Pages

Wednesday, November 20, 2013

នេប៉ាល់​បោះឆ្នោត​សភា​ក្នុង​បរិយាកាស​តានតឹង និង​អស្ថិរភាព


ដោយ អៀង សុខម៉ិញ
ការ​បោះឆ្នោត​ជាតិ​​​​លើក​ទីពីរ គិត​តាំង​ពី​នេប៉ាល់ បញ្ចប់ស​ង្គ្រាម​ស៊ីវិល​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​ទី ១៩ វិច្ឆិកា​នេះ ប៉ុន្តែ​ក្តី​សង្ឃឹម​​ថា​នឹង​បាន​ឃើញ​នេប៉ាល់​ចេញ​ផុត​ពី​វិបត្តិទ័ល​ច្រក​នយោបាយ​ និង​អស្ថិរភាព​មាន​តិច​តួច​ណាស់។ ដំណើរ​ការ​បោះឆ្នោត​ចាប់​ផ្តើម​ ដោយ​​រអាក់​រអួ
ល​ ​ ​គ្រាប់​បែក​​ច្នៃ​​មួយ​គ្រាប់​​បាន​ផ្ទុះ​នៅ​ព្រឹក​មិញ កណ្តាល​រដ្ឋ​ធានី កដ្ឋមណ្ឌូ (Katmandou) បណ្តាល​ឱ្យ​មាន​របួស​យ៉ាង​ហោច​ណាស់​ ៣​នាក់។ជា​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា ៦០១​នាក់​ មក​ពី​ ​ជាង​១០០ គណបក្ស រួម​មាន​គណបក្ស​ជា​អតីត​ពួក​ឧទ្ទាម​ម៉ៅ​និយម (អ្នក​ផ្តួល​រំលំ​របប​រាជានិយម) និង​គណបក្ស​សមាជ​នេបាល់ ដែល​ជា​គណបក្ស​ឆ្វេង​កណ្តាល​និយម។ ការ​រាប់​សន្លឹក​ឆ្នោត នឹង​ត្រូវ​ចាប់​ផ្តើម​នៅថ្ងៃ​ពុធ​ស្អែក ប៉ុន្តែ​ដោយ​ហេតុ​ត្រូវ​ការ​ពេល​វេលា​ប្រមូល​លទ្ធផល​នៅ​តាម​តំបន់​ដាច់​ស្រយាល លទ្ធផល​បឋម​នឹង​អាច​ប្រកាស​ឱ្យ​ដឹង​នៅ​រវាង​មួយ​សប្តាហ៍​ទៀត។ 
​ទាហាន ៥​ម៉ឺន​នាក់ និង​ប៉ូលិស ១៤​ម៉ឺ​ន​​នាក់​ ត្រូវ​បានដាក់​ពង្រាយ​ពេញ​ផ្ទៃ​ប្រទេស​ ដើម្បី​ធានា​សន្តិសុខក្នុង​ថ្ងៃ​បោះឆ្នោត ព្រោះអស្ថិរភាព ការ​បង្កប់ និង​បំផ្ទុះ​​គ្រាប់បែក បាន​កើត​ឡើង​​តាំង​ពី​ពេល​ឃោសនា។ រដ្ឋាភិបាល​ស្តី​ទី បាន​ចេញ​បម្រាម​ផ្អាក​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ហាម​មិន​ឱ្យ​ធ្វើ​ចរាចរណ៍​តាម​រថយន្ត ម៉ូតូ ជា​លក្ខណៈ​ឯកជន។ បណ្តាជន​នេប៉ាល់​ អញ្ជើញ​ទៅ​បោះ​ឆ្នោត​ដោយ​ថ្មើរ​ជើង​ទាំង​អស់។

អស្ថិរភាព​នយោបាយ​នៅនេប៉ាល់ បាន​បន្ត​កើត​មាន​តាំង​ពីឆ្នាំ​២០០៨មក ក្រោយ​ពី​របប​រាជានិយម​បាន​រលំរលាយ។ ក្នុង​រយៈពេល​៥​ឆ្នាំ នេប៉ាល់​មាន​រដ្ឋាភិបាល​៥​​ ដែល​សុទ្ធ​សឹង​តែ​អសមត្ថភាព​​មិន​អាច​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ​ចេញ​សម្រាប់​មក​ធ្វើ​ជា​គ្រិះ​រក្សា​ស្ថិរភាព​​នយោបាយ​ជាតិ​បាន​សោះ។ ​ប្រទេស​មហាយក្ស​ជិត​ខាង​ពីរ គឺ​ចិន និង​ឥណ្ឌា​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​ខ្លាច​វិបត្តិ​អូស​បន្លាយ​​យូរ​នាំ​នេប៉ាល់​ឱ្យ​ក្លាយ​ទៅ​ជង្រុក​លាក់​ខ្លួន​ក្រុម​ឧក្រិដ្ឋជន ឬ​ក្រុម​សកម្មជន​ជ្រុល​និយម។

បើ​តាម​អ្នក​វិភាគ គណបក្ស​កុម្មុយនិស្ត -ម៉ាក្សលេនីន និង​ម៉ៅ​និយម នឹង​ត្រូវ​នាំ​មុខ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​នេះ​ ប៉ុន្តែ​ ការ​បង្កើត​​រដ្ឋាភិបាល​ចម្រុះ និង​ការ​ប្រមូល​សំឡេង​ភាគ​ច្រើន ២ភាគ​បី នៅ​ក្នុង​សភា សម្រាប់​អនុម័ត​ច្បាប់​រដ្ឋធម្មនុញ្ញ​​ ពិត​ជា​ជួប​ការ​លំបាក​ខ្លាំង​ និង​រុញ​ច្រាន​ប្រទេស​ឱ្យជាប់​គាំង​នយោបាយ​ទៀត៕