កន្ធុំថេត ដែលមានឈ្មោះវិទ្យាសាស្ត្រហៅថា Leucaena Glaucr ឈ្មោះជាភាសាអង់គ្លេសហៅថា លីដទ្រី (Lead tree) ។
នៅប្រទេសកម្ពុជាយើង ” កន្ធុំថេត ” ត្រូវបានគេហៅដោយឈ្មោះជាច្រើនដូចជា សំបួរ, កន្ទុំទេស, កន្ធុំថេត ជាដើម ។
រុក្ខជាតិនេះមានដុះនៅស្ទើរគ្រប់ទីកន្លែងដោយការដាំ ឬ ត្រូវបានដុះដោយប្រការណាមួយ ។
ខ្មែរយើងនិយមដាំវាធ្វើនៅរបងរស់ ដាំលាយជាមួយដំណាំផ្សេងៗ ឯការប្រើការវិញនោះគឺភាគច្រើននិយមនាំគ្នាបេះយកត្រួយ
ខ្ចីៗមកធ្វើជាល្បោយនំបញ្ចុក និងជួនកាលយកធ្វើជាអន្លក់ក៏មាន ។
ជារុក្ខជាតិ មួយប្រភេទ ដែលមានការលូតលាស់់យ៉ាងឆាប់រហ័សដើមនិងមែករបស់វាអាចយកមកធ្វើជា អុសដុតសម្រាប់ចំអិនអាហារ សំបករបស់វាគេយកធ្វើជាលក្ខពណ៌លឿង ឯផ្លែខ្ចីៗរបស់វាកូនក្មេងចូលចិត្តបេះយកមកប្រឡេះគ្រាប់បរិភោគ លេង ចំណែកស្លឹករបស់វាវិញ គឺជាចំណីសត្វយ៉ាងល្អបំផុត ពីព្រោះវាសម្បូរណ៌ដោយប្រូតេអ៊ីនយ៉ាងច្រើន ។
វាអាចដុះ លូតលាស់រហូតដល់កំពស់ ៨ម៉ែត្រ តែជួនកាលមានកំពស់ទាបជាងនេះបើសិនវាស្ថិតនៅកន្លែងមានអាកាសធាតុ ក្តៅខ្លាំង ។
ការប្រើប្រាស់ៈ
កន្ធុំថេត មានសារៈសំខាន់យ៉ាងខ្លាំងចំពោះផ្នែកសិកម្ម ពីព្រោះវាជារុក្ខជាតិម្យ៉ាងដែលអាចជួយរក្សាដីឲ្យមានលំនឹងមិន បាត់បង់ជីជាតិបើសិនវាត្រូវបានដាំនៅលើដីដែលទុកទំនេរចោល ។
ស្លឹករបស់ វា បើត្រូវបានបេះ និងបូតដាក់សំដិលក្នុងម្លប់ចំនួន ២ថ្ងៃ អាចយកមកលាយឲ្យសត្វគ្រប់ប្រភេទស៊ីបាន ដោយលាយក្នុងអត្រា ២០ ទៅ ៣០ ភាគរយនៃចំនួនចំណីសរុប ។ យើងមិនអាចយកស្លឹកកន្ធុំថេតមកអោយសត្វស៊ីពេលនៅស្រស់ៗបានឡើយ គឺចាំបាច់ត្រូវហាលក្នុងម្លប់ជាមុនសិន បើមិនដូច្នេះទេត្រូវយកវាមកត្រាំលាយជាមួយទឹកស្ករកាកអំពៅ ទុកចោលមួយយប់សិនមុននឹងឲ្យសត្វវាស៊ី យើងអាចផ្តល់ស្លឹកនេះឲ្យមាន់ ទា ជ្រូក ពពែ ត្រី ទន្សាយស៊ី អាចជំនួសពោតឬ សណ្តែក បានមួយរយភាគដែរ ។ ចំណែកស្លឹកតូចៗរបស់វាដែលជ្រុះក្រោមដើម យើងអាចបោសប្រមូលកើបយកមកដាក់ក្នុងរណ្តៅដាំដំណាំ ឬ យកមកលាយជាមួយដីសម្រាប់ដាក់បណ្តុះគ្រាប់ដំណាំផ្សេង ឬអាចយកមកដាក់គ្របលើគល់ដំណាំក៏បាន ។
នៅប្រទេស ឥណ្ឌាគេបានផលិតម៉ាស៊ីនម្យ៉ាង អាចដំណើរការដោយដុតអុសយកចំហេះមកផ្តល់ឲ្យម៉ាស៊ីនជាជំនួសប្រេង ដោយប្រើប្រាស់ដើម និងមែកកន្ធុំថេតសម្រាប់វត្ថុធាតុដើម ។
ដីនៅក្នុង ចំការ ដែលពុំសូវល្អគួរដាំដើមកន្ធុំថេតនេះចោលដើម្បីឲ្យវាជួយបង្កើន ជីជាតិឲ្យដីត្រឡប់មកវិញ ប្រសើរជាងដាំដំណាំផ្សេងៗដែលគ្មានប្រយោជន៍ ។
វិធីមួយនៃការប្រើប្រាស់កន្ធុំថេត គឺត្រូវដាំវាជាជួរៗ តែត្រូវកាត់តម្រឹមវានៅពេលវាមានកំពស់បាន ១ម៉ែត្រកន្លះ ដោយចងខ្សែពីចុងជួរម្ខាងមកចុងជួរម្ខាងទៀត ដើម្បីងាយស្រួលកាត់តម្រឹមវា
នៅពេលដែលមាន ត្រួយថ្មីលាស់មកយើងអាចកាត់ត្រួយនោះយកមកធ្វើជាដំណាំសត្វបាន យើងអាចប្រមូលត្រួយនេះបាន២ ទៅ ៣ដងក្នុង ១សបា្តហ៍ បើសិនជាយើងមានដាំច្រើន ។
សម្រាប់នៅ ទីកន្លែងដែលគ្មានអុសដុតយើងអាចដាំកន្ធុំថេត អង្គារដី អង្កាញ់ឲ្យបានច្រើនពីព្រោះវាសឹងជាដំណាំដែលដុះលូតលាស់លឿនអាចឲ្យ យើងយកមកប្រើការធ្វើអុសដុតបាន ។
ទោះបីកន្ធុំថេតជារុក្ខជាតិមួយយ៉ាងសាមញ្ញក៏ពិតមែន តែវាមានប្រយោជន៍យ៉ាងច្រើនសម្រាប់កសិករដែលមានចិញ្ចឹមសត្វ ។
នៅប្រទេសខ្លះគេបានដាំកន្ធុំថេតនៅក្នុងចំការធំៗ ដើម្បីយកស្លឹកវាធ្វើចំណីសត្វ និងយកដើមវាធ្វើថាមពលផ្គត់ផ្គង់ឲ្យម៉ាស៊ីនភ្លើង ។
ចំពោះតំបន់ ណាដែលគ្មានអុសព្រៃ គេបានដាំកន្ធុំថេតនៅលើដីទំនេរគ្រប់ទីកន្លែង ក្រោយមកវាបានក្លាយជាព្រៃអុស ជំនួសឲ្យការលំបាកគ្មានអុសដុត កាត់បន្ថយបានពេលវេលាដើររកអុស កាត់បន្ថយបានការបំផ្លាញព្រៃ និងជួយធ្វើឲ្យដីរក្សាបាននូវលំនឹងរបស់វាមិនបាត់បង់ជីជាតិ៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)