អត្រា​ជន​គ្មាន​ការងារធ្វើ​នៅ​តំបន់​ប្រទេស​ចាយលុយ​អឺរ៉ូ​ ថយចុះ​១២,១ភាគរយ​ ក្នុង​ខែតុលា​



ដោយ ព្រំ សឿន សូលីណា
កាលពីថ្ងៃ​សុក្រ​នេះ យោងតាម​​ការិយាល័យ​ផ្នែកស្ថិតិ​អឺរ៉ុប​ឈ្មោះថា Eurostat អឺរ៉ូស្តាត ចំនួន​ប្រជាជនគ្មានការងារធ្វើ​​តំបន់​ប្រទេស​ចាយលុយអឺរ៉ូ​​ ​ បាន​ថយចុះ​៦ម៉ឺន១ពាន់នាក់ ក្នុង​ខែ​តុលា​កន្លងទៅ​ បើប្រៀប​ទៅនឹង​ខែកញ្ញា​។ ចំនួន​នេះស្មើ​នឹង​១២,១ ភាគរយ បើប្រៀប​នឹង​ខែកញ្ញា ដែល​​ភាគរយនៃ​
ជនគ្មានការងារ​ធ្វើ​​មាន​១២,២ភាគរយ។ ប៉ុន្តែ បើ​គិត​ជារួម​ នៅ​សហភាពអឺរ៉ុប អត្រា​ជនគ្មានការងារធ្វើ​មាន​១០,៩ភាគរយ ត្រូវ​នឹង​ចំនួន​មនុស្ស​​ជាង​២៦លាន៦សែន​នាក់ ពោល​​គឺ​មិន​ប្រែប្រួល​អ្វី ពី​តួលេខ​ក្នុង​ខែកញ្ញា​នោះទេ។
យោងតាម​​តួលេខ​របស់​ការិយាល័យ​ផ្នែកស្ថិតិ​អឺរ៉ុប​ Eurostat អឺរ៉ូស្តាត នៅថ្ងៃ​សុក្រ​នេះ ក្នុង​ចំណោម​ប្រជាជន​សកម្ម​នៅបណ្តា​ប្រទេស​ស្ថិត​ក្នុង​តំបន់​ចាយលុយអឺរ៉ូ​ អត្រា​ប្រជាជន​គ្មាន​ការងារ​ធ្វើ​ បាន​ថយចុះ​៦ម៉ឺន១ពាន់នាក់ កាលពី​ខែ​តុលាកន្លងទៅ​។ គិតជាភាគរយ តួលេខ​នេះ​ស្មើ​នឹង​១២,១ភាគរយ គឺថយចុះ​០,១ភាគរយ ប្រៀប​ធៀប​ទៅនឹង​ខែកញ្ញា។ ​ ភាគរយនៃ​ជនគ្មានការងារ​ធ្វើ​​ ក្នុង​ខែកញ្ញា​មាន​​១២,២ភាគរយ។

កាលពី​ខែ​តុលា បើគិត​តែ​ក្នុង​១៧ប្រទេស​ ដែល​ចាយវាយ​លុយអឺរ៉ូ ជនដែល​គ្មាន​ការងារ​ធ្វើ​ មានប្រមាណ​១៩លាន​២សែន​៩ម៉ឺន​៨ពាន់នាក់ គឺ​មាន​​៦សែន​១ម៉ឺន​៥ពាន់​នាក់ ច្រើនជាង​​ កាលពី​១ឆ្នាំមុន។ តួលេខ​​ជនគ្មានការងារធ្វើ​ គឺ​ខុសគ្នា​ស្រលះ នៅតាម​បណ្តា​ប្រទេស​មួយចំនួន។ ឧទាហរណ៍​ នៅអេស្ប៉ាញ ក្នុង​ខែតុលា ជនគ្មានការងារធ្វើ​មាន​២៦,៧ភាគរយ ហើយ​នៅ​ក្រិក​ គិតក្នុង​ខែសីហា ខែ​ដែល​មាន​តួលេខ​​​ចុងក្រោយគេ អត្រា​ជនគ្មានការងារធ្វើ​​មានដល់ទៅ​២៧,៣ភាគរយ។ បើគិតទៅ ក្នុង​ប្រទេស​ទាំងពីរ​នេះ​ មាន​ប្រជាជន​​ជាងមួយភាគបី​​ ដែល​គ្មានការ​ងារធ្វើ ផ្ទុយស្រលះ​ពី​​អូទ្រីស រឺ​ក៏​អាល្លឺម៉ង់​ ដែល​​ ​ប្រជាជន​គ្មានការងារធ្វើ​ មាន​មិនដល់​៥ភាគរយ​ផង។ នៅក្រិក​ យុវជន​គ្មានការងារ​ធ្វើអាយុ​ក្រោម​២៥ឆ្នាំ គិត​​ក្នុង​ខែសីហា មាន​ភាគរយ​ខ្ពស់​រហូត​ដល់​៥៨ភាគរយ។ រីឯ​នៅអេស្ប៉ាញ យុវជន​គ្មានការងារធ្វើ​ មាន​៥៧,៤ភាគរយ។ តួលេខ​នេះ​ ខុសឆ្ងាយ​ពី​នៅ​អាល្លឺម៉ង់ ដែលមាន​យុវជន​គ្មានការងារធ្វើ​អាយុក្រោម២៥ឆ្នាំ ត្រឹមតែ​​៧,៨ភាគរយ​ប៉ុណ្ណោះ។

ដោយឡែក​ នៅ​បារាំង​ អត្រាជន​គ្មានការងារធ្វើ​ គិត​ក្នុង​ខែតុលា បាន​ធ្លាក់ចុះ​ប្រមាណ​២ម៉ឺន៥រយនាក់ ប្រៀប​ទៅ​នឹង​ខែកញ្ញា។ តួលេខ​នេះ​ធ្វើអោយ​​ចំនួន​ជនគ្មាន​ការងារ​ធ្វើ​បច្ចុប្បន្ន​ ថយចុះ​មក​នៅ​​៣លាន២សែន​៧ម៉ឺន​នាក់។

ប៉ុន្តែ​ នៅបារាំង បើគិតពី​ចំនួន​ជនដែល​មានការងារធ្វើ​តិចតួចបំផុត ពោលគឺ​អាចថា ស្ទើរតែ​គ្មាន​ការងារ​​ធ្វើ​ទៅហើយ​នោះ គឺមាន​៣ម៉ឺន៩ពាន់​នាក់ បន្ថែមទៀត ក្នុង​ខែតុលា​នេះ។ ទោះយ៉ាងនេះ​ក្តី រដ្ឋាភិបាល​បារាំង​រំពឹងថា នឹង​សំរេច​ទិសដៅ​ខ្លួន​ក្នុង​​ការ​កាត់បន្ថយ​​ជនគ្មានការងារធ្វើ​​ អោយបាន​នៅដំណាច់ឆ្នាំ​២០១៣នេះ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors