សម្រែកទាមទាររបស់បក្សប្រឆាំងលាន់កាន់តែខ្លាំងឡើងៗ ឱ្យនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ចុះចេញពីតំណែង។ បន្ទាប់ពីបានកាន់កាប់ក្រសួងហិរញ្ញវត្ថុ ទីតាំងយុទ្ធសាស្ត្រកណ្តាលក្រុង
បាងកក នៅព្រលប់ថ្ងៃចន្ទ បាតុករបាននាំគ្នាចូលលុកលុយ ក្រសួងការបរទេសទៀត និងបានបណ្តេញបុគ្គលិកការងារចេញ ព្រមទាំងណែនាំ មិនឱ្យត្រលប់មកធ្វើការវិញនៅថ្ងៃអង្គារស្អែកទេ។ក្រសួងការបរទេសជាស្ថាប័នទីពីរ ដែលក្រុមបាតុករបក្សប្រឆាំងបានប្រើកម្លាំងបុកទម្លាយចូលលុកលុយ រំខានដេញអ្នករដ្ឋការមិនឱ្យធ្វើការកើត។ ក្រសួងហិរញ្ញវត្ថុ ត្រូវបានចូលកាន់កាប់ តាំងពីរសៀលថ្ងៃចន្ទ។ អ្នកសារព័ត៌មាន សម្រាប់វិទ្យុនិងទូរទស្សន៍ ត្រូវបង្ខំចិត្តធ្វើជាអ្នកគាំទ្រចលនាបាតុកម្ម។ អ្នកកាសែតជនជាតិអាល្លឺម៉ង់ម្នាក់ដែលធ្វើការតាំងពីយូរយារមកក្នុងប្រទេសថៃ បានត្រូវហ្វូងបាតុករវាយដំ ព្រោះចាត់ទុកជាមនុស្សគាំទ្ររដ្ឋាភិបាល។ នេះជាចលនាប្រឆាំងទ្រង់ទ្រាយធំមិនធ្លាប់មានគិតចាប់តាំងពីថៃមាននាយករដ្ឋមន្ត្រីថ្មីឆ្នាំ២០១១មក។
បាតុកររាប់សិបពាន់នាក់ បានប្រមូលផ្តុំគ្នាស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសក្នុងទ្រង់ទ្រាយកាន់តែធំឡើងៗ តាំងពីថ្ងៃអាទិត្យម្សិលមិញមក។ បាតុកម្មដែលគ្រប់គ្នាព្រួយបារម្ភខ្លាចមានការជ្រុលជ្រួស ក្លាយជាអំពើហិង្សា ដូចដែលក្រុងបាងកកធ្លាប់ជួបប្រទះរួចមកហើយ។
បាតុកម្មឆ្នាំ២០១០ ដែលកាលណោះក្រុមអាវក្រហម អ្នកស្មោះស្ម័គ្រនឹងថាក់ស៊ីន ជាបងប្រុសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីទាមទារឱ្យប្រមុខរដ្ឋាភិបាល អាប់ភីស៊ីតចុះចេញពីតំណែង បានក្លាយជាចេញកម្លាំងទ័ពវាយបំបែក និងបានរុញច្រានប្រទេសថៃឱ្យធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ រាជាណាចក្រថៃអាស្រ័យរដ្ឋធម្មនុញ្ញ។
ដើមហេតុនៃបាតុកម្ម គឺមកពីរដ្ឋាភិបាលបានស្នើបង្កើតច្បាប់លើកលែងទោស ដែលមានន័យស្មើនឹងការអាចវិលត្រលប់ចូលស្រុកវិញរបស់ថាក់ស៊ីន ប៉ុន្តែទោះបីព្រឹទ្ធសភាបានច្រានចោលទៅហើយក្តី ក៏មិនគ្រប់គ្រាន់សម្រាប់ពន្លត់ភ្លើងបាតុកម្មដែរ។ លោកស្រីនាយករដ្ឋមន្ត្រី បានឱ្យដឹងជាស្រេច ថាមិនលាលែងចេញពីតំណែងទេ និងបានចេញក្រិត្យដាក់ក្រុងបាងកកក្នុងតំបន់សន្តិសុខពិសេស។ ដូច្នេះ កម្លាំងបាតុកម្មនិងរដ្ឋាភិបាល អាចប្រឈមមុខដាក់គ្នាច្រើនថ្ងៃទៀត៕