អាសេនិក (Arsenic) គឺជាធាតុដែលមានវត្តមាននៅសំបកផែនដី និងមានវត្តមាននៅក្នុងគ្រប់បរិស្ថានដូចជាក្នុងខ្យល់ ទឹក និងក្នុងដី។ អាសេនិកជាសារធាតុពុលបំផុតក្នុងទម្រង់ជាសារធាតុរ៉ែ។
មនុស្សយើងស្រូបយកសារធាតុអាសេនិកតាមរយៈការបរិភោគទឹក និងការប្រើប្រាស់ទឹកសម្រាប់ចម្អិនអាហារ ការប្រើប្រាស់ទឹកសម្រាប់ការស្រោចស្រពដែលមានផ្ទុកសារធាតុអាសេនិក។ ការទទួលទានទឹក ឬចំណីអាហារដែលមានផ្ទុកសារធាតុអាសេនិកអាចបណ្តាលឲ្យមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺមហារីកស្បែកជាដើម។
បើតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសុខភាពសាធារណៈដែលបណ្តាលសារធាតុអាសេនិកគឺការប្រើប្រាស់ទឹកក្រោមដីដែលមានវត្តមានសារធាតុនេះដែលគេរកឃើញថាសារធាតុអាសេនិកមានបរិមាណច្រើនក្នុងទឹកក្រោមដីក្នុងប្រទេសមួយចំនួនដូចជា អាហ្សង់ទីន បង់ក្លាដេស ឈីលី ចិន ឥណ្ឌា ជាដើម។ បើតាមការសិក្សា ដែលទើបបានបោះពុម្ពផ្សាយថ្មីៗនេះបានបង្ហាញថាទឹកក្រោមដីក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្តតាមទន្លេមេគង្គដូចជាខេត្តក្រចេះ និងខេត្តកណ្តាលជាដើមមានបរិមាណអាសេនិកច្រើនដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពផងដែរ។
ដើម្បីបានជ្រាបកាន់តែច្បាស់តើអ្វីទៅជាសារធាតុអាសេនិក? តើការបរិភោគទឹក ឬម្ហូបអាហារដែលមានសារធាតុអាសេនិកបង្ករផលប៉ះពាល់អ្វីខ្លះដល់សុខភាពយើង? ដើម្បីជៀសវាងពីបញ្ហាសុខភាពបណ្តាលមកពីបរិភោគទឹក ឬអាហារដែលមានជាតិអាសេនិក តើយើងត្រូវធ្វើដូចម្តេចខ្លះ? តើលោកអ្នកមានការព្រួយបារម្ភពីបញ្ហាសុខភាពបណ្តាលមកពីសារធាតុអាសេនិកឬទេ? សូមលោកអ្នកនាងតាមដានស្តាប់នាទីសន្ទនាមតិប្រចាំថ្ងៃព្រហស្បត្តិ៍នេះ ដែលយើងនឹងពិភាក្សា និងឆ្លើយនូវសំណួររបស់ប្រិយមិត្តអ្នកស្តាប់ទាក់ទងទៅនឹងប្រធានបទខាងលើនេះ។ វាគ្មិនសម្រាប់នាទីសន្ទនាមតិប្រចាំថ្ងៃនេះគឺលោកបណ្ឌិត ផន គង្គា។
លោកផន គង្គារ បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju ប្រទេសកូរ៉េ។ ការស្រាវជ្រាវរបស់លោកផ្តោតទៅលើការវិភាគបរិមាណសារធាតុអាសេនិកនៅក្នុងទឹក និងអាហារមួយចំនួននៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់សុខភាពពីការបរិភោគទឹក និងចំណីអាហារដែលមានសារធាតុអាសេនិក។
លោកអ្នកអាចចូលរួមបញ្ចេញមតិយោបល់ ឬសាកសួរសំណួរដល់វាគ្មិនរបស់យើង ដោយគ្រាន់តែផ្ញើសារមកកាន់លេខ +61 427 727272។ សហការីរបស់យើងខ្ញុំនឹងភ្ជាប់ខ្សែទូរស័ព្ទដើម្បីឲ្យលោកអ្នកនាងអាចសួរជាសំណួរ ឬសំណេះសំណាលជាមួយវាគ្មិនយើងបាន៕
ប្រភព ABC Radio Australia
ប្រភព ABC Radio Australia