នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ប្រធានាធិបតីបារាំងនឹងចុះទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅចំពោះមុខទស្សនកិច្ចនេះ បារាំងដែលមានជំហរតឹងរ៉ឹងចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានធ្វើអោយអ៊ីរ៉ង់ដែលជាសត្រូវរបស់អ៊ីស្រាអែល រឹតតែគិតថា បារាំងមិនចេះយោគយល់
អធ្យាស្រ័យអ៊ីរ៉ង់សោះឡើយ។ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស៊័រ ហូឡង់ នឹងទស្សនកិច្ចអ៊ីស្រាអែលនិងប៉ាឡេស្ទីន ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារ សប្តាហ៍ក្រោយ។
ទស្សនកិច្ចរបស់លោកហូឡង់ នឹងអមដំណើរដោយរដ្ឋមន្ត្រីបារាំងជាង១២រូប ក្នុងនោះមានប្រមុខការទូតបារាំង ឡូរ៉ង់ ហ្វាប៊ីយុស ព្រមទាំងប្រធានក្រុមហ៊ុនបារាំងជាច្រើនរូបផងដែរ។នៅអ៊ីស្រាអែល ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង មានទិសដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងបារាំងនិងអ៊ីស្រាអែល អោយមានសំទុះសាជាថ្មីម្តងទៀត។ ទំនាក់ទំនងពាណិជ្ជកម្មបារាំង-អ៊ីស្រាអែល កាលពីឆ្នាំ២០១១ មានជាទឹកប្រាក់ប្រមាណជាង២ពាន់លានអឺរ៉ូ។ក្រៅពីត្រូវជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន នេតានីយ៉ាហ៊ូ ប្រធានាធិបតីបារាំងក៏នឹងជួបជាមួយប្រធានរដ្ឋអំណាចប៉ាឡេស្ទីន ម៉ាមូឌ អាបាស ផងដែរ។ ក្នុងទស្សនកិច្ចនេះ លោកហូឡង់ក៏នឹងជំរុញលើកទឹកចិត្តអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងកិច្ចពិភាក្សាស្វែងរកដំណោះស្រាយសន្តិភាពជាមួយគ្នា ពិសេសអោយភាគីទាំងពីរបានកាត់បន្ថយទំនាស់រវាងគ្នានិងគ្នាផងដែរ។ ប្រធានាធិបតីបារាំងចង់អោយមានការធានាសន្តិសុខដល់អ៊ីស្រាអែល។ តែលោកក៏ប្រហែលជាត្រូវបរិហារជាថ្មីម្តងទៀតដែរ នូវការបន្តសាងសង់តំបន់អាណានិគមជនជាតិហ្ស៊ីហ្វ ក្នុងទឹកដីប៉ាឡេស្ទីន ដែលជាការគំរាមដល់កិច្ចពិភាក្សាសន្តិភាព។
ដោយឡែក ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង នៅអ៊ីស្រាអែលដែលជាសត្រូវរបស់អ៊ីរ៉ង់នោះ ធ្វើអោយអ៊ីរ៉ង់កាន់តែយល់ថា បារាំងមិនចេះអធ្យាស្រ័យអ៊ីរ៉ង់ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរថែមទៀត។ ក្នុងកិច្ចប្រជុំប្រទេសមហាអំណាច៥+១ កន្លងមក បារាំងបានបង្ហាញជំហរតឹងតែងចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ បារាំងរួមទាំងប្រទេសលោកខាងលិចផ្សេងទៀត តែងបារម្ភខ្លាចអ៊ីរ៉ង់លួចផលិតអាវុធបរមាណូ តាមរយៈកម្មវិធីនុយក្លេអ៊ែរស៊ីវិល៕