មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល រួមទាំងព្រះសង្ឃសរុបប្រហែល ៥០០នាក់ បានចាប់ផ្ដើមយុទ្ធនាការហែក្បួនធម្មយាត្រាដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ «មានយុត្តិធម៌ មានសន្តិភាព»។
ក្បួនធម្មយាត្រាបានកំណត់រយៈពេល ១០ថ្ងៃ ដោយបានចេញដំណើរពីខេត្តនានា កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៣ សំដៅរាជធានីភ្នំពេញ ហើយបានកំណត់ជួបជុំគ្នានៅមុខរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ធ្នូ ដែលជាថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិតែម្ដង។ ក៏ប៉ុន្តែនៅពេលក្បួនធម្មយាត្រាទាំងអស់ខិតជិតដល់រាជធានីភ្នំពេញ និងពេលវេលាខិតចូលជិតថ្ងៃកំណត់ បែរជាអាជ្ញាធររាជធានីមិនអនុញ្ញាតក្បួនធម្មយាត្រាជួបជុំគ្នាតាមទីកន្លែងដែលបានគ្រោងទុក។
លោក វន់ ពៅ ដែលជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរនោះ បន្តថា ក្បួនធម្មយាត្រាទាំង ៥ខ្សែ គ្រោងទៅជួបជុំគ្នានៅមុខមុខរដ្ឋសភានៅពេលព្រឹកថ្ងៃទី១០ ធ្នូ នេះ ក៏ប៉ុន្តែអាជ្ញាធររាជធានីមិនអនុញ្ញាត៖ «យើងជូនដំណឹងទៅសាលាក្រុង តែគេឲ្យយើងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ ក៏ប៉ុន្តែជំហរយើងអត់ព្រមទេ យើងនឹងធ្វើនៅរដ្ឋសភា ព្រោះយើងចង់ដាក់ញត្តិដែលប្រមូលបានពីប្រជាពលរដ្ឋតាមមូលដ្ឋាន ជូនសភា ទោះសភានេះឯកបក្សក៏ដោយ។ យើងក៏ដាក់ញត្តិទៅសភាបក្សសង្គ្រោះជាតិដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី៨ ធ្នូ ដើម្បីសុំការបញ្ជាក់ព័ត៌មានបន្ថែម ដោយលោកមិនលើកទូរស័ព្ទ។
ក៏ប៉ុន្តែក្រសួងមហាផ្ទៃ ហាមថ្នាក់ដឹកនាំនិងអ្នកគាំទ្របក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ សមាគម និងសង្គមស៊ីវិលទាំងអស់ប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។
ក្នុងលិខិតបីច្បាប់ផ្ញើទៅលោកអភិបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស ខេង នៅថ្ងៃទី៨ ធ្នូ បានកំណត់ទីតាំងឲ្យបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ នៅទីលានប្រជាធិបតេយ្យ ជំនួសការដង្ហែក្បួនទៅមន្ទីររដ្ឋសភាដូចដែលបានគ្រោងទុកវិញ។
លិខិតនោះ បានកំណត់ឲ្យបក្សសង្គ្រោះជាតិប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យចំនួនតែ ១ម៉ឺននាក់ ហើយអនុញ្ញាតឲ្យតំណាងបក្សសង្គ្រោះជាតិតែ ១០នាក់ទេ ទៅដាក់ញត្តិនៅមន្ទីររដ្ឋសភា។
ចំពោះអ្នកហែក្បួនធម្មយាត្រាក៏ដូច្នេះដែរ លោក ស ខេង ក៏បានហាមទៅប្រមូលផ្ដុំនៅមុខមន្ទីររដ្ឋសភាដែរ ហើយបានកំណត់ឲ្យទៅប្រមូលផ្ដុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សនៅសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (វត្តភ្នំ) ជំនួសវិញ ហើយអនុញ្ញាតឲ្យតំណាង ១០នាក់ទៅដាក់ញត្តិជូនរដ្ឋសភាដូចគ្នា។ លិខិតនោះបញ្ជាក់ពីមូលហេតុដែលហាមដូច្នេះ គឺដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមឲ្យបានរលូន។
យុទ្ធនាការនៃធម្មយាត្រាតាមផ្លូវជាតិទាំង៥ខ្សែនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានតាមផ្លូវ ហាមស្នាក់នៅតាមវត្តអារាមនានា នៅតាមដងផ្លូវ ហើយក្រុមធម្មយាត្រាក៏នាំគ្នាធ្វើបាតុកម្មបិទផ្លូវជាតិវិញ ជាកិច្ចឆ្លើយតបទៅនឹងការគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិពីសំណាក់អាជ្ញាធរនៅតាមមូលដ្ឋានទាំងនោះ៕
