ម្ចាស់​ម៉ៅ​ការ​សំណង់​រោងចក្រ​ស៊ាវ​គិញ​បំភ្លឺ​ពី​គុណភាព​សំណង់​ដែល​ប្រេះ​ស្រាំ



ម្ចាស់​ម៉ៅការ​សំណង់​ដែល​ទទួល​សាងសង់​អគារ​នៅ​ខណ្ឌ​ដង្កោ ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​បច្ចុប្បន្ន គឺ​ជា​រោងចក្រ​ត្បាញ និង​ដេរ​សម្លៀកបំពាក់ ឈ្មោះ ស៊ាវ​គិញ (Siu Quih) បាន​បំភ្លឺ​ថា ការ​ពិត​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​រោងចក្រ​ប្រេះ​ស្រាំ និង​មាន​ភាព​ញ័រ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គឺ​ពុំ​មែន​ដោយសារ​គុណភាព​សំណង់​អន់​ទេ។

លោក ប៊េ សុខឡេង ម្ចាស់​ម៉ៅការ​សំណង់ ឈ្មោះ ប៊េ សុខឡេង បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា មូលហេតុ​ដែល​សំណង់​រញ្ជួយ ហើយ​រហូត​បណ្ដាល​ឲ្យ​អគារ​ជាន់​ទី​១​នៃ​រោងចក្រ ស៊ាវ​គិញ ប្រេះ​ស្រាំ​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា នោះ គឺ​ពុំ​មាន​ជាប់​ទាក់ទិន​នឹង​គុណភាព​សំណង់​របស់​លោក​ដែល​ទទួល​ម៉ៅការ​សាងសង់​ចន្លោះ​ឆ្នាំ​១៩៩៩ និង​ឆ្នាំ​២០០០ ឡើយ។
លោក​អះអាង​ថា គុណភាព​សំណង់​ដែល​ក្រុម​របស់​លោក​ទទួល​ម៉ៅការ​កាល​ណោះ គឺ​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់​ត្រឹម​កម្ពស់​ជាន់​ទី​១ និង​ជាន់​ផ្ទាល់​ដី​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប៉ុន្តែ​អ្វី​ដែល​អគារ​ប្រេះ​ស្រាំ​នៅ​ពេល​នេះ ទំនង​ជា​មូលហេតុ​កើត​ចេញ​ពី​ការ​សាងសង់​ជាន់​បន្ថែម​ឡើង​ទៅ​លើ​ទៀត និង​គួប​ផ្សំ​បរិយាកាស​ជុំវិញ ដូច​ជា ការ​បុក​គ្រឹះ​អគារ​ស្ថិត​នៅ​ក្បែរ​នោះ និង​រឡូ​កិន​ថ្ម​បង្ហាប់​ថ្នល់ ជា​ពិសេស​សំណង់​អគារ​ចាស់​ស្រាប់​ផង ទើប​បណ្ដាល​ឲ្យ​រញ្ជួយ​រហូត​ធ្វើ​ឲ្យ​ប្រេះ​ស្រាំ​អគារ​ដូច្នេះ៖ «ជំនាន់​នោះ យើង​គោរព​តាម​ច្បាប់​ដែល​ឲ្យ​យើង​សង់​ហ្នឹង គឺ​សង់​តែ​ត្រឹម​អឺ​សេរ៉ូ (E0) ជាន់​ផ្ទាល់​ដី និង​អឺ​អង (E1) ហ្នឹង ជាន់​ទី​១​ហ្នឹង​ឯង គឺ​ឲ្យ​ប្រើប្រាស់​ត្រឹម​តែ​ជាន់​ទី​មួយ​ទេ។ ដំបូល​លើ​ហ្នឹង គឺ​យើង​ទុក​ជា​ទែរ៉ាស់។ គាត់​ទៅ​សង់​ថែម​ពី​លើ​ជាប់​ជាមួយ​អា​ចាស់​ជាមួយ​យើង​ផង ទម្ងន់​ផ្ទុក​ពី​លើ យើង​ប្រើប្រាស់​ផង អា​ហ្នឹង​វា​អាច​មាន​បញ្ហា​អ៊ីចឹង​ដែរ។ អ៊ីចឹង​បាន​ខ្ញុំ​ចង់​បកស្រាយ​ជូន​បង មុនីរតន៍ ថា ការ​ផ្សាយ​ថ្ងៃ​មុន​នោះ គឺ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ខ្ញុំ​កន្លង​មក ខ្ញុំ​ធ្វើ​អី​ខ្ញុំ​ទទួល​ខុស​ត្រូវ ព្រោះ​ខ្ញុំ​ជា​អ្នក​ជំនាញ​មួយ​រូប​ដែរ​ណា»។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ភ្លាមៗ​ក្រោយ​ពី​អគារ​កើត​មាន​បញ្ហា វិទ្យាស្ថាន​មួយ​ចំនួន​ដែល​ត្រួត​ពិនិត្យ​លើ​គុណភាព​សំណង់​នៅ​កម្ពុជា បាន​បញ្ជាក់​ថា សំណង់​នេះ​អាច​ដំណើរ​បាន​បន្ត ពុំ​មាន​បញ្ហា​អ្វី​ទេ។
គិត​មក​ដល់​ពេល​នេះ ភាគី​រោងចក្រ ស៊ាវ​គិញ បាន​សម្រេច​ផ្អាក​សកម្មភាព​គ្រប់​ផ្នែក​ទាំងអស់​នៅ​ក្នុង​រោងចក្រ​ជា​បណ្ដោះ​អាសន្ន ដើម្បី​ជួសជុល ប៉ុន្តែ​ផ្ដល់​ប្រាក់ ៥០% នៃ​ប្រាក់​ខែ​ដែល​មាន​របស់​កម្មករ ក្នុង​អំឡុង​ពេល​ឈប់​សម្រាក។ ការ​សម្រេច​ផ្អាក​នេះ បន្ទាប់​ពី​មាន​ហេតុការណ៍​រញ្ជួយ​អគារ​កើត​ឡើង រហូត​មាន​ប្រេះ​ស្រាំ កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា។ ម្យ៉ាង​ទៀត គឺ​ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ​ក្នុង​ពេល​បំពេញ​ការងារ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors