Pages

Saturday, November 16, 2013

ប្រធានាធិបតី​បារាំង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ ថ្ងៃ​អាទិត្យ​


ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃអាទិត្យ​ចុងសប្តាហ៍​នេះ ប្រធានាធិបតី​បារាំង​នឹង​ចុះទៅ​បំពេញ​ទស្សនកិច្ច​នៅអ៊ីស្រាអែល និង​​ប៉ាឡេស្ទីន។ នៅចំពោះ​មុខ​ទស្សនកិច្ច​នេះ បារាំង​​​ដែល​មាន​ជំហរ​តឹងរ៉ឹង​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ បានធ្វើ​អោយ​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល រឹតតែ​គិតថា ​បារាំង​មិនចេះយោគយល់​
អធ្យាស្រ័យ​អ៊ីរ៉ង់សោះឡើយ។ប្រធានាធិបតីបារាំង​ លោក ហ្រ្វង់ស៊័រ​ ហូឡង់ នឹងទស្សនកិច្ច​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ចាប់ពី​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍​នេះ រហូត​ដល់​ថ្ងៃអង្គារ សប្តាហ៍ក្រោយ។

ទស្សនកិច្ច​របស់​លោក​​ហូឡង់ នឹង​អម​ដំណើរ​ដោយ​​​រដ្ឋមន្ត្រី​បារាំង​​ជាង១២រូប ក្នុង​នោះ​មាន​ប្រមុខការទូត​បារាំង​ ឡូរ៉ង់ ហ្វាប៊ីយុស ព្រមទាំង​ប្រធានក្រុមហ៊ុន​បារាំង​ជាច្រើនរូប​ផងដែរ។
នៅអ៊ីស្រាអែល ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​ មាន​ទិសដៅ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​​បារាំង​និង​អ៊ីស្រាអែល​ អោយ​មាន​សំទុះ​សាជាថ្មី​ម្តងទៀត។ ទំនាក់ទំនង​​ពាណិជ្ជកម្ម​បារាំង​-អ៊ីស្រាអែល កាលពី​​ឆ្នាំ២០១១ មានជាទឹកប្រាក់​ប្រមាណ​ជាង​២ពាន់លានអឺរ៉ូ។ក្រៅពី​ត្រូវ​ជួប​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនយ៉ាមីន នេតានីយ៉ាហ៊ូ ប្រធានាធិបតី​បារាំង​​ក៏​នឹង​ជួបជាមួយ​ប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន ម៉ាមូឌ អាបាស ផងដែរ។ ក្នុង​ទស្សនកិច្ច​នេះ លោក​ហូឡង់​ក៏​​នឹង​​ជំរុញ​​លើកទឹកចិត្ត​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ក្នុង​កិច្ចពិភាក្សា​ស្វែង​រកដំណោះស្រាយ​សន្តិភាព​​ជាមួយគ្នា ពិសេស​​អោយភាគីទាំងពីរ​បាន​កាត់បន្ថយ​ទំនាស់រវាងគ្នា​និង​គ្នា​ផងដែរ។ ប្រធានាធិបតី​បារាំង​ចង់អោយ​មានការធានា​សន្តិសុខ​ដល់​អ៊ីស្រាអែល។ តែ​លោក​ក៏​ប្រហែល​ជា​ត្រូវ​បរិហារ​ជាថ្មី​ម្តងទៀត​ដែរ នូវ​ការបន្ត​សាងសង់​តំបន់​អាណានិគម​ជនជាតិ​ហ្ស៊ីហ្វ ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ដែល​ជា​ការគំរាម​ដល់​កិច្ចពិភាក្សា​សន្តិភាព។
ដោយឡែក ទស្សនកិច្ច​របស់​ប្រធានាធិបតីបារាំង​ នៅអ៊ីស្រាអែល​ដែល​ជា​សត្រូវ​របស់​អ៊ីរ៉ង់​នោះ ធ្វើអោយ​អ៊ីរ៉ង់​កាន់តែ​យល់ថា បារាំង​មិន​ចេះ​អធ្យាស្រ័យ​​​អ៊ីរ៉ង់​ក្នុង​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​ថែមទៀត។ ក្នុង​កិច្ច​ប្រជុំ​ប្រទេស​មហាអំណាច​៥+១ កន្លងមក​ បារាំង​បាន​​បង្ហាញ​ជំហរ​​​តឹងតែង​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់។ បារាំង​រួមទាំង​ប្រទេស​លោក​ខាងលិចផ្សេងទៀត​​​ តែង​បារម្ភខ្លាច​អ៊ីរ៉ង់​លួច​ផលិត​អាវុធ​បរមាណូ តាម​រយៈកម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល៕