Pages

Tuesday, November 5, 2013

តើអ្វីទៅ​ជា​ដើមហេតុ​ដែល​នាំឲ្យ​អាមេរិក​និង​អារ៉ាប៊ី​សាអ៊ូឌីត​មើល​មុខ​គ្នា​មិនចំ?

នៅថ្ងៃ​ចន្ទ​នេះ លោក ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ដំណើរទស្សនកិច្ច​នេះ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី រវាង​អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​សម្ព័ន្ធមិត្ត កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ខ្លាំង។
អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់មួយ​របស់​អាមេរិក នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរស៍​មិន​សប្បាយចិត្ត​នឹង​នយោបាយ​ការបរទេស​របស់​ លោក​អូបាម៉ា នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។
 
ស៊ីរី៖ អារ៉ាប៊ីសាអ៊ូឌីត​គាំទ្រ​ក្រុម​ប្រឆាំង​ស៊ីរី ហើយ​មិនចង់​ឃើញ​លោក​បាស្ហា​អាល់អាសាដ នៅ​បន្ត​កាន់អំណាច​នៅ​ស៊ីរី​តទៅទៀត​ទេ ពីព្រោះ លោក​អាសាដ គឺ​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អ៊ីរ៉ង់ ហើយ​អ៊ីរ៉ង់ គឺ​ជា​សត្រូវ​ធំបំផុត​របស់​អារ៉ាប៊ីសាអ៊ូឌីត។ តាំង​ពី​ផ្ទុះ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​មក អារ៉ាប៊ីសាអ៊ូឌីត​​តែងតែ​កើត​រឿង​មិនសប្បាយចិត្ត​នឹង​អាមេរិក ដោយសារ​តែ​អាមេរិក​ចេះតែ​រារែក​អល់អែក​មិន​ចង់​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី។ រឿង​ដែល​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​ផ្ទុះកំហឹង​កាន់តែ​ខ្លាំង គឺ​​នៅ​ពេល​ឃើញ​​លោក​អូបាម៉ាផ្លាស់ប្តូរ​ជំហរ​​ជុំវិញ​ការ​ធ្វើ​​អន្តរាគមន៍ ​យោធា​នៅ​ស៊ីរី។ ពីដំបូង​ ក្រោយ​ពី​មាន​ព័ត៌មាន​ពី​ការ​ប្រើ​អាវុធ​គីមី លោក​អូបាម៉ា​បាន​គំរាម​ថា​នឹង​ធ្វើការ​វាយប្រហារ​ដោយ​ប្រើ​មីស៊ីល​​ទៅលើ​ ទីតាំង​យោធា​សំខាន់ៗ​របស់​លោក​អាសាដ។ ក៏ប៉ុន្តែ ក្រោយ​មក​ក៏​ស្រាប់​តែ​ប្តូរជំហរ ១៨០​អង្សារ លុបចោល​ផែនការ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរីនេះ​វិញ ដោយ​​​ថែម​ទាំង​​ទៅ​សហការ​ជាមួយ​រុស្ស៊ី​ ចុះកិច្ចព្រមព្រៀង​កម្ទេច​អាវុធ​គីមី​នៅ​ស៊ីរី​។

អ៊ីរ៉ង់៖ អ៊ីរ៉ង់ គឺ​ជា​គូប្រជែងធំបំផុត​របស់​អារ៉ាប៊ីសាអ៊ូឌីត នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ ខាងផ្នែក​សាសនា អារ៉ាប៊ីសាអ៊ូឌីត​ គឺ​ជា​ប្រទេស​នាំមុខ​ក្នុង​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុនីត ចំណែក​អ៊ីរ៉ង់​វិញ​​នាំមុខ​ខាង​និកាយ​ស្ហ៊ីអ៊ីត។ ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់ ប្រជែងដណ្តើម​ឥទ្ធិពល​គ្នា ដើម្បី​ធ្វើ​ជា​មហាអំណាច​ក្នុង​តំបន់។ ភាព​ជា​គូសត្រូវ​ជាមួយ​នឹង​អ៊ីរ៉ង់​នេះ​ហើយ ដែល​ជា​កត្តា​ដ៏​ចម្បងមួយ​ ជំរុញ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​ចងសម្ព័ន្ធភាព​ជាមួយ​អាមេរិក។ ក៏ប៉ុន្តែ ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ចាប់តាំង​ពី​អ៊ីរ៉ង់​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី គឺ​លោក​ហាសាន់ រ៉ូហានី អារ៉ាប៊ីសាអ៊ូឌីត​មិនសប្បាយចិត្ត​នឹង​ការណ៍​ដែល​លោក​អូបាម៉ា​​បន្ទន់​ជំហរ​ ដាក់អ៊ីរ៉ង់។

វិបត្តិ​នៅ​អេហ្ស៊ីប៖ ​អារ៉ាប៊ីសាអ៊ូឌីត​គាំទ្រ​មេដឹកនាំ​យោធា ក៏ប៉ុន្តែ លោក​អូបាម៉ា​ជំទាស់​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ម៉រស៊ី រហូត​ដល់​ផ្តាច់ជំនួយ​ពី​អេហ្ស៊ីប។
 
ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៖ ​អារ៉ាប៊ីសាអ៊ូឌីត​យល់ថា លោក​អូបាម៉ា​គ្មាន​សមត្ថភាព​ ឬ​គ្មាន​ឆន្ទៈ ក្នុងការ​ដាក់សម្ពាធ​ទៅលើ​រដ្ឋាភិបាល​អ៊ីស្រាអែល​ឲ្យ​បញ្ឈប់​ការ​ពង្រីក​ អាណានិគម​លើ​ទឹកដី​ប៉ាឡេស្ទីន ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចា​សន្តិភាព។
 
នយោបាយការ​បរទេស​របស់​លោក​អូបាម៉ា​នៅ​អាស៊ី៖ ការ​បង្វែរ​អាទិភាព​ ទៅកាន់​តំបន់​អាស៊ី ក្នុង​នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​​បារម្ភ ​ថា អាមេរិក​នឹង​លែង​យកចិត្ត​ទុកដាក់​លើ​តំបន់​មជ្ឈិមបូព៌ា​ដូច​មុនទៀត។

​អារ៉ាប៊ីសាអ៊ូឌីត​បាន​បង្ហាញ​ពី​ការ​មិនសប្បាយចិត្ត​ចំពោះ​សហរដ្ឋ​អាមេរិក​ តាមរយៈ​ការ​ធ្វើ​ពហិការ​មិន​ចូល​កាន់តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ សន្តិសុខ​អ.ស.ប។ ជាផ្លូវការ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​​ពន្យល់ថា ការ​បដិសេធ​មិន​ចូលកាន់តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​នេះ គឺដើម្បី​បង្ហាញ​ពី​ការ​មិនសប្បាយចិត្ត ដែល​ក្រុមប្រឹក្សា​សន្តិសុខ​មិន​​អាច​ដោះស្រាយ​វិបត្តិ​ស៊ីរី​បាន។ ក៏ប៉ុន្តែ មន្រ្តីជាន់ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រាប់​កាសែត​អាមេរិក​ថា តាមការពិត​​ គោលដៅ​សំខាន់​បំផុត​នៃ​ការធ្វើ​ពហិការ​ក្រុមប្រឹក្សា​សន្តិសុខ​នេះ គឺ​អារ៉ាប៊ីសាអ៊ូឌីត​ចង់​បង្ហាញ​ពី​ការ​មិនសប្បាយចិត្ត​នេះ​នឹង​ជំហរ​របស់​ លោក​អូបាម៉ា​ចំពោះ​វិបត្តិ​នៅស៊ីរី។

កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ មុននឹង​​ចេញ​ពី​អេហ្ស៊ីប ទៅ​អារ៉ាប៊ីសាអ៊ូឌីត លោក​ចន ឃែរី បាន​ប្រកាស​ថា ចំពោះ​វិបត្តិ​ស៊ីរី អាមេរិក​នៅតែ​ប្រកាន់​ជំហរ​ដដែល គឺ​ចង់​ដោះស្រាយ​ជម្លោះ ដោយ​បង្កើត​ជា​រដ្ឋាភិបាល​អន្តរកាល​មួយ ដែល​គ្មាន​លោក​បាស្ហា អាល់អាសាដ។ លោក​ចន ឃែរី ក៏​បាន​ព្យាយាម​រំងាប់​ក្តីបារម្ភ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ ទាក់ទង​នឹង​បញ្ហា​អ៊ីរ៉ង់ ដោយ​បាន​ប្រកាស​​ថា អាមេរិក​នៅតែ​យកចិត្ត​ទុកដាក់​ចំពោះ​សន្តិសុខ​របស់​អារ៉ាប៊ីសាអ៊ូឌីត។ អារ៉ាប៊ីសាអ៊ូឌីត​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​បំផុត​របស់​អាមេរិក ហើយ​អាមេរិក​នឹង​មិន​ឱបដៃ​ឈរមើល​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​ទទួល​រងនូវការ​ វាយប្រហារ​ពី​សំណាក់​ប្រទេស​ក្រៅ​ណាមួយទេ៕ 

ប្រភព៖RFI