំង​ ក្នុង​បេសកកម្ម​​នេះ ដែល​ជា​អន្តរាគមន៍​លឿន ខ្លី និង​ដែល​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​អូស​បន្លាយ​យូរទេ។ ខ្ញុំ​ជឿជាក់​ថា​នឹង​មាន​ជោគជ័យ។”
 
►សូមអាន ៖ ស្ថានការណ៍​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ឡើង​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ
 
សូម​បញ្ជាក់​ថា កាលពី​ខែ​មករា​ឆ្នាំ​២០១២ បារាំង​បាន​បញ្ជូន​កម្លាំង​បន្ទាន់ទៅសង្គ្រោះ​​ម៉ាលី ដោយ​ត្រូវ​ធ្វើ​សង្គ្រាម​កម្ចាត់​ពួកភេរវជន​​អ៊ីស្លាម​ជ្រុល​និយម​ និង​បណ្តេញ​ពួក​នេះ​ពី​ភាគ​ខាង​ជើ​ង​ម៉ាលី។​ បន្ទាប់​មក​ទើប​មាន​ទ័ព​អាហ្វ្រិក និង​ទ័ព​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​មក​បន្ត​​បេសកកម្ម។ ប្រតិបត្តិការ​ដែល​នៅ​តែ​អូស​បន្លាយ​រហូត​មក​ទល់​ពេល​នេះ មិន​ដឹង​ថា​ថ្ងៃ​ណា​នឹង​អាច​បញ្ចប់​បាន​ទេ។ ចំណែក​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​វិញ ប្រតិបត្តិការ​បារាំង​មាន​រូបភាព​ផ្សេង។ ប៉ារីស​និយាយ​ពី​អន្តរាគមន៍​រក្សា​សន្តិសុខ​ប្រជាជន​ស៊ីវិល។ ហើយ​គ្មាន​សត្រូវ​ ត្រូវ​វាយប្រហារ​ច្បាស់​លាស់​ទេ មិន​ដឹង​ថា​ជា ពួក​ឧទ្ទាម​សេឡេកា ដែល​ជួយ​ជ្រោមជ្រែង​ប្រធានាធិបតី​ ឱ្យ​កាន់​អំណាច​បច្ចុប្បន្ន​ ឬ​ជា​ក្រុម​ប្រដាប់​អាវុធ ក្រុម​ស្វ័យ​កាពារ។ ក្រុម​ទាំង​អស់​នេះ​បាន​បង្ក​អសន្តិសុខ​ និង​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាជន នៅ​ភូមិ​នេះ​​ចំពោះ​អ្នក​កាន់​សាសនា​គ្រិស្ត​ ឬ​នៅ​ភូមិនោះ​ចំពោះ​អ្នក​កាន់​សាសនាអ៊ីស្លាម៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors