ដោយ ឈាង បុប្ផា
ព្រឹត្តិការណ៍ផ្ទុះឡើង នៅសមុទ្រចិនខាងកើត រវាងជប៉ុន និងចិន កំពុងផ្តល់ឱកាសឲ្យ អាមេរិកពន្យល់ពីហេតុផល និងសារៈសំខាន់នៃវត្តមានទ័ពរបស់ខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក។ ភាពតានតឹងកើតមានកាន់តែខ្លាំងរវាងចិន និងជប៉ុន បន្ទាប់ពីចិនបង្កើតតំបន់ការពារដែនអាកាសជាឯកតោភាគី
កាលពីសប្តាហ៍មុន។ នៅប៉ុន្មានម៉ោងក្រោយការប្រកាសជាផ្លូវការរបស់ទីក្រុងប៉េកាំង រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកChuck Hagel បញ្ជាក់ប្រាប់ទៅជប៉ុនដែលជាសម្ព័ន្ធមិត្តថា អាមេរិកបានត្រៀមខ្លួនជានិច្ច ជួយជប៉ុន នៅពេលណាដែលជប៉ុនទទួលរងការវាយប្រហារ។
ចិនបានបង្កើតតំបន់ការពារដែនអាកាសដែលត្រួតស៊ីគ្នាពីលើតំបន់ ដែនអាកាសរបស់ជប៉ុន និងជាពិសេសគ្របដណ្តប់ពីលើប្រជុំកោះសេនកាគូ ឬទៀវយូ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ប៉ុន្តែ ដែលចិនទាមទារធ្វើជាម្ចាស់កម្មសិទ្ធិដែរ។ បន្ទាប់ពីជប៉ុនចេញមុខប្រឆាំងដាច់ខាតនឹងការសម្រេចរបស់ចិន អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ជប៉ុន បានចេញមុខភ្លាមរិះគន់នយោបាយរបស់ទីក្រុងប៉េកាំង។ ដើម្បីបង្ហាញពីជំហរមិនយល់ស្របរបស់ខ្លួន អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក បេ ៥២ ពីរគ្រឿងទៅក្នុងដែនអាកាសដែលចិនទើបបង្កើតថ្មី ដោយមិនបានបញ្ជូនសញ្ញាទៅតាមការទាមទាររបស់អាជ្ញាធរចិន ។ អាមេរិកនៅពេលនេះ អាចទាញយកព្រឹត្តិការណ៍ដែលកំពុងកើតមាន មកបង្ហាញថា ការវិនិយោគផ្នែកការទូត និងយោធា (អាមេរិក) ត្រូវតែមានជាចាំបាច់ នៅអាស៊ីប៉ាស៊ីហ្វិក។
រឿងរ៉ាវឈ្លោះដណ្តើមប្រជុំកោះចិន-ជប៉ុនកើតមាន នៅចំពេលដែលអនុប្រធានាធិបតីអាមេរិក លោកJoe Biden ត្រូវធ្វើដំណើរទស្សនកិច្ច នៅអាស៊ី ដើម្បីចូលរួមក្នុងការចរចាស្តីពីការបង្កើតតំបន់ដោះដូរសេដ្ឋកិច្ច អន្តរ ប៉ាស៊ីហ្វិក។ ប៉ុន្តែ នៅក្នុងបរិបទដែលចិន កំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាជប៉ុន និងកូរ៉េខាងត្បូង លោកបារ៉ាក់ អូបាម៉ា ដែលជាអ្នកផ្តួចផ្តើមគំនិត បែរឆ្ពោះយុទ្ធសាស្រ្តយោធាអាមេរិក ទៅចាក់ស្នូលកែវនៅអាស៊ី បានបង្វែរបេសកកម្មរបស់អនុប្រធានរបស់លោកនៅអាស៊ី ព្រោះថា បើប្រៀបធៀបនឹងរឿងចរចាបង្កើតតំបន់សេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក ការបញ្ជាក់ជំហរយោធារបស់អាមេរិកនៅអាស៊ី ជាជំហានសំខាន់ និងអាទិភាពសម្រាប់លោកអូបាម៉ា ដើម្បីទប់ទល់នឹងឥទ្ធិពលអំណាចរបស់ចិន។ វាមិនខុសអ្វីពី អាមេរិកកំពុងរៀបចំជើងព្រួល ដើម្បីទប់ទល់នឹងចិនដែល បើតាមក្រសែភ្នែករបស់អាមេរិក កំពុងព្យាយាមរកកម្ចាត់សម្ព័ន្ធភាពអាមេរិក និងជប៉ុន ដើម្បីអាចក្លាយខ្លួនជាមហាអំណាចនៅអាស៊ី។
តាមក្រុមអ្នកជំនាញដែលអ្នកផ្តល់យោបល់ប្រឹក្សាដល់សភាអាមេរិក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនកំពុងកសាងប្រព័ន្ធយោធារបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ទាំងនៅលើទឹក ក្នុងទឹក និងនៅលើអាកាស។ ក្រុមនេះបានវាយតម្លៃថា នៅអនាគតខាងមុខ ប្រមាណជាឆ្នាំ ២០២០ ប្រទេសចិននឹងមាននាវាមុជទឹក និងនាវាចម្បាំងទំនើបៗ ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ ដូច្នេះ តាមក្រុមផ្តល់ប្រឹក្សា ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលអំណាចរបស់ចិន សភាអាមេរិកត្រូវបង្កើនថវិកា ដើម្បីអាចឲ្យកងទ័ពអាមេរិកទៅបោះបង់ទីតាំងនៅអាស៊ី ឲ្យបាន៦០ភាគរយ ចាប់ពីពេលនេះ ដល់ឆ្នាំ ២០២០។
កន្លងមក គេលឺពាក្យថា ចាក់ឫសស្នូលកែវនៅអាស៊ី ឬ រក្សាតុល្យភាពកម្លាំង នៅអាស៊ី តែនៅក្នុងវោហាស័ព្ទរបស់អ្នកនយោបាយអាមេរិកតែប៉ុណ្ណោះ។ គឺគ្រាន់តែជាសំដី ប៉ុន្តែ គ្មានការអនុវត្តន៍ជាក់ស្តែង។ ប៉ុន្តែ ចាប់តាំងពីចុងសប្តាហ៍មុន គឺនៅពេលដែលចិនប្រកាសបង្កើតតំបន់ការពារដែនអាកាស ដោយអត្តនោម័តមក អាមេរិកបានឆ្លៀតសំដែងសកម្មភាពយោធា ដែលបញ្ជាក់ពីជំហររបស់អាមេរិក នៅអាស៊ី។ ជាក់ស្តែង វត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែក អាមេរិក បើទោះបីជាមិនមានការប្រកាសទុកមុន បានបង្ហាញយ៉ាងច្បាស់ថា អាមេរិកប្រឆាំងជានិច្ចនឹងរាល់ជំហានរបស់ចិន ដែលចង់ក្តោបក្តាប់ ពង្រីកឥទ្ធិពលនៅអាស៊ី។
ប្រទេសចិនវិញបានស្តារមុខមាត់របស់ខ្លួន ដោយបានអះអាងថា អាជ្ញាធរចិនបានកំណត់សញ្ញា និងតាមដានរាល់ផ្លូវហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក។ តាមអាជ្ញាធរចិន យន្តហោះរបស់អាមេរិក បានហោះនៅក្បែរប្រជុំកោះទៀវយូ ឬសេនកាគូមែន ប៉ុន្តែ មិនបានហោះតម្រង់ទិសចូលទៅក្នុងតំបន់ការពារដែនអាកាសដែលចិនទើប បានបង្កើតថ្មីនោះទេ។ ការបញ្ជាក់ព័ត៌មានទាំងអស់នេះបង្ហាញថាចិនមានប្រព័ន្ធការពារ ទំនើប ដែលអាចចាប់បានរាល់សញ្ញារបស់យន្តហោះបរទេស រួមទាំងយន្តហោះរបស់អាមេរិក។
ចាប់តាំងពីថ្ងៃចន្ទនេះ លោកអនុប្រធានាធិបតីអាមេរិក ត្រូវលើកយករឿងទាំងអស់នេះទៅជជែក នៅក្នុងពេលលោកធ្វើដំណើរទៅក្នុងប្រទេសភាគីជម្លោះទាំងបី គឺជប៉ុន ចិន និងកូរ៉េខាងត្បូង។ នៅក្នុងជប៉ុន ប្រាកដណាស់ លោកអនុប្រធានាធិបតីអាមេរិកនឹងនិយាយធានាសន្តិសុខដល់ជប៉ុនដែលជា សម្ព័ន្ធមិត្តរបស់ខ្លួន ដ៏សំខាន់នៅអាស៊ី និងដែលពេលនេះ កំពុងប្រឈមមុខជាមួយចិន។
ប៉ុន្តែ នៅក្នុងប្រទេសចិន លោកJoe Bidenនឹងព្យាយាមនិយាយសម្របសម្រួលជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ តាមសេតវិមាន លោកអនុប្រធានាធិបតីអាមេរិកនឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ នៅក្នុងជំនួបនោះ លោកJoe Bidenនឹងលើកឡើងពីក្តីព្រួយបារម្ភរបស់ប្រទេសជិតខាងរបស់ចិន នៅពេលឃើញចិនបង្កើតតំបន់ការពារដែនអាកាសដោយឯកតោភាគី ហើយដែលរំលោភទៅលើដែនអាកាសរបស់ជប៉ុន។ លោកអនុប្រធានាធិបតីអាមេរិកនឹងចោទសួរផងដែរពីជំហររបស់ចិនក្នុងឆាក អន្តរជាតិ និងចេតនាក្នុងការដោះស្រាយជម្លោះជាមួយប្រទេសជិតខាង។ អាមេរិកកំពុងចេញមុខឈ្លោះជាមួយចិន មិនមែនដើម្បីប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាជប៉ុន និងកូរ៉េខាងត្បូងតែប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិកកំពុងចង់ សាកកម្លាំង និងផ្ចាញ់ផ្ចាលជាមួយចិន ដែលអាមេរិកចាត់ទុកថា ជាប្រទេសដែលអាចគំរាមកំហែង ប្រជែងយកប្រយោជន៍ពីអាមេរិក៕