អំឡុងពេលអញ្ជើញទៅចូលរួមក្នុងជំនួបកំពូលនៃក្រុមអ្នកប្រជាធិបតេយ្យសេរីនិយមអាស៊ីលើកទី២០ ដែលប្រារព្ធធ្វើនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នេះ លោកប្រធាន សម រង្ស៊ី បានថ្លែងទៅកាន់មិត្តអ្នកប្រជាធិបតេយ្យមកពី១១ប្រទេស ដែលបានចូលរួមក្នុងជំនួបកំពូលនេះថាបណ្តាប្រទេសទាំងឡាយ ជាពិសេសសមាជិកអាស៊ាន
ទាំងអស់ គួររួបរួមគ្នាលើគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ដោយយកគំរូតាមសហភាពអឺរ៉ុប ដែលបានសម្រេចជោគជ័យទាំងក្នុងវិស័យនយោបាយទាំងវិស័យសេដ្ឋកិច្ច។ហើយសម្រាប់ប្រទេសកម្ពុជាវិញ លោកប្រធាន សម រង្ស៊ី បានប្តេជ្ញារក្សានូវគោលជំហរយ៉ាងច្បាស់លាស់ក្នុងការតស៊ូទាមទារស្វែងរកការពិត និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ព្រោះគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយសារតែប្រជារាស្ត្រខ្មែរទូទៅស្រេកឃ្លានបំផុត ក្នុងការផ្លាស់ប្តូរមេដឹកនាំថ្មី ព្រោះពួកគេស្អប់ខ្ពើមការដឹកនាំដ៏ពុករលួយ បក្ខពួកនិយម លួចជាតិបំផ្លាញជាតិ របស់គណបក្សប្រជាជនកម្ពុជា ដែលអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ គ្មានអ្វីរីកចម្រើនជាដុំកំភួននោះទេ។
លោកប្រធាន សម រង្ស៊ី បានថ្លែងអំណរគុណដល់មិត្តប្រជាធិបតេយ្យទាំងអស់ដែលបានលើកទឹកចិត្ត និងធ្លាប់បានចែករំលែកនូវបទពិសោធន៍ជាច្រើនដល់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ យកទៅអនុវត្តន៍ដើម្បីដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ហើយការលើកជាអនុសាសន៍ និងយោបល់ជាច្រើន របស់មិត្តអ្នកប្រជាធិបតេយ្យបានធ្វើឲ្យលោកប្រធាន សម រង្ស៊ី មានកម្លាំងកាយកម្លាំងចិត្ដដឹកនាំបេសកកម្មដ៏មានតម្លៃរហូតទាល់តែទទួលបានជោគជ័យដូចការរំពឹងទុក។ តាំងពីពេលដែលលោកប្រធាន សម រង្ស៊ី ស្ថិតនៅនិរទេសខ្លួនដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមអ្នកក្រាញអំណាច តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ គឺមិត្តអ្នកប្រជាធិបតេយ្យក្នុងក្របខ័ណ្ឌអ្នកប្រជាធិបតេយ្យសេរីនិយមអាស៊ីទាំងអស់ បានលើកទឹកចិត្តនិងជួយជ្រោមជ្រែងសព្វបែបយ៉ាងឲ្យលោកប្រធាន សម រង្ស៊ី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតយ៉ាងគគ្រឹកគគ្រេង។
រំលឹកដល់ការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ របស់លោកប្រធាន សម រង្ស៊ី គេសង្កេតឃើញមានជនរួមឈាមខ្មែរគ្រប់ស្រទាប់វណ្ណៈ ដល់ទៅជិត១លាននាក់បានទៅទទួលអបអរស្វាគមន៍លោកប្រធាន សម រង្ស៊ី តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ទីលានប្រជាធិបតេយ្យក្នុងចម្ងាយផ្លូវប្រមាណ ៧គីឡូម៉ែត្រ លោកប្រធាន សម រង្ស៊ី ត្រូវធ្វើដំណើរជាង៥ម៉ោង ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមកទទួលស្វាគមន៍ច្រើនពេកនាំឲ្យស្ទះផ្លូវទាំងអស់។ សហគមន៍អន្តរជាតិចាប់ផ្តើមភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសន្ទុះដ៏ផុសផុលរបស់ប្រជាពលរដ្ឋខ្មែរដែលស្រេកឃ្លានក្នុងការផ្លាស់ប្តូរមេដឹកនាំថ្មី តាមរយៈការកេណ្ឌប្រមូលគ្នាទៅទទួលស្វាគមន៍លោកប្រធាន សម រង្ស៊ី ក្នុងថ្ងៃនោះឯង ហើយរហូតមកដល់ពេលនេះ រាស្ត្រខ្មែរនៅតែផុសផុលគាំទ្រចំពោះគោលជំហរដ៏ត្រឹមត្រូវរបស់លោកប្រធាន សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យដ៏អង់អាចក្លាហាននិងមានវីរភាពសម្រាប់កូនខ្មែរជំនាន់ក្រោយអនុវត្តន៍តាម។
ក្នុងកិច្ចប្រជុំនៅទីក្រុងម៉ានីលនោះ លោកប្រធាន សម រង្ស៊ី ក៏បានរំលឹកដល់ដំណើរការបោះឆ្នោតជាតិអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ អំពីភាពមិនប្រក្រតីធ្ងន់ធ្ងរ ការលួចបន្លំសន្លឹកឆ្នោត ការលុបឈ្មោះ លួចឈ្មោះ ធ្វើឲ្យប្រជាពលរដ្ឋរាប់លាននាក់បាត់បង់សិទ្ធិបោះឆ្នោត ហើយសំឡេងដែលគេលួចឈ្មោះ គេលុបឈ្មោះ ភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ បាតុភាពដែលកើតមាននៅតាមការិយាល័យបោះឆ្នោត បានបង្ហាញឲ្យឃើញពីចេតនាទុច្ចរិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការក្រាញអំណាច លួចបន្លំសន្លឹកឆ្នោត តាមគ្រប់មធ្យោបាយ ដើម្បីប្លន់ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ហើយចុងក្រោយគេបានឃុបឃិតគ្នាប្រកាសលទ្ធផលបោះឆ្នោតក្លែងបន្លំ បំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរជាម្ចាស់ឆ្នោត ទើបគណបក្សសង្គ្រោះជាតិ បានទាមទារឲ្យមានយន្តការឯករាជ្យដើម្បីស៊ើបអង្កេតរកការពិតពីលទ្ធផលនៃការបោះឆ្នោត ក៏ដូចជាការស្វែងរកយុត្តិធម៌ជូនដល់ប្រជារាស្ត្រខ្មែរជាម្ចាស់ឆ្នោត។
លោកប្រធាន សម រង្ស៊ី ក៏បានរំលឹកដល់ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ព្រោះបើយោងតាមតួលេខនៃទម្រង់១១០៤ ជាការរាប់សន្លឹកឆ្នោតតាមការិយាល័យយកមកពិនិត្យផ្ទៀងផ្ទាត់ឃើញថា គណបក្សសង្គ្រោះជាតិអាចទទួលបានយ៉ាងតិច៦៣ អាសនៈ ចំណែកបក្សប្រជាជនកម្ពុជាវិញ ទទួលបានច្រើនបំផុតត្រឹម៥៩ ឬ៦០អាសនៈប៉ុណ្ណោះ។ ការវាយតម្លៃបែបនេះលោកប្រធាន សម រង្ស៊ី ក៏បានលើកអំណះអំណាងផងដែរថា ប្រជាពលរដ្ឋមួយគ្រួសារៗ ទាំងភូមិៗសុទ្ធតែបាននាំគ្នាទៅបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ហើយជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតនេះ ប្រជាពលរដ្ឋបានដឹងឮគ្រប់ៗគ្នា សហគមន៍អន្តរជាតិក៏បានដឹង ជាពិសេសគណបក្សប្រជាជនខ្លួនឯងក៏បានដឹង ប៉ុន្តែគេបន្តក្រាញអំណាចតាមរយៈការប្រកាសលទ្ធផលបោះឆ្នោតក្លែងបន្លំ បំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរទូទៅ។
មានភស្តុតាងជាច្រើនដែលលោកប្រធាន សម រង្ស៊ី បានយកទៅលាតត្រដាងនៅក្នុងជំនួបកំពូលនៃក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីនិយមអាស៊ី នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ហើយមិត្តអ្នកប្រជាធិបតេយ្យទាំងអស់ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះបងប្អូនប្រជារាស្ត្រខ្មែរដែលបាននាំគ្នាទៅបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំថ្មី ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានលួចប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយយកលទ្ធផលបោះឆ្នោតលួចបន្លំមកធ្វើជាខែលដើម្បីបន្តក្រាញអំណាច។ ដូច្នេះអំណាចរបស់គណបក្សប្រជាជន គ្រាន់តែជាអំណាចសិប្បនិម្មិត ដែលកើតចេញពីការលួចបន្លំសន្លឹកឆ្នោតប៉ុណ្ណោះ រីឯអំណាចពិតប្រាកដ មានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ស្ថិតនៅជាមួយគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់លោកប្រធាន សម រង្ស៊ី។ មានការរំលឹកផងដែរថា មិត្តអ្នកប្រជាធិបតេយ្យទាំងអស់តែងតែឈឺឆ្អាលបំផុតចំពោះរឿងរ៉ាវដែលកើតមាននៅក្នុងប្រទេសកម្ពុជា ហើយគ្រប់ៗគ្នាប្តេជ្ញាជួយរកយុត្តិធម៌ និងជំរុញឲ្យគណបក្សប្រជាជនបង្ហាញនូវការពិត ទាក់ទងលទ្ធផលនៃការបោះឆ្នោត ព្រោះលទ្ធផលពិត ឬការពិត គណបក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោត ដូច្នេះហើយបានជាប្រជារាស្ត្រខ្មែររាប់លាននាក់នៅតែបន្តគាំទ្រគោលជំហរដ៏ត្រឹមត្រូវរបស់គណបក្សសង្គ្រោះជាតិ ក្នុងការទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យដើម្បីស្វែងរកការពិត និងរកយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរជាម្ចាស់ឆ្នោត។
ពាក់ព័ន្ធនឹងស្ថានភាពនយោបាយដែលកំពុងវិវត្តន៍ចុងក្រោយនៅក្នុងប្រទេសកម្ពុជា បណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានព្រមានថា ភាពជាប់គាំងនិងជម្លោះក្រោយការបោះឆ្នោតដែលកំពុងតានតឹងមិនទាន់បានដោះស្រាយដោយយុត្តិធម៌ និងសមស្រប អាចវិវត្តន៍ទៅជាវិបត្តិនយោបាយធ្ងន់ធ្ងរ មានរយៈពេលយូរអង្វែងគួរឲ្យភ័យខ្លាចបំផុត ហើយស្ថានភាពមួយដែលវិបត្តិនយោបាយធ្លាក់ក្នុងភាពធ្ងន់ធ្ងរ គណបក្សប្រជាជនគ្មានឆន្ទៈពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយ អាចនាំឲ្យមានអំពើហិង្សា ដោយសារតែប្រជាពលរដ្ឋក្តៅក្រហាយ និងឈឺចាប់កាន់តែខ្លាំងឡើងដោយសារតែអ្វីៗត្រូវជាប់គាំង។ ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជា ប្រើកម្លាំងបាយដើម្បីវាយបង្ក្រាប ក្រុមអ្នកតវ៉ា នឹងបង្កឲ្យមានអំពើហិង្សាឬការបះបោរកាន់តែខ្លាំងឡើង ដែលពេលនោះលទ្ធផលអវិជ្ជមាន ឬហានិភ័យសម្រាប់រាស្ត្រស្លូតត្រង់នឹងកើតមានធ្ងន់ធ្ងរមិនអាចវាយតម្លៃបានឡើយ។
យ៉ាងណាក៏ដោយ គោល ជំហររបស់លោកប្រធាន សម រង្ស៊ី គឺការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងទាមទារឲ្យបង្ហាញការពិតទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត ដោយសន្តិវិធីតាមមធ្យោបាយអហិង្សា ហើយមានតែការជួបចរចាគ្នាប៉ុណ្ណោះទើបអាចស្វែងរកដំណោះស្រាយដើម្បីទម្លុះទម្លាយភាពទាល់ច្រក។ ប៉ុន្តែទាមទារឲ្យគណបក្សប្រជាជនកម្ពុជា មានឆន្ទៈនយោបាយក្នុងការស្វែងរកដំណោះស្រាយផងដែរ ចៀសវាងការបើកកិច្ចចរចាដើម្បីបំផ្លាញការចរចា ព្រោះយើងឃើញរួចហើយ កាលពីពេលកន្លងមក តំណាងគណបក្សប្រជាជនកម្ពុជាដែលទៅ ចរចា បានត្រឹមតែស្តាប់ការអធិប្បាយ និងយករបៀបវារៈរបស់គណបក្សសង្គ្រោះជាតិ ទៅរាយការណ៍ជូនថ្នាក់លើដើម្បីសុំយោបល់ ពុំមានសិទ្ធិសម្រេចអ្វីទេ គឺធ្វើឲ្យការចរចាជួបភាពបរាជ័យ។ លទ្ធផលដែលមិនទាន់ទទួលបានផ្លែផ្កាតាមរយៈជំនួបពិភាក្សាគ្នានេះ ត្រូវបានគណបក្សសង្គ្រោះជាតិអះអាងថា មកពីគណបក្សប្រជាជនមិនព្រមបង្កើតគណៈកម្មការចម្រុះឯករាជ្យដើម្បីស្វែងរកការពិត ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតអាចបញ្ជាក់បានថាគណបក្សប្រជាជនកម្ពុជាខ្លាចការពិត ព្រោះការពិតនោះ គណបក្សសង្គ្រោះជាតិទេជាអ្នកឈ្នះឆ្នោត ប៉ុន្តែត្រូវបានគណបក្សប្រជាជនលួចឆក់ប្លន់ ដើម្បីបន្តក្រាញអំណាចទាំងទទឹងទិស៕
ប្រភព៖មនសិការខ្មែរ