Pages

Friday, November 29, 2013

បាតុករថៃ​ប្រើ​កំលាំង​បាយ​​ចូលដល់​ទីស្នាក់ការ​ទាហាន​ជើងគោក​​ និង​ឡោមព័ទ្ធ​ទីស្នាក់ការ​បក្ស​កាន់អំណាច​

ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​សុក្រនេះ សកម្មជន​ប្រឆាំង​ថៃ​បាន​បន្ត​បាតុកម្ម​របស់​ខ្លួន​ ដោយបានចូល​លុក​ទៅដល់​ទីស្នាក់ការ​ទាហាន​ជើងគោក​ថៃ ព្រមទាំង​បាន​ឡោមព័ទ្ធ​ទីស្នាក់ការ​គណបក្ស​ភឿថៃ​របស់​នាយករដ្ឋមន្ត្រី​ យីងឡាក់​ទៀតផង។ 
បាតុករ​ប្រឆាំង​បានកាន់កាប់​អគារ​រដ្ឋ​សំខាន់ៗ​​ច្រើន​កន្លែង​រួច​មកហើយ ក្នុង​នោះ​មាន​ក្រសួង​ហិរញ្ញវត្ថុ។ កាលពី​ម្សិលមិញ​នេះ ក្រុមបាតុករ​បាន​ឡោមព័ទ្ធ​ស្នងការដ្ឋាន​ប៉ូលិស​ជាតិ និង​បាន​ផ្តាច់​ចរន្ត​អគ្គិសនី​នៅទីនោះ។

នៅ​ប្រទេស​ថៃ សកម្មជនប្រឆាំង​រដ្ឋាភិបាល​ បាន​​​ប្រើកម្លាំង​បាយ ចូល​លុក​ដល់​ទីស្នាក់ការ​ទាហាន​ជើងគោកថៃ​ នៅ​ថ្ងៃ​សុក្រនេះ ដោយ​បានបុក​​​ក្លោងទ្វា​​ តែ​មិន​បាន​ចូលក្នុង​អគារ​នានា​របស់​ទាហាន​ថៃ​នោះទេ។ ពួកគេ​ក៏​បាន​ឡោមព័ទ្ធ​ទីស្នាក់ការ​គណបក្ស​កាន់អំណាច​របស់​លោកស្រី​យីងឡាក់​ផងដែរ។ ទីស្នាក់ការ​បក្ស​កាន់អំណាច ជា​គោលដៅ​វាយប្រហារ​ចុងក្រោយ​​របស់​បាតុករ ដើម្បី​ដាក់សម្ពាធ​​អោយ​រដ្ឋាភិបាល​ចុះពីអំណាច។
លោក អាម៉នរតនាណុន ជា​អ្នកដឹកនាំ​ក្រុមបាតុករ​ មួយរូប បាន​លើកឡើងថា ក្រុមបាតុករ​​ចង់​បង្ហាញ​ដល់​ទាហានថៃ​ថា ប្រជាជន​ថៃ​មាន​កម្លាំង​ខ្លាំង និងមាន​ភាព​​ក្លាហាន។ ហើយ​ក្រុមបាតុករ​ចង់ដឹងថា តើ​កងទ័ព​​ប្រកាន់ជំហរ​ខាង​ប្រជាជន​ដែររឺទេ។ ប៉ុន្តែ អ្នកដឹកនាំ​បាតុកម្ម​រូបនេះ​អះអាង​ថា មិនចង់​ធ្វើរដ្ឋប្រហារ​យោធា​អ្វីនោះទេ។

ការ​អះអាង​នេះ​​ពិបាក​គួរ​ជឿបាន​ណាស់ ព្រោះថា តាំង​ពី​ពេល​ថៃ​បាន​ក្លាយ ជា​រាជាណាចក្រ​អាស្រ័យ​លើ​រដ្ឋធម្មនុញ្ញ​ ក្នុង​ឆ្នាំ​១៩៣២មក ថៃ​បាន​រង​នូវ​រដ្ឋប្រហារ​រឺក៏ការ​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ ចំនួន​១៨លើក​រួចមកហើយ។

ថ្វី​បើ​ថ្មីៗ​នេះ ព្រឹទ្ធសភា​ថៃ​បាន​ទាត់ចោល​គំរោងច្បាប់​លើកលែងទោស​របស់​រដ្ឋាភិបាល​ក្តី សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ​​នៅតែ​បន្ត​បាតុកម្ម​ខ្លាំងក្លា ទាមទារ​អោយ​លោកស្រី​យីងឡាក់ ចុះពីតំណែង និង​បិទបញ្ចប់​ប្រព័ន្ធ​​ថាក់ស៊ីន​ ដែល​បាតុករ​​ចាត់ទុកជាទូទៅ​ថា ជា​ប្រព័ន្ធ​ពុករលួយ​​។ សំរាប់​ក្រុមប្រឆាំង​ លោកស្រីយីងឡាក់ គឺ​ជា​អាយ៉ង​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ​​ជា​បងប្រុស​របស់​លោកស្រី។ លោកថាក់ស៊ីន​​ត្រូវ​បាន​ជាប់ទោស​ពីបទ​ពុករលួយ​បន្លំ​ពន្ធរដ្ឋ និង​កំពុង​​​ភៀសខ្លួន​នៅ​ក្រៅប្រទេស។

បន្ទាប់​ពី​សភាថៃ​បានបោះឆ្នោត​បន្តសេចក្តីទុកចិត្ត​ដល់​ខ្លួន​រួចមក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​យីងឡាក់ បាន​ប្រកាស​សុំចរចាជាមួយក្រុម​​បាតុករ។ ប៉ុន្តែ​ លោក ស៊ុតថេប ធោកស៊ូបាន ជា​អតីតនាយក​រដ្ឋមន្ត្រី​ថៃ និង​ជា​មេដឹកនាំ​សកម្មជន​​ប្រឆាំង​ បាន​ទាត់ចោល​រាល់​គំនិត​ចង់​ចរចា​ជាមួយ​រដ្ឋាភិបាល៕