ថៃ​ប្រកាស​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ




នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត (Yingluck Shinawatra) បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា កងទ័ព​​ថៃ នឹង​មិន​ដក​ថយ​ចេញ​ពី​តំបន់​ក្បែរ​​ប្រាសាទ​ព្រះវិហារ​ទេ បើ​ទោះ​បី​ជា​​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ប្រកាស​​ឲ្យ​​ដក​ទ័ព​​ចេញ​ពី​​តំបន់​​ក្បែរ​ប្រាសាទ​ព្រះវិហារ យ៉ាង​ណា​ក៏ដោយ។
តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បាន​​ប្រកាស​ឲ្យ​កងទ័ព​កង​នគរបាល ឬ​ឆ្មាំ​ថៃ​ទាំង​អស់ ​ដក​ចេញ​ពី​តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡា ដែល​ថៃ​ទាមទារ​ក្បែរ​
ប្រាសាទ​ព្រះវិហារ​នោះ ព្រោះ​ថា​ជា​ទឹក​ដី​កម្ពុជា។
អ្នកស្រី​នាយករដ្ឋមន្ត្រី​ថៃ ​ត្រូវ​បាន​កាសែត​ថៃ បាងកក ប៉ុស្ដិ៍ (Bangkok Post) ស្រង់​សម្ដី​​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ការ​​បក​ស្រាយ​សាលដីកា​របស់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​នេះ ​​គឺ​ភាគី​ទាំង​ពីរ កម្ពុជា​និង​ថៃ ឈ្នះ​ទាំង​អស់​គ្នា ហើយ​អ្នកស្រី​បាន​​បញ្ជាក់​ថា ភាគី​ថៃ​នឹង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​សម្រេច​កំណត់​​​​បរិវេណ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ តាម​រយៈ​គណៈកម្មការ​​ចម្រុះ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​រដ្ឋាភិបាល​​កម្ពុជា បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ​ដើម្បី​សុំ​​​ការ​​ឆ្លើយ​តប​​ទៅ​នឹង​ការ​អះអាង​របស់​អ្នកស្រី យីងឡាក់ នេះ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors