
សេចក្តីជូនដំណឹង ចុះថ្ងៃទី៦ ខែធ្នូ របស់ក្រសួងការងារ បញ្ជាក់ថា យោងតាមអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងការងារកម្ពុជា និងក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ភាគីកូរ៉េ (ខាងត្បូង) ជាអ្នកមានសិទ្ធិធ្វើតេស្តប្រឡងសមត្ថភាពភាសាកូរ៉េ មុនបញ្ជូនពលករទៅធ្វើការងារដោយស្របច្បាប់នៅកូរ៉េបាន។
ក្រសួងការងារ បានរំលឹកដល់សាធារណៈជន ដែលមានបំណងស្វែងរកការងារធ្វើ នៅប្រទេសកូរ៉េ ឲ្យប្រុងប្រយ័ត្ន និងកុំជឿការឃោសនាបោកប្រាស់ របស់អង្គការ ឬសាលាបណ្តុះបណ្តាលនានា ដែលអះអាងថា ខ្លួនបានទទួលអាជ្ញាប័ណ្ណ ឬសិទ្ធិអនុញ្ញាតក្នុងការបញ្ជូនពលករ-ពលការិនី ចេញទៅធ្វើការនៅប្រទេសកូរ៉េឲ្យសោះ។
ទាក់ទិនបញ្ហានេះ បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ បានផ្ញើលិខិតមួយច្បាប់ ជូន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ឲ្យជួយគិតគូរ និងចាត់ទុកការងារតាមផ្ទះ ចូលទៅក្នុងក្របខណ្ឌការពារដោយច្បាប់។
នៅក្នុងលិខិតមួយដែលចុះហត្ថលេខា ដោយអ្នកស្រី វុន សម្ផស្ស ប្រធានបណ្តាញកម្មករធ្វើការងារតាមផ្ទះ បានបញ្ជាក់ថា នៅប្រទេសកម្ពុជា កំណើននៃតម្រូវការកម្មករធ្វើការងារតាមផ្ទះ ទាំងនៅក្នុង និងក្រៅប្រទេស បានទាក់ទាញស្ត្រីវ័យក្មេងៗ ដែលអ្នកខ្លះមិនទាន់គ្រប់អាយុធ្វើការងារផងនោះ បានធ្លាក់ខ្លួនចូលបំរើការងារក្នុងវិស័យនេះ។ ដូច្នេះរដ្ឋាភិបាលត្រូវតែ យកចិត្តទុកដាក់ ចំពោះបញ្ហានេះឲ្យបានច្រើនថែមទៀត៕
