នៅក្នុងប្រទេសអ៊ុយក្រែន ក្រុមបក្សប្រឆាំងបីសំខាន់ៗ បន្តរួមគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យលោកប្រធានាធិបតីចុះចេញពីអំណាច និងរៀបចំការបោះឆ្នោតមុនកំណត់។បាតុករដែលមាននិន្នាការមករកសហភាពអឺរ៉ុបបានចុះថ្នល់ធ្វើបាតុកម្មតាំងពីជាងមួយសប្តាហ៍មកហើយ ដើម្បីប្រឆាំងនឹងនយោបាយ
របស់រដ្ឋាភិបាលអ៊ុយក្រែនដែលបានងាករករុស្ស៊ី និងប្រកាសបដិសេធមិនចងសម្ព័ន្ធភាពជាមួយអឺរ៉ុប។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិចនឹងត្រូវធ្វើដំណើរនៅសប្តាហ៍ក្រោយ ទៅប្រទេសរុស្ស៊ី។
នយោបាយងាកទៅរករស្ស៊ី និងបោះចោលអឺរ៉ុប របស់លោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើក្រុមប្រឆាំងឆេះដុំ និងផ្តើមធ្វើបាតុកម្មប្រឆាំងដ៏ធំ នៅទីលានវិមានឯករាជ្យ អស់មួយសប្តាហ៍មកហើយ។ ទើបតែនៅយប់ថ្ងៃសៅរ៍ម្សិលមិញ បាតុកម្មបានក្លាយជាហិង្សា នៅពេលប៉ូលិស ប្រើដំបងវាយសំពងទៅលើបាតុកររាប់រយនាក់ នៅក្នុងការបង្រ្កាប។ ប្រធានក្រុមបក្សប្រឆាំងនៅសភាបានប្តេជ្ញាបន្តធ្វើបាតុកម្មនៅថ្ងៃអាទិត្យនេះទៀត ដើម្បីដាក់គំនាបឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតមុនកាលកំណត់។ គេបារម្ភថា នឹងអាចមានអំពើហិង្សាកើតឡើងជាថ្មី នៅក្នុងបាតុកម្មនៅថ្ងៃនេះ បន្ទាប់ពីតុលាការក្រុងគៀវបដិសេធមិនឲ្យបាតុករជួបជុំតវ៉ានៅលើទីលានឯករាជ្យ។
សហភាពអឺរ៉ុប បានថ្កោលទោសអំពើហិង្សា នៅពេលដែលអាល្លឺម៉ង់បានអំពាវនាវឲ្យអាជ្ញាធរការពារសិទ្ធិធ្វើបាតុកម្មរបស់ក្រុមប្រឆាំង។
►សូមអាន៖ អឺរ៉ុបខកចិត្ត ដោយមិនអាចអូសទាញអ៊ុយក្រែនឲ្យមកនៅខាងខ្លួន តែទ្វារនៅតែបើកចំហ
នៅលើកញ្ចក់ទូរទស្សន៍ជាតិឯណោះវិញ នៅមួយសប្តាហ៍ក្រោយបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ឺរ៉ុប នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកមីកូឡា អាហ្សរ៉ូវ បានប្រកាសថា លោកប្រធានាធិបតីអ៊ុយក្រែន នឹងធ្វើដំណើរទៅទីក្រុងមូស្គូ នៅពេលលោកត្រលប់មកពីធ្វើទស្សនកិច្ច នៅប្រទេសចិន នៅសប្តាហ៍ក្រោយ។
តាមគម្រោង នៅក្នុងទស្សនកិច្ចនៅរុស្ស៊ី លោកប្រធានាធិបតី លោក វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិចនឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី ពីការកសាងឡើងវិញ នូវចំណងសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិចបានបដិសេធមិនចុះកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប។ លោកបានទាញអំណះអំណាងថា កិច្ចព្រមព្រៀងជាមួយអឺរ៉ុប នឹងធ្វើឲ្យពាណិជ្ជកម្មរបស់អ៊ុយក្រែនជួបគ្រោះថ្នាក់ ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដោយសារការដាក់ទណ្ឌកម្មពីទីក្រុងមូស្គូ។
►សូមអាន៖ ប្រទេសអ៊ុយក្រែនសម្រេចរត់ចោលសហភាពអឺរ៉ុប ទៅឱបរុស្ស៊ី
មេដឹកនាំរបស់សហភាពអឺរ៉ុបធ្លាប់បានថ្កោលទោសរុស្ស៊ី ដែលបានដាក់គំនាបលើអ៊ុយក្រែន កុំឲ្យចុះកិច្ចព្រមព្រៀង ដែលតាមពិតនឹងបើកផ្លូវឲ្យអ៊ុយក្រែនចូលជាសមាជិករបស់សហភាពអឺរ៉ុប៕