Pages

Saturday, November 23, 2013

ទំនាស់​ចារកិច្ច​រាលដាល​ដល់​ប្រយោជន៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម


ដោយ អៀង សុខម៉ិញ
បណ្តា​ជន​ឥណ្ឌូណេស៊ី កាន់​តែ​ច្រើន​ឡើងៗ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ស្ថានទូត​​អូស្ត្រាលី​​ប្រចាំ​ទីក្រុង​ហ្សាការតា ដោយ​បាន​​គប់​ពង់​មាន់ ប៉េង​ប៉ោះ លើ​បុគ្គលិក​ទូត និង​ស្រែក​បរិហារ​នយោបាយ​​ក្បត់​​គ្នា​​
របស់​អូស្ត្រាលី។ ​​រឿង​អាស្រូវ​ចារកិច្ច​របស់​​អូស្ត្រាលី បាន​និង​កំពុង​រាល​ដាល​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌូណេស៊ី។បន្ទាប់​ពី​អ្នក​នយោបាយ យោធា ពេល​នេះ ដល់​វេន​ប្រជាជន​ស៊ីវិល និង​អ្នកជំនួញ​ម្តង​ដែលបញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​​ចារកិច្ច​អូស្ត្រាលី​លួច​ស្តាប់​កិច្ច​សន្ទនា​​របស់​ប្រធានាធិបតី​ និង​ឥស្សរជន​នយោបាយ​ឥណ្ឌូណេស៊ី។ ក្រុម​ហ៊ុន​រដ្ឋ​ឥណ្ឌូណេស៊ី​ បាន​ប្រកាស​ផ្អាក​កិច្ច​ចរចា​ទិញ​កសិដ្ឋាន​ជាមួយ​អូស្រ្តាលី​ ឯ​កិច្ច​ចរចា​ស្តី​ពី​ការ​បផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី ដែល​កំពុង​ដំណើរ​ការ​ក្នុងពេល​នេះ ក៏​ទំនង​ជា​នឹង​ត្រូវ​ព្យួរ​សិន​ដែរ។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី លោក Gita Wirjawam។

ចំណែក​ចលនាប្រជាជន​វិញ​កាន់​តែ​ច្រើនឡើង បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​អូស្ត្រាលី​ ភាគ​ច្រើន​ជា​អ្នកជាតិ​និយម និង​អ៊ីស្លាមជ្រុល​និយម ស្រែក​ជេរ​បរិហារ​ការ​ធ្វើ​ចារកិច្ច​ថា ជា​ទង្វើ​ក្បត់ និង​មិន​អាច​ទទួល​យកបាន ព្រម​ទាំង​បាន​គប់​ពង​មាន់ ប៉េង​ប៉ោះ ម្សៅ ទៅ​លើ​បេសកកជន​ការទូត​អូស្ត្រាលី ដែល​មាន​កង​ប៉ូលិស​ការពារ​យ៉ាង​សន្ធឹក​សន្ធាប់។

សម្រាប់​អូស្ត្រាលី ការ​លួច​ស្តាប់​កិច្ច​សន្ទនា​ថ្នាក់​ដឹកនាំ​រដ្ឋ​និង​រដ្ឋាភិបាល គឺ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​សន្តិសុខ​ទូទៅ។ អតីត​អ្នក​ទទួល​ខុសត្រូវ​ចារកិច្ច​ឥណ្ឌូណេស៊ី​​ ក៏​យល់​ថា​ជា​ប្រការ​ត្រឹម​ត្រូវ​ធម្មតា​ដែរ ប៉ុន្តែ​រឿង​អាស្រូវ​លួច​ស្តាប់​នេះ មិន​ស្ងប់​ទេ ចលនា​បាតុកម្ម​បាន​ទាក់ទាញ​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ទំនាក់ទំនង​អូស្ត្រាលី​-ឥណ្ឌូណេស៊ី​ កាន់​តែ​ធ្លាក់​ចុះ​ជា​លំដាប់។ កាលពី​ថ្ងៃ​ពុធ​ឥណ្ឌូណេស៊ី​បាន​សង​សឹក​ដោយ​ផ្អាក​កិច្ច​សហប្រតិបត្តិការ​យោធា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​ឆ្លង​កាត់​ឥណ្ឌូណេស៊ី​ ដើម្បី​ឈាន​ទៅ​សុំសិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី៕