សមាជិកបណ្ដាញសហគមន៍ព្រៃឈើ ដែលដើរល្បាតព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ លោក គិម សឿន បានឲ្យដឹងនៅថ្ងៃទី២៨ វិច្ឆិកា ថា ក្រុមល្បាតបានដុតកម្ទេចឈើអារប្រភេទធ្នង់ប្រវែង ២ម៉ែត្រ ២តឹក បានមួយចំនួន ចាប់រថយន្តបានមួយគ្រឿង ហើយឈើនៅសល់មួយចំនួនទៀត នៅមិនទាន់ដុតចោល ដោយអ្នកចាំឈើប្រាប់ថា ជាឈើក្រុមហ៊ុនរកស៊ីស្របច្បាប់ ហើយត្រូវរង់ចាំមន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន ចុះដល់ទីតាំងគំនរឈើ ដើម្បីបង្ហាញឯកសារបញ្ជាក់ការពិត។
លោកបញ្ជាក់ថា៖ «យើងរកឃើញគំនរឈើពាសពេញព្រៃ បើរាប់វិញមួយថ្ងៃមិនអស់ទេ យើងឃើញឡានដឹកឈើច្នៃពេញព្រៃ»។
លោកថា ក្រុមល្បាតប្រហែល ២០០នាក់ បានចូលដល់ភូមិសាស្ត្រក្នុងស្រុកឆែប ស្រុកជ័យសែន ខេត្តព្រះវិហារ និងស្រុកមួយចំនួនក្នុងខេត្តកំពង់ធំ។ លោកបន្តថា ការល្បាតរយៈពេលទើបបានមួយថ្ងៃនេះ ក៏ជួបការគំរាមកំហែងពីក្រុមអ្នកកាប់ឈើខ្លះមានកាំភ្លើងគំរាមបាញ់ក្រុមអ្នកល្បាតដែរ ហើយក្រុមអ្នកកាប់ឈើនោះមិនមែនជាសមាជិកក្រុមហ៊ុនទេ គឺជាអ្នកស៊ីឈ្នួលកាប់ឈើឲ្យឈ្មួញមកពីខេត្តនានា ដែលលោកចោទថា ការរកស៊ីឈើខុសច្បាប់នេះមានមន្ត្រីអាជ្ញាធរខេត្តស្រុក និងអាជ្ញាធរមូលដ្ឋានមួយចំនួននៅពីក្រោយខ្នង។
អភិបាលរងស្រុកជ័យសែន លោក វ៉ាន់ សុខ បញ្ជាក់ថា ការរកស៊ីកាប់ឈើនៅព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុករបស់លោកស្មុគស្មាញណាស់ ព្រោះមានក្រុមហ៊ុនរកស៊ីឈើច្រើន តែលោកដឹងថា ក្រុមហ៊ុនដែលស្របច្បាប់ គឺមានតែក្រុមហ៊ុន ទ្រី ភាព មួយទេ ដែលមានអាជ្ញាប័ណ្ណប្រមូលទិញឈើដែលគេកាប់រំលំ ហើយខុសច្បាប់នៅទីនោះ។
ទាក់ទងការបំផ្លាញព្រៃឈើតំបន់ព្រៃឡង់នេះ លោក គិម សឿន ឲ្យដឹងដែរថា ថ្មីៗនេះក្រុមឈ្មួញបានផ្ដល់រណារយន្តអារឈើដោយដៃ ដល់អ្នកស្ម័គ្រចិត្តស៊ីឈ្នួលនៅខេត្តកំពង់ធំ និងព្រះវិហារ ចំនួនប្រហែល ២០០គ្រឿង ដើម្បីសម្រុកអារឈើក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកបីក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ គឺស្រុកជ័យសែន ស្រុកឆែប ជាប់ព្រំដែនស្រុកសណ្ដាន់ ក្នុងខេត្តកំពង់ធំ៖ «ក្រុមឈ្មួញបានបោះពាក្យថា ក្នុងរយៈពេល ៣ខែទៀត ពួកគេនឹងកាប់ឈើធ្វើឲ្យព្រៃឈើក្នុងស្រុកបីនេះក្លាយជាវាលរហោស្ថាន»។
កាលពីថ្ងៃទី២៧ វិច្ឆិកា បណ្ដាញសហគមន៍ព្រៃឡង់ប្រហែល ៥០០នាក់ បានបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៣។ ក្រុមល្បាតត្រូវបានចែកជាពីរក្រុម។ ក្រុមទីមួយ ដើរល្បាតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ក្រុមទីពីរ ល្បាតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង តែក្រុមទីពីរ ត្រូវបានដាច់ទំនាក់ទំនង ដោយសារតំបន់នេះគ្មានសេវាទូរស័ព្ទ៕