Pages

Friday, November 15, 2013

អតីត​ប្រធានាធិបតី​អាល្លឺម៉ង់​ត្រូវ​តុលាការ​ជំនុំជម្រះ​ពីរឿង​ទទួល​កាដូ​៧០០អឺរ៉ូ


ដោយ សេង ឌីណា
នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​អាល្លឺម៉ង់បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​អតីត​ប្រធានាធិបតី​ ដោយ​ចោទប្រកាន់​ពី​បទពុករលួយ ដោយសារ​តែ​លោក​បាន​ទទួល​កាដូ​តម្លៃ ៧០០​អឺរ៉ូ។
នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​អតីត​ប្រមុខរដ្ឋ​អាល្លឺម៉ង់​ត្រូវ​តុលាការ​យក​មក​កាត់ទោស។រឿង​អាស្រូវ​​​ជុំវិញ​លោក Christian Wulff បាន​ចាប់ផ្ទុះឡើង តាំង​ពី​ឆ្នាំ​២០១១ ដែល​នៅពេលនោះ លោក​នៅ​កាន់តំណែង​ជា​ប្រធានាធិបតី​អាល្លឺម៉ង់​នៅឡើយ។គួរបញ្ជាក់ថា នៅ​អាល្លឺម៉ង់​​តំណែង​ប្រធានាធិបតី​គ្រាន់តែ​ជា​តំណែងកិត្តិយស​ជា​និមិត្តរូប​ប៉ុណ្ណោះ ប៉ុន្តែ មិនមាន​អំណាច​អ្វី​នោះទេ។ អំណាច​​ពិតប្រាកដ​​ស្ថិត​ក្នុង​ដៃ​​ប្រមុខ​រដ្ឋាភិបាល។នៅ​ចុងឆ្នាំ​២០១១ សារព័ត៌មាន​អាល្លឺម៉ង់​បាន​នាំគ្នា​ចុះផ្សាយ​ព័ត៌មាន​មួយចំនួន ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា លោក Christian Wullf បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ នៅ​ក្នុងពេល​ដែល​លោក​

នៅ​កាន់តំណែង​ជា​មន្រ្តី​ជាន់ខ្ពស់ នៅ​ក្នុង​តំបន់​មួយ​របស់​អាល្លឺម៉ង់ (Basse-Sax) នៅ​ចន្លោះ ឆ្នាំ​២០០៣-២០១០ ពោលគឺ មុនពេល​ដែល​លោក​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​អាល្លឺម៉ង់។
 រឿង​អាស្រូវ​​បាន​ផ្ទុះឡើង​កាន់តែ​ខ្លាំង ធ្វើ​ឲ្យ​លោក Christian Wulff ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តំណែង​ប្រធានាធិបតី នៅ​ឆ្នាំ​២០១២ ក្រោយ​ពី​តុលាការ​បាន​បើក​ការស៊ើបអង្កេត និង​សម្រេច​ដក​អភ័យឯកសិទ្ធិ​លើ​រូបលោក។ លោក Christian Wulff ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទថា​បាន​ទទួល​កាដូ​ពី​មិត្តភ័ក្តិ​​ជា​មហាសេដ្ឋីម្នាក់ កាល​ពី​ឆ្នាំ​២០០៨។ ជាថ្នូរ​នឹង​កាដូ​នោះ លោក Christian Wulff បាន​ប្រើ​ឋានៈ​របស់​ខ្លួន ដើម្បី​​​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ធ្វើ​ជំនួញ​របស់​​​មិត្តភ័ក្តិ​ជា​មហាសេដ្ឋី​​នោះ។ កាដូ​នោះ បើ​គិតជាទឹកប្រាក់​ មាន​តម្លៃ​តែ​ប្រមាណ​ជា ៧០០អឺរ៉ូ​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក Christian Wulff អាចនឹង​ត្រូវ​ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ ៣ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញ​កំហុស​ពិតមែន។ 
សវនាការ​កាត់ទោស​លោក​អតីត​ប្រធានាធិបតី​អាល្លឺម៉ង់ ដែល​បើក​ធ្វើ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នឹង​ត្រូវ​បន្ត​ធ្វើ​​រហូត​ទៅដល់​ខែ​មេសា ឆ្នាំ​២០១៤។ ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី២មក នេះ គឺ​ជា​លើកទី១​ហើយ ដែល​តុលាការ​អាល្លឺម៉ង់​បើក​ការ​ជំនុំជម្រះ​ទៅលើ​អតីត​ប្រមុខរដ្ឋ។
 
គួរបញ្ជាក់ផងដែរថា លោក Christian Wulff ​ធ្លាប់​ជា​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប ​នៅ​ក្នុង​គណបក្ស​អភិរក្ស​និយម​ជាមួយ​នឹង​លោកស្រី អង់ហ្គេឡា មែរកិល ​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់៕