ហ្វីលីពីន៖ ជំនួយ​អន្តរជាតិ​ផ្តើម​ទៅ​ដល់​ជា​បណ្តើរៗ តែ​ឧបសគ្គ​នៅ​តែ​មាន




ដោយ គួច គន្ធារ៉ា
នៅ​ប្រទេស​ហ្វីលីពីន មួយ​សប្តាហ៍ ក្រោយ​ពី​បាន​ទទួល​រងគ្រោះ​ដោយ​ខ្យល់ ព្យុះសង្ឃរា​ហៃយ៉ាន​មក ជំនួយ​អន្តរជាតិ​សម្រាប់​ជនរងគ្រោះ​ហាក់​ដូច​ជា​មាន​សន្ទុះ​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់។ តំាង​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ សហគមន៍​អន្តរជាតិ​បាន​ខ្នះខ្នែង​ប្រមែប្រមូល​ជំនួយ មាន​ដូច​ជា​ស្បៀងអាហារ
ថ្នំាពេទ្យ ព្រម​ទំាង​សម្ភារៈបរិក្ខារ​ផ្សេងៗ​ទៀត​ជា​ច្រើន។ តែ​អ្វី​ដែល​ជា​ឧបសគ្គ​រួម​សម្រាប់​ក្រុមអ្នកជួយ​សង្រ្គោះ គឺ​បញ្ហា​ទំនាក់ទំនង និង​បញ្ហា​ដឹកជញ្ជូន​ជំនួយ​ទៅ​ដល់​កន្លែង​កើតហេតុ ព្រោះ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លំាង​ដោយ​ខ្យល់ព្យុះ​ហៃយ៉ាន។ និយាយ​ពី​តួលេខ​ចំនួន​អ្នកស្លាប់​វិញ គិត​មក​ដល់​ថ្ងៃ​សុក្រ ទី១៥ វិច្ឆិកា​នេះ គឺ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​តួលេខ​ផ្តល់​ដោយ​អង្គការសហប្រជាជាតិ និង​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន។
នៅ​ថ្ងៃ​ដំបូង ពោល​ប៉ុន្មាន​ម៉ោង​ក្រោយ​ទទួល​ខ្យល់​ព្យុះ​ហៃយ៉ាន​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​មក រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រកាស​ពី​ចំនួន​មនុស្ស​ស្លាប់​ជាង ១០ ០០០នាក់។ តែ​នៅ​ថ្ងៃ​សុក្រ ទី១៥ វិច្ឆិកា​នេះ អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា មាន​ស្លាប់​យ៉ាង​តិច ៤ ៤៦០នាក់។ ស្រាប់​តែ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រកាស​ច្រាន​ចោល​តួលេខ​នេះ និង​ប្រាប់​តួលេខ​ថ្មី​ដែល​បញ្ជាក់​ថា ចំនួន​មនុស្ស​ស្លាប់​មាន​ក្នុង​រង្វង់​តែ​ពី ២ ០០០ ទៅ ២ ៥០០នាក់​ប៉ុណ្ណោះ។

តាម​ពិត​ទៅ គឺ​លោក​ស្នងការ​ប៉ូលិស​ក្នុង​ស្រុក​តាក្លូបាន Elmer Soria ជា​អ្នក​ដែល​បាន​ប្រកាស​តួលេខ​ចំនួន​មនុស្ស​ស្លាប់​ជាង ១០ ០០០នាក់។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អាមេរិកំាង CNN កាល​ពី​ថ្ងៃ​អង្គារ ទី១២ វិច្ឆិកា លោក​ប្រធានាធិបតី​ហ្វីលីពីន Benigno Aquino បាន​លើក​យក​ហេតុផល​ថា ការ​ដែល​រដ្ឋអំណាច​ក្នុង​ស្រុក​តាក្លូបាន បាន​បំប៉ោង​តួលេខ​ចំនួន​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ ១០ ០០០នាក់ មក​ពី​ពួក​គេ​បាន​ភ្ញាក់ផ្អើល​នឹង​គ្រោះមហន្ត​ធំធេង​ដោយ​ឥទ្ធិពល​ខ្យល់គ្រោះ​ហៃយ៉ាន​ខ្លំាង​ពេក។ ខណៈ​នេះ លោក​ស្នងការ​ប៉ូលិស​ក្នុង​ស្រុក​តាក្លូបាន Elmer Soria ត្រូវ​បាន​គេ​ព្យួរ​ពី​តំណែង ដោយសារ​ការ​ប្រកាស​បំប៉ោង​តួលេខ​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជ្រុល។

យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​មាន​ការ​លើក​ឡើង​នូវ​តួលេខ​ខុស​គ្នា​នៃ​ចំនួន​មនុស្ស​ស្លាប់​ក៏​ដោយ ក៏​គេ​ពិបាក​នឹង​ដឹង​តួលេខ​ច្បាស់លាស់​ណាស់ ព្រោះ​ថា ក្រៅ​ពី​រាប់​ឃើញ​សាកសព​ផ្ទាល់​នឹង​កន្លែង​កើត​ហេតុ នៅ​មាន​សាកសព​កប់​ក្រោម​គំនរ​ខ្យល់ព្យុះ និង​សាកសព​ដែល​ត្រូវ​បាន​ទឹកសមុទ្រ​អូសទាញ​ទៅ​ជាមួយ។

ជនរងគ្រោះ​សម្តែង​កំហឹង​ប្រឆំាង​រដ្ឋាភិបាល

ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ គេ​សង្កេត​ឃើញ​ប្រជាជន​ហ្វីលីពីន ពិសេស​ជន​រងគ្រោះ​បាន​បញ្ចេញ​កំហឹង​កាន់​តែ​ខ្លំាង​ឡើងៗ​ប្រឆំាង​នឹង​រដ្ឋាភិបាល ពិសេស​រូប​លោក​ប្រធានាធិបតី​អាគីណូ។ ក្រៅ​ពី​កំហឹង​ដែល​ពួក​គេ​បាន​ស្តីបន្ទោស​លោក​អាគីណូ ពី​ការ​មិន​បាន​ជូន​ព័ត៌មាន​ជា​មុន ជុំវិញ​ការ​មក​ដល់​នូវ​ខ្យល់ព្យុះ​ហៃយ៉ាន ជនរងគ្រោះ​ក៏​បាន​ស្តីពី​បន្ទោស​រដ្ឋាភិបាល​ពី​ភាព​យឺតយ៉ាវ និង​ការ​ចាត់ចែង​ស្ថានការណ៍​មិន​បាន​ល្អ នៅ​ក្រោយ​ព្យុះ​សង្ឃរា​នោះ ពិសេស ការ​រៀបចំ​ផ្តល់​ជម្រកបណ្តោះអាសន្ន និង​ការ​ផ្តល់​ជំនួយ មាន​ស្បៀងអាហារ និង​ថ្នាំពេទ្យ​ជា​ដើម។

មួយ​សប្តាហ៍​បាន​កន្លង​ផុត​ទៅ តែ​គេ​សង្កេត​ឃើញ​សាកសព​ស្ថិត​នៅ​ពាសវាល ពាសកាល និង​ខ្លិនអាសោច​កំពុង​ហោះ​វិលវល់​នៅ​ក្នុង​បរិយាកាស។ ទន្ទឹម​គ្នា​នេះ ការ​ចែកចាយ​ជំនួយ​បន្ទាន់ មាន​ដូច​ជា​ស្បៀងអាហារ និង​ទឹកស្អាត​ក៏​បន្ត​រអាក់រអួត រហូត​ដល់​បង្ក​ឲ្យ​មាន​ការ​ឈ្លោះ​ដណ្តើម​គ្នា។ មាន​កន្លែង​ខ្លះ​បាន​ទទួល​ជំនួយ​ច្រើន រីឯ​កន្លែង​ខ្លះ​ទៀត នៅ​តែ​ទទួល​បាន​ដោយ​តក់ៗ​ដដែល។ យោង​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ ខ្យល់ព្យុះ​ហៃយ៉ាន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​បាត់បង់​លំនៅដ្ឋាន​ជាង ៩២០ ០០០នាក់ និង​ដែល​ភាគច្រើន នៅ​មិន​ទាន់​បាន​ទទួល​ជំនួយ​អ្វី​ទំាង​អស់។ តែ​លោក​ប្រធានាធិបតី​អាគីណូ​បាន​ចេញ​មុខ​និយាយ​ការពារ​ខ្លួន​ថា បើ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​សកម្មភាព​បង្ការ​អ្វី​ទេ​នោះ ម្ល៉េះ​ចំនួន​មនុស្ស​ស្លាប់​នឹង​អាច​មាន​ច្រើន​ជាង​នេះ។

