ទីក្រុងតូក្យូបានសំដែងការប្រឆាំងរបស់ខ្លួន បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសបង្កើតតំបន់ហោះហើរយោធា កាលពីថ្ងៃសៅរ៍ម្សិលមិញ។ យោងតាមកាសែតជប៉ុន ក្យូដូ អនុរដ្ឋមន្រ្តីការបរទេសជប៉ុននឹងកោះហៅឯកអគ្គរដ្ឋទូតចិន ប្រចាំតូក្យូ នៅថ្ងៃចន្ទស្អែក ដើម្បីឲ្យចូលមកពន្យល់វិធានការថ្មីរបស់ទីក្រុងប៉េកាំង។
ទីក្រុងតូក្យូបានប្រតិកម្មខ្លាំងតបនឹងការប្រកាសរបស់ទីក្រុងប៉េកាំង ដែលកាលពីថ្ងៃសៅរ៍ម្សិលមិញ បានប្រកាសបង្កើតតំបន់ហោះហើរយោធា ដែលគ្របដណ្តប់ទៅលើប្រជុំកោះសេនកាគូរបស់ជប៉ុន ប៉ុន្តែ ដែលចិនទាមទារធ្វើជាម្ចាស់ដែរ ក្នុងឈ្មោះកោះទៀវយូ។
លោកJunichi Ihara មន្រ្តីជាន់ខ្ពស់របស់ជប៉ុនទទួលបន្ទុក អាស៊ីប៉ាស៊ីហ្វិករបស់ក្រសួងការបរទេសបានទូរស័ព្ទភ្លាម កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញពីការមិនពេញចិត្ត និងការប្រឆាំងដាច់ខាតរបស់ជប៉ុននៅក្រោយសេចក្តីប្រកាសបង្កើតតំបន់ហោះហើរយោធារបស់ប្រទេសចិន។
►សូមអាន៖ ចិនបង្កើតតំបន់ហោះហើរយោធាលើប្រជុំកោះជម្លោះជាមួយជប៉ុន
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស មន្រ្តីជាន់ខ្ពស់របស់ជប៉ុនបានបញ្ជាក់ថា ជប៉ុនមិនអាចទទួលយកបានទេតំបន់ដែលចិនទើបបង្កើត និងថា ចេតនាបង្កើតតំបន់ហោះហើរយោធានេះនឹងបង្កឲ្យមានការប្រឈមមុខដាក់គ្នា រវាងប្រទេសទាំងពីរជុំវិញជម្លោះកោះសេនកាគូ។ អាចជាគ្រោះថ្នាក់ដ៏អាក្រក់មួយ។ ទីក្រុងតូក្យូបានបញ្ជាក់ជំហរយ៉ាងនេះ ទៅភាគីចិន។
ក្រសួងការពារជាតិចិនវិញ បានបញ្ជាក់ហើយនៅក្នុងវិបសៃតិ៍របស់ខ្លួន កាលពីថ្ងៃសៅរ៍ម្សិលមិញថា ចំណាត់ការបង្កើតតំបន់ហោះហើរយោធាធ្វើឡើង ដើម្បីការពារ និងចាត់វិធានការបន្ទាន់ ទៅលើយន្តហោះណាដែលមិនព្រមសហការ មិនព្រមប្រាប់អត្តសញ្ញាណ ឬបដិសេធមិនព្រមគោរពតាមបទបញ្ជារបស់ចិន នៅក្នុងពេលហោះហើរនៅក្នុងតំបន់ហោះហើរយោធារបស់ចិន។
►សូមអាន៖ តើជម្លោះចិន-ជប៉ុនអាចរាលដាលជាជម្លោះប្រដាប់អាវុធដែរឬទេ?
តំបន់ហោះហើរយោធាថ្មី បានចូលជាធរមាន កាលពីថ្ងៃសៅរ៍។ នៅថ្ងៃដដែល កងទ័ពអាកាសរបស់ចិនបានប្រកាសថា គេបានបើកយន្តហោះ ជាលើកទីមួយ ហោះឆ្វែលល្បាត នៅក្នុងតំបន់ហោះហើរយោធាថ្មី។
កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់ចិនបានអះអាងថា ចិនបង្កើតតំបន់ហោះហើរយោធាដើម្បីការពារ អធិបតេយ្យជាតិ និងដើម្បីរក្សាសន្តិសុខដែនដី និងដែនសមុទ្ររបស់ចិន។ ចិនបានបង្កើតឡើងតំបន់ហោះហើរយោធា ដើម្បីបន្ថែម ពីលើតំបន់ដែនអាកាសអធិបតេយ្យភាពរបស់ប្រទេស សម្រាប់ចាប់បានជាមុន សញ្ញា ឬត្រួតពិនិត្យ មុនពេលដែលយន្តហោះសង្ស័យ ហោះចូលក្នុងដែនអាកាសរបស់ប្រទេសចិន។ តាមអ្នកនាំពាក្យដដែល តំបន់ប្រភេទនេះត្រូវបានបង្កើតឡើងដំបូងដោយអាមេរិក នៅឆ្នាំ ១៩៥០។ ជប៉ុនបានយកគំរូតាម ដោយបង្កើតតំបន់ហោះហើរយោធា នៅឆ្នាំ ១៩៦៩។ យ៉ាងណាក៏ដោយ ជប៉ុននឹងបន្តប្រឆាំងតំបន់ហោះហើរយោធារបស់ចិន ដែលជប៉ុនបានវាយតម្លៃថា កំពុងរំលោភចូលក្នុងដែនអាកាសរបស់ជប៉ុន៕