អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តរជាតិ និងក្រុមហ៊ុនសេវាកម្មចរាចរណ៍ដែនអាកាស នៅរសៀលថ្ងៃសុក្រ បានរៀបចំធ្វើសមយុទ្ធសង្គ្រោះបន្ទាន់ទ្រង់ទ្រាយធំប្រចាំឆ្នាំ ២០១៣ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គោលបំណងនៃការធ្វើលំហាត់សមសង្គ្រោះបន្ទាន់នេះ គឺដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះពេលមានហេតុការណ៏ធ្លាក់យន្តហោះ និងគ្រោះមហន្តរាយផ្សេង។
សមយុទ្ធសង្គ្រោះបន្ទាន់បានចាប់ផ្តើម ដោយការធ្លាក់យន្តហោះសិប្បនិម្មិតមួយ ហើយផ្ទុះឆេះឡើងជាមួយនឹងផ្សែងភ្លើងយ៉ាងសន្ធោសន្ធៅ នៅឯទីលានម្ខាងនៃអាកាសយាន្តដា្ឋនអន្តរជាតិភ្នំពេញ។
ក្រោយការផ្ទុះឆេះយន្តហោះសិប្បនិម្មិតនេះ គេលឺសំលេងសេរ៉ែនរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និងកងកម្លាំងសន្តិសុខ ជាច្រើននាក់ បានចេញប្រតិបត្តិការជួយសង្គ្រោះយ៉ាងញាប់ដៃញាប់ជើង។ កម្លាំងពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ភ្លើងដែលឆេះយន្តហោះសិប្បនិម្មិត ខណៈដែលកម្លាំងពេទ្យបានស្វែងរកអ្នករងរបួស ដើម្បីសង្គ្រោះបន្ទាន់។
លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចូលរួមមើលការធ្វើសមយុទ្ធសង្គ្រោះបន្ទាន់នេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្រោយបញ្ចប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះថា សមយុទ្ធបានបញ្ចប់ដោយភាពជោគជ័យ និងអាចទទួលយកបាន។ លោកបញ្ជាក់ថា ការហាត់សមជួយសង្គ្រោះបន្ទាន់នេះ គឺជាការពង្រឹងសមត្ថភាពបន្ថែមទៀតដល់កម្លាំងសង្គ្រោះដែលពាក់ព័ន្ធ នៅពេលដែលជួបនឹងហេតុការណ៏គ្រោះថ្នាក់ជាក់ស្តែង ដូចជាធ្លាក់យន្តហោះ គ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយផ្សេង។
គួរបញ្ជាក់ថា មុនការធ្វើលំហាត់សង្គ្រោះបន្ទាន់នេះ មន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រកាសដល់អាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើលចំពោះការចល័តរថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ និងកងកម្លាំងនៅតាមដងផ្លូវសំខាន់ៗ ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួននោះ៕