សារធាតុ​អាសេនិក និង​សុខភាព



អាសេនិក (Arsenic) គឺ​ជា​ធាតុ​ដែល​មាន​វត្តមាន​នៅ​សំបក​ផែន​ដី​ និង​មាន​វត្តមាន​នៅ​ក្នុង​គ្រប់​បរិស្ថានដូច​ជា​ក្នុង​ខ្យល់ ទឹក និង​ក្នុង​ដី។ អាសេនិក​ជា​សារធាតុ​ពុល​បំផុត​ក្នុង​ទម្រង់​ជា​សារធាតុ​រ៉ែ។

មនុស្សយើង​ស្រូប​យក​សារធាតុ​អាសេនិក​តាម​រយៈ​កា​របរិភោគ​ទឹក និង​ការ​ប្រើ​ប្រាស់​ទឹក​សម្រាប់​ចម្អិន​អាហារ​ ការ​ប្រើប្រាស់​ទឹក​សម្រាប់​ការ​ស្រោច​ស្រពដែល​មាន​ផ្ទុក​សារធាតុ​អាសេនិក។ ការ​ទទួល​ទាន​ទឹក ឬ​ចំណី​អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​អាសេនិក​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​រ៉ាំ​រ៉ៃ ដូច​ជា​ជំងឺ​មហារីក​ស្បែក​ជា​ដើម។
បើ​តាម​គេហ​ទំព័រ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​ចំពោះ​សុខភាព​សាធារណៈ​ដែល​បណ្តាលសារធាតុ​អាសេនិកគឺ​ការ​ប្រើ​ប្រាស់​ទឹក​ក្រោម​ដី​ដែល​មាន​វត្តមាន​សារធាតុ​នេះ​ដែល​គេ​រក​ឃើញ​ថា​សារធាតុ​អាសេនិក​មាន​បរិមាណ​ច្រើន​ក្នុង​ទឹក​ក្រោម​ដី​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា អាហ្សង់​ទីន បង់​ក្លាដេស ឈីលី ចិន ឥណ្ឌា ជាដើម។ បើ​តាម​ការ​សិក្សា ដែល​ទើប​បាន​បោះ​ពុម្ព​ផ្សាយ​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ទឹក​ក្រោម​ដី​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​តាម​ទន្លេ​មេគង្គ​ដូច​ជា​ខេត្ត​ក្រចេះ និង​ខេត្ត​កណ្តាល​ជា​ដើម​មាន​បរិមាណ​អាសេនិក​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ផង​ដែរ។
ដើម្បី​បាន​ជ្រាប​កាន់​តែ​ច្បាស់​តើ​អ្វី​ទៅ​ជា​សារធាតុ​អាសេនិក? តើ​ការ​បរិភោគ​ទឹក ឬ​ម្ហូប​អាហារ​ដែល​មាន​សារធាតុ​អាសេនិក​បង្ករ​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​សុខភាព​យើង? ដើម្បី​ជៀស​វាង​ពី​បញ្ហា​សុខភាព​បណ្តាល​មក​ពី​បរិភោគ​ទឹក ឬ​អាហារ​ដែល​មាន​ជាតិ​អាសេនិក តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ? តើ​លោក​អ្នក​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​បណ្តាល​មក​ពីសារធាតុ​អាសេនិក​ឬទេ? សូម​លោក​អ្នក​នាង​តាម​ដាន​ស្តាប់​​នាទី​សន្ទនា​មតិ​ប្រចាំ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ដែល​យើង​នឹង​ពិភាក្សា​ និង​ឆ្លើយ​នូវ​សំណួរ​របស់​ប្រិយមិត្ត​អ្នក​ស្តាប់ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​ខាង​លើ​នេះ។ វាគ្មិន​សម្រាប់​នាទី​សន្ទនា​មតិ​ប្រចាំ​ថ្ងៃ​នេះ​គឺ​លោក​បណ្ឌិត ផន គង្គា។
លោក​ផន​ គង្គារ បាន​ទទួល​សញ្ញា​ប័ត្រ​ថ្នាក់​បណ្ឌិត​ពី​វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា Gwangju  ប្រទេស​កូរ៉េ។ ការ​ស្រាវ​ជ្រាវរបស់​លោក​ផ្តោត​ទៅ​លើ​ការ​វិភាគ​បរិមាណ​សារធាតុ​អាសេនិក​នៅ​ក្នុង​ទឹក និង​អាហារ​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា និង​ផលប៉ះ​ពាល់​សុខភាព​ពី​ការ​បរិភោគ​ទឹក និង​ចំណី​អាហារ​ដែល​មាន​សារធាតុ​អាសេនិក។
លោក​អ្នក​អាច​ចូលរួម​បញ្ចេញ​មតិយោបល់ ឬ​សាក​សួរ​សំណួរ​ដល់​វាគ្មិន​របស់​យើង​ ដោយ​គ្រាន់​តែ​ផ្ញើ​សារ​មក​កាន់​លេខ +61 427 727272។ សហការី​របស់​យើង​ខ្ញុំ​នឹង​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ដើម្បី​ឲ្យ​លោក​អ្នក​នាង​អាច​សួរ​ជា​សំណួរ ឬ​សំណេះ​សំណាល​ជា​មួយ​វាគ្មិន​យើង​បាន៕

ប្រភព ABC Radio Australia




 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors