១- ការត្រៀមសំភារៈ
- ធុង ឬ ប៉ោតដែលដាក់បានទឹកចំណុះ ១០ លីត្រ ចំនួន ១ ។
- បង្គី ចប រនាស់ អង្កត់ឈើមួយដុំសំរាប់វាយបំបែកលាមកគោឲ្យម៉ត់ ។
- គំរបដបទឹកបរិសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ ។
- សំបកបាវក្រចៅចំនួន ១០ សំរាប់កន្ទក់ទំងន់ ២៥ គីឡូក្រាម ។
- បរិវេណលាយជីគួរតែលៃផ្ទៃដីចាក់សាបហើយ ដើម្បីបង្កើនកំដៅ បង្កើនគុណភាពជី ។
២- តារាងធាតុផ្សំជី
០១ | ដីផុស | ៥ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់ |
០២ | អង្កាមដុត | ២ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់ |
០៣ | លាមកសត្វគ្រប់ប្រភេទសំដិលស្ងួតម៉ត់ | ២ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់ |
០៤ | កន្ទក់ ឬ ដំឡូងមី | ២ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់ |
០៥ | ជីអង្កាមរស់ | ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់ |
០៦ | មេ EX-M | ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធ |
០៧ | កាកស្ករ (ស្ករបរិសុទ្ធ ឬ ស្កររងូ) | ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធ |
០៨ | ទឹកស្អាត ពិសេសគឺទឹកភ្លៀង | ១០ លីត្រ |
លក្ខណៈពិសេសនៃធាតុផ្សំដី
ដីផុសជាដីដំបូកងាប់ ដីមាត់ទន្លេ ដីស្រទាប់លើបង្អស់ ស្ងួត យកមកដំវាយឲ្យម៉ត់នោះជាការស្រេច។
៣- វិធីធ្វើ
+ វិធីលាយល្បាយផ្សំជី
- ដំបូងយើងយកអង្កាមដុត ដីផុស លាមកសត្វស្ងួតគ្រប់ប្រភេទ និង កន្ទក់ ជីអង្កាមរស់ ច្របល់ចូលគ្នាឲ្យសព្វក្លាយជាល្បាយតែមួយកំនត់ថាល្បាយស្ងួត (ក) ។ បើធ្វើច្រើនគួរតែ
ប្រើម៉ាស៊ីនក្រឡុកស៊ីម៉ង់តិ៍ ទើបសព្វល្អ ។ - យើងចាក់ទឹក ១០ លីត្រ ចូលក្នុងប៉ោតផ្កាឈូក ហើយចាក់កាកស្ករ ៤ គំរបទឹកបរិសុទ្ធ ឬស្មើនឹង ២០ មីលិលីត្រ យើងកូរល្បាយទឹកឲ្យសព្វកុំឲ្យមានកាកសំណល់ស្ករជាប់បាត
ប៉ោត ទើបយើងចាក់មេ EX-M ចំណុះ ៤ គំរបដបទឹកបរិសុទ្ធស្មើនឹង ២០ មីលីលីត្រ ចូលក្នុងប៉ោតផ្កាឈូកនោះ រួចកូរឲ្យសព្វកំនត់ថាល្បាយទឹក (ខ) ។ - យកល្បាយទឹក (ខ) ស្រោចលើល្បាយស្ងួត (ក) ស្រោចបណ្ដើរ ជ្រោយល្បាយស្ងួត (ក) បណ្ដើររហូដល់ល្បាយនេះ សំរេចបានសំនើម ៥០ ភាគរយ ហៅថាល្បាយសំនើម (គ) ។
* សំនើម ៥០ ភាគរយ យើងត្រូវពិនិត្យមើលដូចខាងក្រោម ៖
- យកល្បាយសំនើម (គ) ១ ក្ដាប់មកច្របាច់ បើល្បាយនេះមិនបែកចេញពីគ្នា និងមិនមានទឹកចេញតាមចន្លោះម្រាមដៃទេ ហើយលាវិញមិនបែកជាបំនែកតូចៗ មានន័យថាមិន សើមពេក និងមិនស្ងួតពេកនោះការលាយផ្សំរបស់យើងពិតជាបានត្រឹមត្រូវ ។ ល្បាយនេះគេហៅថា ល្បាយសើមជី បណ្ដុះនិងសាករុក្ខជាតិ ឬល្បាយ (ឃ) ។
- បើសិនល្បាយសំនើម (គ) មានសំនើមទទឹកខ្លាំងពេក យើងត្រូវលាយបន្ថែមល្បាយស្ងួត (ក)ចាក់ច្របល់គ្នាជាមួយល្បាយសំនើម (គ) រហូតដល់បានល្បាយ (ឃ) ។
- បើសិនល្បាយសំនើម (គ) មានសំនើមស្ងួតពេក យើងត្រូវលាយបន្ថែមល្បាយទឹក (ខ) រហូតដល់បានល្បាយ (ឃ) ។ បញ្ហានេះលោក អ្នកអាចមើលតាមរយៈការថតជាវីដេអូស៊ីឌី ។
+ វិធីផ្អាប់ជី
- ដំបូងយកល្បាយ (ឃ) លើកជារង ឬ ថ្នាលនៅកន្លែងណាដែលចាក់សាប ឬ ដីទីទួលស្ងួតម្លប់មិនត្រូវថ្ងៃ ទឹក នឹង ភ្លៀង ។ ការយកល្បាយ (ឃ) លើកជារងបន្លែមានកំពស់ ១៨ ស.ម ទៅ ២០ ស.ម ឯបណ្ដោយ និង ទទឹងតំរូវតាមសំបកបាវសំរាប់គ្របផ្អាប់ជី ។
- យកសំបកបាវក្រចៅមកគ្របលើរង ឬ ថ្នាលឲ្យជិតល្អ នោះគេហៅថាការផ្អាប់ជី ។
+ ការថែរក្សាកំឡុងពេលផ្អាប់ជី
- ការផ្អាប់ជីមានរយៈពេល ៧ ថ្ងៃ ទើបអាចក្លាយជាជីបណ្ដុះ និងសាករុក្ខជាតិបើសិនជាបរិយាកាសសើម ឬ ត្រជាក់ខ្លាំងរយៈពេលអាចលើសពីនេះ ឯកំដៅក៏ប្រែប្រួសខ្លះៗដែរ ។
- ថ្ងៃទី ១ : គិតចាប់ពីថ្ងៃលើករងគ្របបាវផ្អាប់ទុកល្បាយ (ឃ) ឲ្យបានរយៈពេល ២៤ ម៉ោង ។ យើងបើកសំបកបាវចេញកំដៅក្នុងល្បាយ (ឃ) ប្រហែល ៣៥ ទៅ ៤០ អង្សាសេ និងមានផ្សិតខ្លះៗនៅពីលើល្បាយ ។ យើងជ្រោយល្បាយ (ឃ) ឲ្យស្ដើងបន្តិច ៥ ទៅ ១០ ស.ម ឬ (៥ ឬ ១០ ហ៊ុន) ។ ទុកសំដិលរយៈពេលពី ១០ ទៅ ១៥ នាទីដើម្បីបន្ថយកំដៅមកនៅ ១៥ ទៅ ២៥ អង្សាសេវិញ ។ យើងបន្តអនុវត្តលើករងគ្របបាវដូចលើកដំបូង ។
- ថ្ងៃទី ២ : សកម្មភាពធ្វើដូចថ្ងៃទី ១ តែល្បាយ (ឃ) លើកនេះកំដៅខ្លាំងជាងថ្ងៃទី ១ (៤០ ទៅ ៤៥ អង្សាសេ)និងផ្សិតសមានច្រើនជាងថ្ងៃទី ១ ។