ជំនួយ​អន្តរជាតិ​ផ្តើម​ទៅ​ដល់​ជា​បណ្តើរៗតែ​នៅ​យឺតយ៉ាវ​ខ្លំាង
គិត​មក​ដល់​ថ្ងៃ​នេះ ជំនួយ​អន្តរជាតិ​កំពុង​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​លឿន។ កម្លំាង​ជំនួយ​ដែល​គ្រប់​គ្នា​ចាត់​ទុក​ថា​សំខាន់​ជាង​គេ​ថ្ងៃ​នេះ គឺ​ការ​ទៅ​ដល់​ឆ្នេរសមុទ្រ​ហ្វីលីពីន​របស់​នាវា​សម្រាប់​ដឹកយន្តហោះ​អាមេរិកំាង​ឈ្មោះ “George Washington” និង​បន្ត​ដោយ​នាវា​ចម្បំាង​អាមេរិកំាង​ចំនួន ៧ផ្សេង​ទៀត។ នាវា “George Washington” មាន​ដឹកនំា​ទៅ​ជាមួយ​នូវ​កងទាហាន​អាមេរិកំាង​ចំនួន ៥ ០០០នាក់ ឧទ្ធម្ភាគចក្រ​ចំនួន ២១គ្រឿង ព្រម​ទំាង​សម្ភារៈបរិក្ខារ​ជា​ច្រើន​ទៀត មាន​ដូច​ជា​ស្បៀងអាហារ និង​ថ្នំាពេទ្យ។

ក្រៅ​ពី​អាមេរិក ជំនួយ​របស់​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ផ្តើម​ទៅ​ដល់ និង​គ្រោង​ទៅ​ដល់​ប្រទេស​ហ្វីលីពីន​ជា​បណ្តើរៗ រួម​មាន​ពី​ប្រទេស​អង់គ្លេស​ជាមួយ​នឹង​ជំនួយ​សម្ភារៈ និង​ស្បៀងអាហារ​ចំនួន ២២ ០០០តោន គិត​ជា​លុយ​មាន​ជាង ៣២លានដុល្លារ ប្រទេស​អាល្លឺម៉ង់​ចំនួន ២៣តោន ប្រទេស​ន័រវែស​សន្យា​ជួយ​ជាង ១០លានដុល្លារ គណៈកម្មការ​អឺរ៉ុប​សន្យា​ផ្តល់ ១៣លានអឺរ៉ូ ប្រទេស​អូស្ត្រាលី​សន្យា​ផ្តល់​ចំនួន ២១លានអឺរ៉ូ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​គូវ៉ែត​សន្យា​ផ្តល់​ឲ្យ​ក្នុង​ម្នាក់ៗ​ចំនួន ១០លានដុល្លារ។ ចំណែក​ប្រទេស​ខ្លះ​ទៀត​បាន​បញ្ជូន​ក្រុមអ្នកជួយសង្រ្គោះ​ទៅ​កន្លែង​គ្រោះថ្នាក់​ផ្ទាល់។

ងាក​ទៅ​មើល​ប្រទេស​អាស៊ី ជប៉ុន​ជា​ប្រទេស​ដែល​បាន​ផ្តល់​ឲ្យ​ច្រើន​ជាង​គេ គឺ​មាន​ដល់​ទៅ ៣០លានដុល្លារ។ ចិន​ដែល​កំពុង​ប្រឈម​មុខ​ទល់​នឹង​ហ្វីលីពីន​រឿង​ជម្លោះ​ដណ្តើម​កោះ​គ្នា​បាន​បង្កើន​ជំនួយ​ដល់​ទៅ ១លាន ២សែន​អឺរ៉ូ បន្ទាប់​ពី​បាន​ជួយ​ដំបូង​តែ ១០ម៉ឺនដុល្លារ។ រីឯ​វៀតណាម​ដែល​បាន​ទទួល​រងគ្រោះ​ខ្យល់ព្យុះ​ហៃយ៉ាន​ដូច​គ្នា តែ​ស្រាល​ជាង បាន​ចូលរួម​ជួយ​ចំនួន ១០០ ០០០ដុល្លារ។ ចុង​ក្រោយ គឺ​ប្រទេស​កម្ពុជា​ក៏​បាន​ផ្តល់​ឲ្យ​ជនរងគ្រោះ​ហ្វីលីពីន​ចំនួន ១០០ ០០០ដុល្លារ។

យ៉ាង​ណា​ក៏​ដោយ អង្គការ​សហប្រជាជាតិ​បាន​កត់សម្គាល់​ឃើញ​ជា​រួម​ថា ជំនួយ​នៅ​តែ​មាន​ការ​យឺតយ៉ាវ​ខ្លំាង និង​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ចំនួន ៣០១លានដុល្លារ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors