នៅថ្ងៃព្រហស្បតិ៍នេះ តុលាការអាល្លឺម៉ង់បានបើកសវនាការជំនុំជម្រះលើអតីតប្រធានាធិបតី ដោយចោទប្រកាន់ពីបទពុករលួយ ដោយសារតែលោកបានទទួលកាដូតម្លៃ ៧០០អឺរ៉ូ។
នេះគឺជាលើកទីមួយហើយ ដែលអតីតប្រមុខរដ្ឋអាល្លឺម៉ង់ត្រូវតុលាការយកមកកាត់ទោស។រឿងអាស្រូវជុំវិញលោក Christian Wulff បានចាប់ផ្ទុះឡើង តាំងពីឆ្នាំ២០១១ ដែលនៅពេលនោះ លោកនៅកាន់តំណែងជាប្រធានាធិបតីអាល្លឺម៉ង់នៅឡើយ។គួរបញ្ជាក់ថា នៅអាល្លឺម៉ង់តំណែងប្រធានាធិបតីគ្រាន់តែជាតំណែងកិត្តិយសជានិមិត្តរូបប៉ុណ្ណោះ ប៉ុន្តែ មិនមានអំណាចអ្វីនោះទេ។ អំណាចពិតប្រាកដស្ថិតក្នុងដៃប្រមុខរដ្ឋាភិបាល។នៅចុងឆ្នាំ២០១១ សារព័ត៌មានអាល្លឺម៉ង់បាននាំគ្នាចុះផ្សាយព័ត៌មានមួយចំនួន ដែលនាំឲ្យមានការសង្ស័យថា លោក Christian Wullf បានប្រព្រឹត្តអំពើពុករលួយ នៅក្នុងពេលដែលលោក
នៅកាន់តំណែងជាមន្រ្តីជាន់ខ្ពស់ នៅក្នុងតំបន់មួយរបស់អាល្លឺម៉ង់ (Basse-Sax) នៅចន្លោះ ឆ្នាំ២០០៣-២០១០ ពោលគឺ មុនពេលដែលលោកឡើងកាន់តំណែងជាប្រធានាធិបតីអាល្លឺម៉ង់។ រឿងអាស្រូវបានផ្ទុះឡើងកាន់តែខ្លាំង ធ្វើឲ្យលោក Christian Wulff ត្រូវបង្ខំចិត្តលាលែងពីតំណែងប្រធានាធិបតី នៅឆ្នាំ២០១២ ក្រោយពីតុលាការបានបើកការស៊ើបអង្កេត និងសម្រេចដកអភ័យឯកសិទ្ធិលើរូបលោក។ លោក Christian Wulff ត្រូវបានតុលាការចោទប្រកាន់ពីបទថាបានទទួលកាដូពីមិត្តភ័ក្តិជាមហាសេដ្ឋីម្នាក់ កាលពីឆ្នាំ២០០៨។ ជាថ្នូរនឹងកាដូនោះ លោក Christian Wulff បានប្រើឋានៈរបស់ខ្លួន ដើម្បីជួយធ្វើអន្តរាគមន៍ក្នុងការធ្វើជំនួញរបស់មិត្តភ័ក្តិជាមហាសេដ្ឋីនោះ។ កាដូនោះ បើគិតជាទឹកប្រាក់ មានតម្លៃតែប្រមាណជា ៧០០អឺរ៉ូតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក Christian Wulff អាចនឹងត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារ ៣ឆ្នាំ ប្រសិនបើតុលាការរកឃើញកំហុសពិតមែន។
សវនាការកាត់ទោសលោកអតីតប្រធានាធិបតីអាល្លឺម៉ង់ ដែលបើកធ្វើ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នឹងត្រូវបន្តធ្វើរហូតទៅដល់ខែមេសា ឆ្នាំ២០១៤។ ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២មក នេះ គឺជាលើកទី១ហើយ ដែលតុលាការអាល្លឺម៉ង់បើកការជំនុំជម្រះទៅលើអតីតប្រមុខរដ្ឋ។
គួរបញ្ជាក់ផងដែរថា លោក Christian Wulff ធ្លាប់ជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងគណបក្សអភិរក្សនិយមជាមួយនឹងលោកស្រី អង់ហ្គេឡា មែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់៕