- ថ្ងៃទី ៣ : សកម្មភាពធ្វើដូចថ្ងៃទី ១ តែល្បាយ (ឃ) លើកនេះកំដៅខ្លាំងជាងថ្ងៃទី ២ (៤៥ ទៅ ៥០ អង្សាសេ)និងផ្សិតសមានច្រើនជាងថ្ងៃទី ១-២ ។ កំដៅនៅក្នុងថ្ងៃនេះបើយើង កប់ពងមាន់នឹងអាចចំអិនបាន ។ចំនែកផ្សិតវិញមាននៅពាសពេញក្នុង ល្បាយនេះ ។ កំដៅកើតមានរហូតដល់ ៥០ អង្សាសេនេះ គឺបាក់តេរី អ៊ី អ៊ិក្ស អិមកំពុងតែបញ្ចេញសក្តានុពលសំលាប់ ពពួកបាក់តេរីអាក្រក់ និងកាច់បំលែងល្បាយ (ឃ) ជាអាហាររបស់រុក្ខជាតិ ។ ដូចនេះក្រោយពីជ្រោយល្បាយ (ឃ) ហើយទុកហាលសំដិលចោលរយៈពេល ៤ ថ្ងៃ យ៉ាងតិចលៃយ៉ាងណាឲ្យល្បាយ (ឃ) ស្ងួតល្អទើបអាចយកទៅប្រើប្រាស់បាន ។ កាលណាយើងច្រកបាវហើយតែនៅមានកំដៅត្រូវតែយកវាមកហាលសំដិលម្ដងទៀត ។ បើសិនជាការអនុវត្តន៍លើការធ្វើជីមិនដូចការរៀបរាប់ខាងលើនោះវាមិន ត្រឹមត្រូវទេ ។ យើងត្រូវយកល្បាយនោះទៅហាលសំដិលឲ្យស្ងួត ហើយយើងធ្វើសារជាថ្មីម្ដងទៀត។
- ថ្ងៃទី ៤ ថ្ងៃទី ៥ ថ្ងៃទី ៦ ថ្ងៃទី ៧ ទុកហាលសំដិលល្បាយ (ឃ) ឲ្យស្ងួត ។
៤- ការយកមកប្រើ
- ប្រើសំរាប់ទ្រាប់បាតរណ្ដើដើម្បីដាំរុក្ខជាតិគ្រប់ប្រភេទ ។ ពិសេសគឺការស្ទូងកូនឈើ ឬផ្កាគ្រប់ប្រភេទ។
- ប្រើជាសំខាន់ក្នុងការបណ្ដុះកូនឈើ ឬសាករុក្ខជាតិ ។
- ប្រើសំរាប់បំបៅមែក ឬបណ្ដុះកូនរុក្ខជាតិ ត្រូវអនុត្ត : ជីស្ងួតបណ្ដុះ ១ភាគ ដីផុស ១ភាគ អង្កាមដុត ១ភាគ និងស្រកីដូង ១ភាគ (យកវត្ថុទាំងនេះច្របល់ចូលគ្នាឲ្យសព្វ ទើបយកមកប្រើ) ។
- គួរតែប្រើជីនេះជាមួយ ជីសរីរាង្គរបស់ក្រុមហ៊ុន (២-៥-២) ចំនួន ៣០ ភាគរយ ដើម្បីបង្កើនការលូតលាស់ ។
៥- ការថែរក្សាទុក
ជីស្ងួតបណ្ដុះ អាចរក្សាទុកបានរយៈពេល ១ ឆ្នាំ ហើយកុំឲ្យត្រូវថ្ងៃនិងទឹក ។
៦- ផលប្រយោជន៍
- យកជី EX-M បណ្ដុះ និងសាករុក្ខជាតិនេះទៅប្រើក្នុងកន្ទោងបណ្ដុះកូនឈើ ។
- ដាក់ជីនេះនៅក្នុងរណ្ដៅមុន នឹងដាក់គ្រាប់រុក្ខជាតិបណ្ដុះ ។
៧- ការចំណាយ
ក្នុងជីស្ងួតសាក និងបណ្ដុះរុក្ខជាតិនេះ ១គីឡូក្រាម ត្រូវចំណាយលើការផលិតប្រហែល ៧៥០ រៀល៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)