ដើម្បី​រំងាប់​ការរិះគន់ ចិន​បង្ខំចិត្ត​ដំឡើង​ជំនួយ​ឲ្យ​ប្រជាជន​ហ្វីល្លីពីន




ដោយ គួច គន្ធារ៉ា
នៅ​ទីបំផុត រដ្ឋាភិបាល​ចិន​បាន​សម្រេច​បង្កើន​ជំនួយ​បន្ថែម​ឲ្យ​ប្រជាជន​ហ្វីលីពីន​ដែល​រងគ្រោះ​ដោយ​ព្យុះ​សង្ឃរា​ហៃយ៉ាន។ ការ​សម្រេច​ដំឡើង​ជំនួយ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចិន​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លំាង​ចំពោះ​ជំនួយ​ដ៏​តិចតួច​របស់​ខ្លួន​ដែល​បាន​ប្រកាស​ផ្តល់​ឲ្យ​ប្រជាជន​ហ្វីលីពីន​កាល​ពី​ដើម​សប្តាហ៍​នេះ។
១០០ ០០០ដុល្លារ នេះ​ជា​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ គឺ​ជា​ទឹកប្រាក់​ដ៏​តិចតួច​ខ្លំាង​ណាស់ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​លោក។ នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ទីក្រុង​ប៉េកំាង​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លំាង​ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក។ គឺ​ជា​ចំនួន​ទឹកប្រាក់​មួយ​ដែល​ត្រូវ​បាន​ទស្សនាវដ្តី​អាមេរិកំាង​ឈ្មោះ Time ឲ្យ​ចំណង​ជើង​ដោយ​ចំអក​ថា « ទឹកលុយ​មាន​លក្ខណៈ​ប្រមាថ »។

តែ​នៅ​ទីបំផុត និង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រិះគន់ ស្ថានទូត​ចិន​ប្រចំា​ទីក្រុង​ម៉ានីល​បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ជំនួយ​បន្ថែម​ចំនួន ១០លានយ័ន ស្មើ​នឹង ១ ២០០ ០០០អឺរ៉ូ ក្រោម​ទ្រង់ទ្រាយ​ជា​សម្ភារៈ​ប្រើប្រាស់ មាន​ដូច​ជា ភួយ មុង​ជាដើម។ នៅ​ក្នុង​សេចក្តីជូន​ដំណឹង​របស់​ស្ថានទូត​ចិន​ប្រចំា​ហ្វីលីពីន​ឲ្យ​ដឹង​ថា សម្ភារៈ​ទំាង​នោះ​កំពុង​រៀបចំ និង​ផ្តើម​បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​នា​ពេល​ឆាប់ៗ។

គួរ​ជម្រាប​ជូន​ថា កាយវិការ​មនុស្សធម៌​របស់​ចិន​ចំពោះ​ជនរងគ្រោះ​ហ្វីលីពីន​ពេល​នេះ​បាន​និង​កំពុង​ក្លាយ​ជា​ប្រធានរឿង​ជជែក​គ្នា​យ៉ាង​ផុសផុល​រវាង​ប្រជាជន​ចិន​នៅ​លើ​បណ្តាញ​សង្គម​ចិន។ ក្រុម​អ្នកជាតិនិយម​ចិន​ហាក់​ដូច​ជា​មិន​បាន​គំាទ្រ​ចំពោះ​កាយវិការ​មនុស្សធម៌​របស់​រដ្ឋាភិបាល​ចិន​ទេ។ ក្រុមអ្នកជាតិនិយម​ចិន​មិន​ញញើត​នឹង​ចោទ​ប្រកាន់​លើ​រដ្ឋាភិបាល​ហ្វីលីពីន​ពី​ភាព​មិន​ស្មោះត្រង់ និង​ថា រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រើប្រាស់​លុយជំនួយ​របស់​ចិន​ដើម្បី​ទិញ​គ្រឿងសព្វាវុធ​ទុក​វាយប្រហារ​លើ​ចិន​វិញ។ យ៉ាង​ណា​ក៏​ដោយ បណ្តាញ​ឃោសនា​មហាជន​របស់​រដ្ឋ​ចិន​បាន​ព្យាយាម​រំងាប់​ភាព​ក្តៅក្រហាយ​របស់​ពលរដ្ឋ​ចិន និង​រម្លឹក​ថា វា​ជា​ផលប្រយោជន៍​របស់​ចិន​ក្នុង​ការ​ជួយ​ប្រជាជន​ហ្វីលីពីន។ នៅ​ក្នុង​បទវិចារណកថា​មួយ​ឲ្យ​ដឹង​ថា ចិន ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​មួយ​ត្រូវ​តែ​ចូលរួម​ជួយ​សង្គ្រោះ​ប្រទេស​ជិតខាង​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ ទោះ​បី​ជា​ប្រទេស​នោះ ជា​មិត្ត ឬ​ជា​សត្រូវ​ក៏​ដោយ។

គួរ​រម្លឹក​ជូន​ថា ចិន និង​ហ្វីលីពីន​កំពុង​មើល​មុខ​គ្នា​មិន​ចំ​ដោយសារ​តែ​ជម្លោះ​ដណ្តើម​កោះ​គ្នា​កាន់កាប់​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។ ហ្វីលីពីន​កំពុង​ទាមទារ​អធិបតេយ្យ​កោះ Scarborough ដែល​មាន​ចម្ងាយ ២០០គីឡូម៉ែត្រ​ពី​ឆ្នេរ​ហ្វីលីពីន និង​ដែល​ចិន​បាន​ចូលកាន់កាប់​កាល​ពី​ឆ្នំា ២០១២៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors