គណបក្សសង្គ្រោះជាតិ បានធ្វើលិខិតអន្តរាគមន៍មួយផ្សេងទៀតដាក់ទៅអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីស្នើសុំថវិកាយកទៅឧបត្ថម្ភដល់ពលរដ្ឋខ្មែរដែលកំពុងជំពាក់បំណុលម្ចាស់ឥណទានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលបាត់ដំបង អ្នកស្រី មូរ សុខហួរ ថ្លែងនៅថ្ងៃទី២៩ ខែវិច្ឆិកា ថា លិខិតអន្តរាគមន៍ទៅស្ថាប័នអន្តរជាតិធំៗទាំងបីនេះ នឹងត្រូវចុះហត្ថលេខាដោយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ហើយត្រូវដាក់ទៅនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនេះ។
អ្នកស្រី មូរ សុខហួរ៖ «យើងឃើញថា ប្រជាកសិករយើងគាត់ដើរខ្ចីគ្រប់កន្លែង ឥឡូវអស់ទាំងមានកន្លែងខ្ចីទៅទៀតហើយ តើអោយប្រជាកសិករយើងទៅណា? គាត់ប្រឈមមុខធំណាស់នឹងការរឹបអូសយកដីធ្លី បើសិនគាត់នៅមានបំណុលនេះ។ ដូច្នេះមានតែវិធានការពន្យារពេលនេះ។ ខ្ញុំធ្វើលិខិតឲ្យអង្គការសហប្រជាជាតិ ឲ្យធនាគារពិភពលោក ឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីដាក់ជាកញ្ចប់ថវិកាមួយនៅក្នុងការជួយសងបំណុលដល់ប្រជាពលរដ្ឋទៅអង្គការនិងធនាគារ»។
គណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោយទឹកជំនន់បានស្រកចុះទៅវិញភ្លាមៗនោះ បានធ្វើលិខិតអន្តរាគមន៍ដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ដាក់ទៅម្ចាស់ស្ថាប័នហិរញ្ញវត្ថុម្ចាស់ឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារតូចធំនៅក្នុងប្រទេសកម្ពុជា។ លិខិតនោះមានខ្លឹមសារសុំម្ចាស់បំណុលទាំងនោះអនុគ្រោះដល់ប្រជាពលរដ្ឋដែលជាកូនបំណុល សុំឲ្យពន្យារពេលការសងប្រាក់ ទាំងការនិងដើម ហើយសុំកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ដូចជាដីធ្លី ផ្ទះសម្បែងជាដើម។
ទោះជាមានលិខិតអន្តរាគមន៍ពីរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិយ៉ាងណាក្ដី ប៉ុន្តែម្ចាស់បំណុលមួយចំនួននៅតែគំរាមរឹបអូសយកទ្រព្យសម្បត្តិពីកូនបំណុល។
ជំទប់ទី២ ឃុំព្រែកហ្លួង មកពីគណបក្សសង្គ្រោះជាតិ កញ្ញា នី រំដួល បញ្ជាក់ថា នៅក្នុងមូលដ្ឋានឃុំព្រែកហ្លួង មានប្រជាពលរដ្ឋជាច្រើនរយគ្រួសារជំពាក់លុយគេ។ អ្នកភូមិខ្លះរងការគំរាមរឹបអូសដីធ្លី ផ្ទះសម្បែងថែមទៀត។ ដោយមើលឃើញពីផលលំបាកនេះ កញ្ញា នី រំដួល បានយកលិខិតអន្តរាគមន៍របស់រដ្ឋាភិបាលធ្វើលិខិតអន្តរាគមន៍របស់គណបក្សសង្គ្រោះជាតិ ដែលមានស្នាមមេដៃប្រជាពលរដ្ឋដាក់ទៅអាជ្ញាធរមូលដ្ឋានឃុំស្រុកអោយជួយអន្តរាគមន៍ថែមទៀត។
កញ្ញា នី រំដួល៖ «ដើម្បីឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ហ្នឹងបានដឹងឭថា ប្រជាពលរដ្ឋកំពុងតែជួបនូវប្រទះជាមួយអង្គការ អ៊ីចឹងហើយខ្ញុំសុំពន្យារពេលរយៈពេល ៦ខែ។ នៅក្នុងឃុំព្រែកហ្លួងនេះជំពាក់ចង់មួយ ១០០% អ៊ីចឹងនៅក្នុងភូមិដូនអ៊ិនតែមួយ ប្រជាពលរដ្ឋដែលជំពាក់គេចូលជាង ២០០នាក់ហើយ ដែលខ្ញុំយកមេដៃពីពួកគាត់ហ្នឹង»។
ប្រជាពលរដ្ឋឈ្មោះ ប៊ុន នី អាយុ ៣៤ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បញ្ជាក់ថា បច្ចុប្បន្នគ្រួសារគាត់ពុំមានលទ្ធភាពរកប្រាក់បង្វិលសងទៅម្ចាស់បំណុលបានទេ ដោយសារតែផលដំណាំស្រូវរបស់គាត់រងការខូចខាតដោយសារគ្រោះទឹកជំនន់។ គ្រួសារគាត់បានខ្ចីលុយចំនួន ៣.៥០០ដុល្លារពីធនាគារភូមិ ហើយត្រូវសង់ទៅវិញក្នុងរយៈពេលមួយឆ្នាំ។ ឥឡូវគាត់ខ្វះលទ្ធភាពបង់ប្រាក់ចំនួន ១.៥០០ដុល្លារនៅអំឡុងខែវិច្ឆិកា នេះ ក៏ត្រូវម្ចាស់បំណុលគំរាមរឹបអូសយកទ្រព្យសម្បត្តិ។
លោក ប៊ុន នី៖ «បាទ! វាខូចខាតដោយទឹកជំនន់ទឹកភ្លៀង។ យើងសង្ឃឹមថា កើតមាន សង បែរជាខកខានអ៊ីចឹងទៅ ដូច្នេះខ្ញុំសុំសំណូមពរឲ្យពន្យារពេល ៦ខែ ផ្អាកបង់ការហ្នឹង ព្រោះស្រូវដែលត្រូវទឹកហ្នឹងអត់ទាន់ធ្វើការបានទៀតទេ»។
ទាក់ទិនបញ្ហានេះ អ្នកស្រី មូរ សុខហួរ ថ្លែងថា គ្រោះទឹកជំនន់បង្កផលប៉ះពាល់លើប្រជាពលរដ្ឋនៅគ្រប់ខេត្តក្រុង។ ក្នុងនោះនៅខេត្តបាត់ដំបង រងគ្រោះដោយទឹកជំនន់ធំជាងគេ។ បញ្ហាធំចំពោះមុខ អ្នកស្រីថា រដ្ឋាភិបាលនៅពុំទាន់បានចេញថវិកាជួយដល់អ្នករងគ្រោះទាំងនោះទេ គឺគ្រាន់តែបានចេញលិខិតអំពាវនាវទៅម្ចាស់បំណុលឲ្យអនុគ្រោះដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ អ្នកស្រី មូរ សុខហួរ បានស្នើសុំថែមទៀត ឲ្យម្ចាស់បំណុលទាំងអស់ទទួលយកការអង្វរកររបស់ប្រជាពលរដ្ឋជាកូនបំណុល។ លោកស្រីថា ការពន្យារឲ្យពួកគាត់ក្នុងរយៈពេល ៦ខែ គឺពួកគាត់អាចស្ដារផលដំណាំឡើងវិញ និងអាចបានផល មានលទ្ធភាពសងប្រាក់ទាំងការទាំងដើមទៅម្ចាស់បំណុលវិញ៕