កម្ពុជា នៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសក្រីក្រ ដែលមានពលរដ្ឋប្រមាណ ៦លាននាក់ ស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្ររកប្រាក់ចំណូលមិនបាន ៥ពាន់រៀល ក្នុងមួយថ្ងៃ។ តើកត្តាអ្វីខ្លះដែលជាឫសគល់នៃសេចក្តីក្រីក្រនៅកម្ពុជា?
ដើម្បីព្យាបាលជំងឺ គ្រូពេទ្យចាំបាច់ត្រូវពិនិត្យមើលរោគសញ្ញា និងមូលហេតុដែលនាំឱ្យកើតជំងឺនេះ។
ដូចគ្នានេះដែរ ដើម្បីដោះស្រាយ ឬកាត់បន្ថយភាពក្រីក្របាន ការរកឱ្យឃើញនូវដើមហេតុនៃបញ្ហា គឺជាកត្តាសំខាន់។
ដូចគ្នានេះដែរ ដើម្បីដោះស្រាយ ឬកាត់បន្ថយភាពក្រីក្របាន ការរកឱ្យឃើញនូវដើមហេតុនៃបញ្ហា គឺជាកត្តាសំខាន់។
មូលហេតុចម្បងៗដែលអាចបណ្ដាលឱ្យប្រទេសជាតិមួយធ្លាក់ក្នុងភាពក្រីក្រ ជាទូទៅរួមមាន កត្តាពលរដ្ឋមានចំនួនច្រើនជ្រុល កត្តាជីវភាពរស់នៅ និងប្រាក់ចំណូលមានកម្រិតទាប ការបែងចែកប្រភពធនធានមិនស្មើគ្នានៅតាមតំបន់នានាក្នុងប្រទេស ការបំផ្លាញបរិស្ថាន បញ្ហាអត់ការងារធ្វើ និងការសិក្សាអប់រំ។
ចំពោះកម្ពុជា វិញ ស្ថិរភាពនយោបាយ និងអំពើពុករលួយ គឺជាកត្តាចម្បងពីរទៀតដែលបន្ថែមទម្ងន់ទៅលើបញ្ហាភាពក្រីក្រនៅក្នុងប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្ដាលឆ្នាំ២០១០ បានសន្យាចំពោះមុខតំណាងប្រទេសម្ចាស់ជំនួយអន្តរជាតិនានា ក្នុងការបន្តការកែទម្រង់ការដឹកនាំប្រទេសឲ្យស៊ីជម្រៅ និងស្លាប់រស់។ លោកប្រកាសប្ដេជ្ញាកែទម្រង់ឱ្យបានប្រសើរ និងមានប្រសិទ្ធភាពទៅលើប្រព័ន្ធយុត្តិធម៌ ប្រឆាំងអំពើពុករលួយ ដោះស្រាយបញ្ហាដីធ្លី អភិបាលកិច្ចល្អ និងកាត់បន្ថយភាពក្រីក្រនៅក្នុងផែនការអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំ គឺនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
ប៉ុន្តែ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្នុងអាណត្តិទី៤ មិនបានដោះស្រាយកែខៃបញ្ហាទាំងអស់នេះឱ្យមានប្រសិទ្ធភាព និងល្អប្រសើរដូចដែលបានសន្យានោះឡើយ។
បញ្ហាប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មជ្ឈដ្ឋានសាធារណៈជាតិ និងអន្តរជាតិ បានវាយតម្លៃថា មិនឯករាជ្យ តុលាការស្ថិតនៅក្រោមសម្ពាធរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច និងដោយសារមានអំពើពុករលួយធ្ងន់ធ្ងរ។ រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ សំណុំរឿងក្តី លោក ម៉ម សូណង់ដូ សំណុំរឿង លោក ឈូក បណ្ឌិត សំណុំរឿងសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា សុទ្ធតែជាករណីជាក់ស្តែង ដែលបង្ហាញថា តុលាការកម្ពុជា បានក្លាយជាឧបករណ៍នយោបាយ និងបម្រើផលប្រយោជន៍ឲ្យក្រុមអភិជន។
ទន្ទឹមគ្នានេះ បញ្ហាដីធ្លីក៏មានសភាពធ្ងន់ធ្ងរ និងរីករាលដាលនៅស្ទើរគ្រប់ទិសទី ដែលបានរុញច្រានឱ្យប្រជាពលរដ្ឋរាប់សិបម៉ឺនគ្រួសារគ្មានទីជម្រក បាត់បង់មុខរបបចិញ្ចឹមជីវិត មានបញ្ហាសុខភាព និងធ្លាក់ខ្លួនក្រីក្រ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់កុមារ និងយុវជន ដែលជាកូនចៅ។
របាយការណ៍របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ មក យ៉ាងហោចណាស់ប្រជាជនចំនួន ៧០ម៉ឺននាក់ទូទាំងប្រទេស រងផលប៉ះពាល់ពីការចាប់យកដី និងការរុះរើបណ្ដេញចេញពីលំនៅឋានដោយបង្ខំ ក្នុងនោះ ពលរដ្ឋនៅរាជធានីភ្នំពេញ មានប្រមាណ ១៤ម៉ឺន ៥ពាន់នាក់។ ដោយឡែកនៅចុងឆ្នាំ២០១១ ប្រជាជនជិត ៤ម៉ឺននាក់ ស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៃការបណ្ដេញចេញពីដីធ្លីផ្ទះសម្បែង។ ប្រជាពលរដ្ឋរងគ្រោះទាំងនោះបាននាំគ្នាធ្វើការតវ៉ារកយុត្តិធម៌ស្ទើររាល់ថ្ងៃ និងត្រូវក្រុមសមត្ថកិច្ចប្រើហិង្សាបង្ក្រាបដោយអាវុធ បណ្ដាលឱ្យរងរបួស និងចាប់ឃុំខ្លួនជាបន្តបន្ទាប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសទទួលស្គាល់ថា បើមិនមានការដោះស្រាយឱ្យបានឆាប់រហ័សទេនោះ ប្រទេសកម្ពុជា នឹងជួបវិបត្តិបដិវត្តដីធ្លី។
រីឯការបំផ្លាញបរិស្ថានធនធានព្រៃឈើធម្មជាតិមានតម្លៃនៅក្នុងប្រទេសកម្ពុជា វិញ នៅតែកើតមានយ៉ាងខ្លាំងក្លា ពុំមានថមថយឡើយ ក្នុងនោះរួមមានតំបន់ព្រៃឡង់ ដែលជាព្រៃស្រោងដ៏ធំជាងគេនៅទ្វីបអាស៊ី ដែលសម្បូរដោយឈើប្រណីត និងទីជម្រកពពួកសត្វកម្រជាច្រើនប្រភេទ។
របាយការណ៍លម្អិតឆ្នាំ២០១៣ របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) បង្ហាញថា មានក្រុមហ៊ុនដំណាំកៅស៊ូរបស់វៀតណាម ២ ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែលបានទទួលអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ កំពុងរំលោភសិទ្ធិមនុស្ស បំពានច្បាប់ និងបង្កវិនាសកម្មព្រៃឈើនៅកម្ពុជា។
របាយការណ៍សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) រកឃើញថា មកដល់ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានប្រគល់ដីសម្បទានសេដ្ឋកិច្ចទំហំជាង ២លានហិកតារ ឲ្យទៅក្រុមហ៊ុនឯកជនចំនួន ២២៥។ ប្រសិនបើបូកដីសម្បទានសេដ្ឋកិច្ចនេះជាមួយសម្បទានរ៉ែ និងសម្បទានព្រៃឈើបញ្ចូលគ្នានោះ គឺស្មើនឹងប្រហែល ៣៩% នៃផ្ទៃដីទាំងមូលរបស់ប្រទេសកម្ពុជា។
ក្រុមអង្គការជាតិ និងអន្តរជាតិ សុទ្ធតែរកឃើញដូចគ្នាថា កងប្រដាប់អាវុធកម្ពុជា និងក្រុមមន្ត្រីមានអំណាច ស្ថិតនៅពីក្រោយខ្នងនៃការរកស៊ីឈើធំៗរបស់ក្រុមហ៊ុនឯកជន ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច និងដោយសារអំពើពុករលួយ។
បើពិនិត្យមើលបញ្ហាអត់ការងារធ្វើ និងការសិក្សាអប់រំវិញ របាយការណ៍របស់អង្គការការងារអន្តរជាតិ (ILO) នៅឆ្នាំ២០១២ ក្នុងចំណោមយុវជន ៦នាក់ មានតែម្នាក់ទេដែលមានការងារធ្វើ។ យុវជនដែលអត់ការងារធ្វើមានរហូតទៅដល់ជាង ១លាននាក់ ហើយយុវជនដែលមានការងារធ្វើស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់មានរហូតដល់ទៅ ៧៥%។
ទន្ទឹមគ្នានេះ ប្រាក់ខែដ៏តិចតួចរបស់គ្រូបង្រៀន ដែលទាបបំផុត ៦០ដុល្លារ និងខ្ពស់បំផុត ១០០ដុល្លារ មិនសមស្របនឹងតម្លៃទំនិញ គឺជាកត្តាដែលនាំឲ្យប៉ះពាល់គុណភាពអប់រំនៅកម្ពុជា។
ចំពោះការបែងចែកប្រភពធនធានមិនស្មើគ្នានៅតាមតំបន់នានាក្នុងប្រទេស របាយការណ៍របស់ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ២០១៣ បានរកឃើញថា ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។ អ្នកមាន និងអ្នកក្រនៅកម្ពុជា មានគម្លាតឆ្ងាយពីគ្នាខ្លាំង ហើយប្រជាពលរដ្ឋភាគច្រើនប្រមាណ ៨០% មានដីធ្វើកសិកម្មតិចជាងមួយហិកតារ ស្របពេលដែលអ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុងនៅប្រទេសកម្ពុជា។
កត្តាទាំងអស់នេះហើយដែលជាមូលហេតុចម្បង ដែលបណ្ដាលឱ្យកម្ពុជា នៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសក្រីក្រ។
ក្នុងឆ្នាំ២០១៣ នេះ តួលេខនៃពលរដ្ឋខ្មែរក្រីក្របានកើនឡើងដល់ទៅ ៦លាននាក់ ក្នុងចំណោមពលរដ្ឋសរុបប្រមាណជិត ១៥លាននាក់ គឺមានន័យថា ជិតពាក់កណ្ដាលនៃពលរដ្ឋខ្មែរជាជនក្រីក្រ។
តើអ្វីជាដំណោះស្រាយ?
មជ្ឈដ្ឋានសាធារណៈជាតិ និងអន្តរជាតិ មើលឃើញថា អំពើពុករលួយ និងបក្ខពួកនិយម ដើម្បីពង្រឹងការក្ដោបក្ដាប់អំណាចនយោបាយ អាចជាឫសគល់ចម្បង ដែលបណ្ដាលឱ្យមានបញ្ហាប្រព័ន្ធតុលាការមិនយុត្តិធម៌ ការកាប់បំផ្លាញព្រៃឈើ វិបត្តិដីធ្លី និងមិនអាចអភិវឌ្ឍលើវិស័យនានាឱ្យប្រទេសជាតិរួចផុតពីភាពក្រីក្របាន។ នេះ គឺជាចំណុចចាប់ផ្ដើមក្នុងការដោះស្រាយ និងលុបបំបាត់មុនគេ។
ទោះបីជាបានកាត់បន្ថយភាពក្រីក្របានជាបន្តបន្ទាប់ពី ៥០% នៅឆ្នាំ២០០៤ មកនៅត្រឹម ២០% នៅឆ្នាំ២០១១ ក្តី ក្រុមអ្នកជំនាញគូសបញ្ជាក់ថា ការថយចុះអត្រាភាពក្រីក្រនេះ មិនបង្ហាញថា ពលរដ្ឋកម្ពុជា មានជីវភាពធូរធារ ឬមានការរស់នៅសមរម្យនោះទេ។ ម៉្យាងវិញទៀត កម្ពុជា នៅតែមានបញ្ហាប្រឈមយ៉ាងធំនៅឡើយ ដោយសារពលរដ្ឋប្រមាណ ៥០% ជាអ្នកងាយរងគ្រោះពីវិបត្តិសេដ្ឋកិច្ច ដែលអាចធ្លាក់ចូលក្នុងភាពក្រីក្រជាថ្មីទៀត។
ក្រុមអ្នកជំនាញផ្តល់យោបល់ថា ការគាំទ្រលើកទឹកចិត្តប្រជាពលរដ្ឋឱ្យពង្រីកវិស័យសហគ្រាស និងសិប្បកម្មខ្នាតតូចដែលនឹងជួយដល់ជីវភាពរបស់ពលរដ្ឋភាគច្រើន ឱ្យចាកផុតពីភាពក្រីក្រ ជាពិសេសនៅតាមទីជនបទ។ នេះ គឺជាដំណោះស្រាយទី២ ក្នុងទិសដៅបង្កើនមធ្យោបាយផលិតកម្មកសិកម្ម និងផលិតផលឧស្សាហកម្មក្នុងស្រុកឱ្យបានជាអតិបរមា ដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការជាមូលដ្ឋានក្នុងស្រុក។ ពោលគឺមិនមែនជាការអភិវឌ្ឍសេដ្ឋកិច្ចដោយកាប់ឈើហ៊ុបមានតម្លៃ នាំចេញទៅក្រៅប្រទេស ដោយនាំចូលមកវិញជាផលិតផលឈើចាក់ធ្មេញនោះទេ។
ដំណោះស្រាយមួយទៀត គឺរៀនរស់ដោយខ្លួនឯង ដោយកាត់បន្ថយការពឹងលើជំនួញ និងការខ្ចីបុលបរទេស ព្រោះគ្រួសារមួយដែលជំពាក់បំណុលគេជុំទិសនោះ ពិបាកនឹងរើខ្លួនរួចពីសេចក្តីក្រីក្រណាស់។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងផែនការបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១១ កម្ពុជា បានទទួលជំនួយបរទេសរហូតដល់ទៅជិត ១២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះមិនគិតពីប្រាក់កម្ចីរាប់ពាន់លានដុល្លារផងទេ។ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីឆ្នាំ២០១២ បានបង្ហាញថា កម្រិតនៃការខ្ចីបុលប្រាក់ពីបរទេស នឹងកើនឡើងពី ៤ពាន់លាន ទៅជិត ៦ពាន់លានដុល្លារ នៅក្នុងអំឡុងពេល ៤ឆ្នាំបន្ទាប់នេះ ហើយបានចោទសួររដ្ឋាភិបាលកម្ពុជា អំពីលទ្ធភាពដោះស្រាយវិបត្តិហិរញ្ញវត្ថុ ប្រសិនបើបំណុលចេះតែកើនឡើងនោះ។
ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី បញ្ហាចំពោះមុខក្នុងកាលៈទេសៈនេះ គឺការដោះស្រាយភាពជាប់គាំងនយោបាយ ព្រោះថា បើមេដឹកនាំដែលជាមេបាមិនចុះសម្រុង ទាស់ទែងខ្វែងគំនិតគ្នាមិនចេះចប់ ពលរដ្ឋដែលជាកូនចៅ ក៏គ្មានសេចក្តីសុខ ហើយសង្គមជាតិក៏នឹងមិនអាចរីកចម្រើនបានដែរ៕