ថៃ៖ កិច្ចចរចា​ទទួល​បរាជ័យ អំពើហិង្សា​កំពុង​បន្ត​យ៉ាង​ក្តៅគគុក



ដោយ គួច គន្ធារ៉ា
នៅ​ក្នុង​ប្រទេស​ថៃ នា​ថ្ងៃចន្ទ ទី២ ធ្នូ​នេះ ការ​ប៉ះទង្គិច​គ្នា​កំពុង​បន្ត​កើត​មាន​យ៉ាង​ហិង្សា​រវាង​ក្រុមបាតុករ​អាវលឿង និង​កម្លំាង​ប៉ូលិស។ ពួក​គេ​នៅ​បន្ត​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ចុះ​ចេញ​ពី​មុខ​តំណែង។ នៅ​ក្នុង​ជំនួប​ចរចា​ជាមួយ​មេដឹកនំា​ក្បួន​បាតុកម្ម​មិន​បាន​សម្រេច​
មក លោកស្រី​យីងឡាក់​បាន​ប្រកាស​ថា ទ្វារ​នៃ​កិច្ចចរចា​នៅ​តែ​បើក​ចំហ និង​ធានា​ថា រដ្ឋាភិបាល​នឹង​មិន​ប្រើ​កម្លំាងទ័ព​ដើម្បី​វាយបង្រ្កាប​លើ​ក្រុមបាតុករ​ទេ។

២ថ្ងៃ ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុមបាតុករ​អាវលឿង និង​កម្លំាង​ប៉ូលិស​នៅ​ជុំវិញ​វិមាន​រដ្ឋាភិបាល លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​បាន​ចេញ​មុខ​ធ្វើ​សន្និសីត​​កាសែត​តាម​ទូរទស្សន៍​ដោយ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ប្រើ​កម្លំាងទ័ព​ដើម្បី​វាយបង្រ្កាប​លើ​ក្រុមបាតុករ​ទេ។ យោង​តាម​លោកស្រី​យីងឡាក់ កម្លំាងទ័ព​​បាន​សម្រេចចិត្ត​​ប្រកាន់​ជំហរ​អព្យាក្រឹត និង​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ជាមួយ​គ្នា​នេះ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ថៃ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា ទ្វារ​នៃ​កិច្ចចរចា​នៅ​តែ​បើក​ចំហ​ជានិច្ច។
គួរ​ជម្រាប​ជូន​ថា គឺ​ថ្នាក់ដឹកនំា​កងទ័ព​នោះ​ឯង​ដែល​បាន​រៀប​ចំ​ឲ្យ​មាន​កិច្ចចរចា​លើកដំបូង​រវាង​លោកស្រី​យីងឡាក់ និង​មេដឹកនំា​ក្បួនបាតុកម្ម គឺ​លោក​ស៊ូថេប​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ តែ​នៅ​ទីបំផុត គ្មាន​កិច្ចព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​កិច្ចចរចា​នោះ​ទេ។ ថ្លែង​នៅ​ចំពោះ​មុខ​ហ្វូង​បាតុករ លោក​ស៊ូថេប​បាន​បញ្ជាក់​ថា ការ​លាលែង​ពី​តំណែង​របស់​លោកស្រី​យីងឡាក់ ឬមួយ​ក៏​រំលាយ​សភា គឺ​វា​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​បិទបញ្ចប់​ក្បួនបាតុកម្ម​របស់​ក្រុមអាវលឿង។ អ្វី​ដែល​លោកស៊ូថេប​ចង់​បាន គឺ​ការ​បង្កើត​ក្រុមប្រឹក្សាប្រជាជន​មួយ​ដើម្បី​ធ្វើ​ការ​កែទម្រង់​ប្រព័ន្ធនយោបាយ​ថៃ​ឲ្យ​បាន​ស៊ីជម្រៅ។ ទន្ទឹម​គ្នា​នេះ លោក​ស៊ូថេប​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ក្បួនបាតុកម្ម​ទូទៅ​នៅ​ទូទំាង​ប្រទេស​ចាប់​ពី​ថ្ងៃ​ចន្ទ ទី២ ធ្នូ​នេះ​ទៅ។

អ្វី​ជា​ការ​កត់សម្គាល់ វិបត្តិ​នយោបាយ​ថៃ​ជា​ថ្មី​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ប្រទេស​កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ព្រះចៅ​ភូមិវិបុល​នៅ​ថ្ងៃទី៥ ធ្នូ​ខាង​មុខ។ ក្នុង​ពិធី​ចម្រើន​ព្រះជន្ម ព្រះចៅ​ភូមិវិបុល​ដែល​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​មួយ​រយៈ មុន​នឹង​ចាប់​ផ្តើម​ផ្ទុះ​ឡើង​ជា​ថ្មី​ដែល​គ្រប់​គ្នា​ពិបាក​នឹង​ទាយទុក​ជា​មុន​ថា តើ​វា​នឹង​ត្រូវ​បិទបញ្ចប់​ចប់​តាម​ច្រក​ណា​នោះ។ អ្វី​ដែល​គេ​អាច​និយាយ​ជា​មុន​បាន​នោះ​គឺ​ថា វិបត្តិ​នយោបាយ​ផ្ទៃក្នុង​បាន​និង​កំពុង​បន្ត​ពុះ​ចែក​សង្គម​ថៃ​ជា​បំណែកៗ ដោយ​គ្មាន​ថ្ងៃ​នឹង​ផ្គុំ​ចូល​គ្នា​វិញ​បាន​ទេ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors