Pages

Friday, November 29, 2013

អ្នកស្រីអាំងសាន ស៊ូជី៖ ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន​៧ នៅក្នុងជីវិតមិនធម្មតាមួយ

អ្នកស្រី​អាំងសាន ស៊ូជី​បាន​​រៀបចំ​ដាក់ទិសដៅ​​ជីវិត​​មិនធម្មតាមួយ​។ ក្រោយ​ពីបាន​បាត់បង់​ឪពុក​តាំងពី​អាយុ​២ឆ្នាំ រហូតមកទល់នឹង​ពេល​ដែល​អ្នកស្រី​លោត​ចូល​ក្នុងឆាក​នយោបាយ​នៅក្នុង​មាតុ​ប្រទេស​​របស់​អ្នកស្រី​ នាំ​ឲ្យ​​​អ្នកស្រី​​បែកចេញ​ឆ្ងាយ​​ពីស្វាមី​និងកូន​ៗ ដែលរស់នៅ​ក្នុង​ប្រទេសអង់គ្លេស។ ​យើងខ្ញុំ​ធ្វើ​ការពិនិត្យ​មើល​​​ព្រឹត្តិការណ៍​​​​​សំខាន់ៗ​ចំនួន​៧​​​​​នៅក្នុង​ឆាក​ជីវិត​របស់​អ្នកស្រី​ ដែល​កំពុងតែ​​បង្ហាញ​នូវ​​ទិដ្ឋ​ភាព​ថ្មីៗ​ជា​ហូរហែ​បន្ត​ទៀត​។
កើតនៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​១៩៤៥ អ្នកស្រី​អាំង​សាន ស៊ូជី​គឺជា​កូនស្រី​របស់​លោក​អាំង​ សាន។ ​​អ្នកស្រី​មាន​អាយុ​ទើបតែ​២​ឆ្នាំ​នៅពេល​ដែលឪ​ពុក​របស់​អ្នកស្រី​​បាន​ស្លាប់​ដោយ​ការធ្វើឃាត។  លោកអាំង​ សាន​នៅគ្រានោះ គឺជា​នាយករដ្ឋ​មន្រ្តី​​​​​​ដោយ​ការសន្មត​​ ព្រោះពុំមាន​ការតែងតាំង​តាមច្បាប់​ត្រឹមត្រូវ​ឡើយ​ នៅក្នុង​​គ្រា​ដែល​ប្រទេស​ភូមា​បាន​ឋិតនៅក្នុង​ដំណើរឈានទៅរក​​ឯករាជភាព។​ លោកបាន​ស្លាប់​ដោយការធ្វើឃាត តែ​៦​ខែ​​​មុន​ភូមា​​បានទទួល​ឯករាជភាព។ អ្នកស្រី​អាំង​សាន​ ស៊ូជី​បាន​ធំចម្រើន​វ័យ និងបាន​ទទួលការ​សិក្សា​អប់រំ​នៅ​ប្រទេស​ឥណ្ឌា​ និងសកលវិទ្យាល័យ Oxford ក្នុង​ប្រទេស​អង់គ្លេស ជាកន្លែង​ដែល​អ្នកស្រី​បាន​ជួប​ស្វាមី​របស់អ្នកស្រី គឺ​លោក Michael Aris ។អ្នកស្រី​អាំង​សាន ស៊ូជី​​បានចូលទៅ​កាន់​ក្រុង​យ៉ង់​ហ្គន​វិញ នៅពេល​ដែល​ម្ដាយ​អ្នកស្រី​ធ្លាក់​ខ្លួនឈឺ​នៅឆ្នាំ ១៩៨៨។  អ្នកផងទាំងពួង​គិតថា​​អ្នកស្រី​នឹង​វិល​ត្រលប់ទៅ​ជួប​ជុំ​កូននិង​ស្វាមី​វិញ​នៅ​ប្រទេស​អង់គ្លេស ​ក្នុង​ពេល​ប្រហែល​ជា​២​អាទិត្យ​​ប៉ុណ្ណោះ។ យ៉ាងណាមិញ​ នៅពេល​ដែលដំណើរ​ទៅមើល​ម្ដាយ​របស់​អ្នកស្រី​​កើតមានឡើង​គាប់ជួនទៅនឹង​ការគាប​សង្កត់​យ៉ាងឃោរឃៅ​ទៅលើ​ការធ្វើបាតុកម្ម​និងកូដកម្ម​ជាហូរហែ​ ដែល​ឥឡូវនេះ​គេ​ហៅថា ការបះបោរចលាចល​ 8888 នោះ​ អ្នកស្រី​អាំង​សាន ស៊ូជី​​បានបង្ខំចិត្ត​​ចេញ​មុខ​និយាយ​ដោយ​មិន​ខ្លាច​ក្រែង​​ប្រឆាំងនឹង​ការ​គាប​​សង្កត់​ទាំងនោះ។ ​ការចូល​ប្រឡូក​ក្នុងឆាក​នយោបាយ​ ដើម្បី​​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការបណ្ដុះ​ពន្លក​ប្រជា​ធិបតេយ្យ  បានធ្វើ​ឲ្យ​មានការ​ដាក់​បង្ខាំង​រូបអ្នកស្រី​​នៅក្នុងគេហដ្ឋាន​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៩៥។ ​អ្នកស្រី​អាំង​សាន ស៊ូជី​​បាន​ចំណាយពេល​១៥​ឆ្នាំ​ក្នុងរយៈពេល​២១​ឆ្នាំ​​​​ជាប់​នៅក្នុង​គេហដ្ឋាន។​ ទោះ​បី​ជាមានការ​ស្នើផ្ដល់​សេរីភាព​ជូន​​អ្នកស្រី​ បើអ្នកស្រី​សុខចិត្ត​ចាកចេញ​ពី​ភូមា​ក៏​ដោយ ក៏​អ្នកស្រី​មិន​ទួលយក​នូវ​​សំណើ​នេះដែរ​។នៅឆ្នាំ​១៩៩១ អ្នកស្រី​អាំង​សាន ស៊ូជី​​បានទទួល​រង្វាន់​សន្តិភាព​នូបែល ក៏ប៉ុន្តែ​អ្នកស្រី​​មិនអាច​ទទួល​យក​រង្វាន់​នោះឡើយ ដោយសារ​អ្នកស្រី​ជាប់​ឃុំ​នៅក្នុងគេហដ្ឋាន។​​ កូន​ប្រុស​របស់​អ្នកស្រី​​បានទៅទទួល​យក​រង្វាន់នោះ ជំនួស​អ្នសស្រី។ ទីបំផុតទៅ នៅក្នុង​ឆ្នាំ​២០១២ អ្នកស្រី​អាំង​សាន ស៊ូជី​​​មានលទ្ធភាព​ធ្វើ​ដំណើរទៅ​ធ្វើ​បឋកថា​ជាលើកដំបូង​អំពី​​រង្វាន់​សន្តិភាព​ណូបែលនេះ នៅក្នុងសាលសាលា​​ក្រុង​​អូស្លូ​ប្រទេស​ណ័កវ៉េ។
 អ្នកស្រី​អាំង​សាន ស៊ូជី​​បានចំណាយ​ពេល​អាន​និងលេង​ព្យាណូ​នៅពេល​​អ្នក​ស្រី​ជាប់​នៅ​​ក្នុងគេហដ្ឋានទៅណាមិនរួច​។  លោក​ Michael Aris ស្វាមី​របស់អ្នកស្រី​​បាន​ធ្វើដំណើរទៅជួប​អ្នកស្រី​​បានតែម្ដង​គត់ នៅក្នុង​ពេល​បុណ្យ​ណូអែល ឆ្នាំ ១៩៩៥។ លោក​បាន​លា​ចាក​លោក​ដោយជំងឺ​មហារីក​​នៅ​ឆ្នាំ​១៩៩៩។  អ្នកស្រី​អាំង​សាន ស៊ូជី​​មានកូនប្រុស​២​នាក់ គឺ Kim  និង​ Alexander ។​ ពួកគេ​មានអាយុ​តែ​​១១ ​ឆ្នាំ និង​១៦​ឆ្នាំ​ប៉ុណ្ណោះ​នៅពេល​ដែល​​គេ​ចាប់​ខ្លួន​អ្នកស្រី។កាលពីខែ​ឧសភា ឆ្នាំ ២០០៩ លោក​ John Yettaw ដែលជា​ជនជាតិ​​អាម៉េរិក​​បានចូល​ទៅជួប​អ្នកស្រី​​នៅ​ក្នុងគេហដ្ឋាន​អ្នកស្រី ​ដោយពុំមាន​ការគ្រោងទុក​ និងពុំមាន​នរណា​ដឹងទុកជាមុន ដែលធ្វើ​ឲ្យ​អ្នកស្រី​អាំង​សាន ស៊ូជី​​មាន​ការភ្ញាក់​ផ្អើល។  ជនជាតិ​អាម៉េរិក​រូបនេះ​បានហែលទឹក​​ឆ្លង​បឹង​​ចម្ងាយ​២​គីឡូម៉ែត្រ ចូលទៅ​ដល់​គេហដ្ឋាន​របស់​អ្នកស្រី ដោយ​ប្រើ​ទ្រនាប់​​​ជាប់​​ហែល​ទឹក ​(flippers) ធ្វើអាយ ។ ពេល​ទៅដល់​បរិវេណ​ផ្ទះ លោក​បាន​​ឡើង​លើរបង​ និង​តាម​បំពង់​លូ​ចូលទៅ​ក្នុងគេហដ្ឋានរបស់​អ្នក​ស្រី​អាំងសាន ស៊ូជី​។ លោក​បានទទួល​ការ​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​មួយរយៈ​កាល ក្រោយពីបាន​ថ្ងូរថា​អស់​កម្លាំង និងមានការ​ឈឺចុកចាប់។ នេះគឺជា​លើកទី​២ហើយ​ដែល​ជនជាតិ​អាម៉េរិក​​រូបនេះ​បាន​ហែល​ទឹក​ឆ្លងបឹង​ចូលទៅ​គេហដ្ឋាន​របស់​អ្នកស្រី​អាំង​សាន ស៊ូជី​ ដ្បិត​​ការ​ប៉ុនប៉ង​លើក​ដំបូង​​របស់​លោក​បានជួប​នឹងការរារាំង​មិនឲ្យ​ចូលជួប​អ្នកស្រី​អាំង​សាន ស៊ូជី​ ពីសំណាក់​បុគ្គលិក​​ប្រចាំ​ការ​នៅ​នឹង​គេហដ្ឋាន។ យ៉ាងណា​មិញ ការ​ព្យាយាម​លើកទីពីរ​របស់​លោក​ John Yettaw នេះ បានធ្វើ​ឲ្យ​អ្នកស្រី​អាំង​សាន ស៊ូជី​​​រង​ទោសជាប់​នៅក្នុងគេហដ្ឋាន​​ចំនួន​​​១៨​ខែ​ថែមទៀត​។អ្នកស្រី​អាំង​សាន ស៊ូជី​​បានទទួល​ការ​ដោះលែង​ចេញពី​គេហដ្ឋាន នៅថ្ងៃទី ១៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០។ អ្នកស្រី​ បានទទួលការស្វាគមន៍​ពីសំណាក់​ហ្វូង​អ្នកគាំទ្រ និង​​ការ​យកចិត្តទុកដាក់​ជាខ្លាំង​​ពី​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​។អ្នកស្រី​អាំង​សាន ស៊ូជី​​បានធ្វើសច្ចាប្រណិធាន​​ចូល​​រដ្ឋសភា​នៅថ្ងៃទី ២​ ខែឧសភា ឆ្នាំ​២០១២។ នេះ​គឺជា​លើក​ដំបូង​ហើយ ​ដែល​អ្នកស្រី​បានកាន់តំណែង​នៅក្នុងជួរ​រដ្ឋាភិបាល។ តាំងពីពេល​នោះ​មក​អន្តរជាតិ​ក៏ផ្ដោត​ការយកចិត្ត​ទុកដាក់​​លើ​ភូមា​កាន់​តែខ្លាំង​ឡើង​ ជាពិសេសនៅពេល​អំពើហិង្សាពាក់ព័ន្ធ​នឹង​​សាសនា​នៅក្នុង​រដ្ឋ​ Rakhine បន្ត​ឆាប​ឆេះ​មិនឈប់ឈរ​​សោះ។ ឥឡូវនេះ​ អ្នកស្រី​អាំង​សាន ស៊ូជី​​មានលទ្ធភាព​​ចាកចេញពី​ប្រទេស​ភូមា ដើម្បី​ធ្វើ​ដំណើរទៅ​​ប្រទេស​នានា​នៅក្នុង​តំបន់​ និង​ទីឆ្ងាយឯទៀត​នៅលើឆាក​អន្តរជាតិ​។ អ្នកស្រី​ ឥឡូវនេះ​ កំពុងតែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី​៕