កូរ៉េខាងត្បូង​សុំអោយ​ចិន​មើល​តំបន់​ការពារ​ដែនអាកាស​ខ្លួន​ឡើងវិញ​



ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្រសួងការពារ​ជាតិ​​កូរ៉េខាងត្បូង​បាន​សុំអោយរដ្ឋាភិបាល​ចិន មើល​​តំបន់ការពារ​ដែនអាកាស​ខ្លួនឡើងវិញ ព្រោះ​ចាប់តាំង​ពី​ចិន​បាន​ប្រកាស​បង្កើត​តំបន់​នេះ​កាលពី​ថ្ងៃសៅរ៍​មុន​មក ​​ភាព​តានតឹង​នៅតំបន់​​អាស៊ី​ភាគឥសាន​​​ បាន​ផ្ទុះសាជាថ្មី​ឡើងវិញ។គួររំលឹកថា តំបន់​ការពារ​ដែនអាកាស​ចិន
ក្រៅតែ​ពី​លាតសន្ធឹង​ក្បែរ​ដែនទឹក​ជប៉ុ​ន និង​កូរ៉េខាងត្បូង​ តំបន់​នេះ​ក៏​រាប់បញ្ចូល​កោះ​អ៊ីអេវដូ Ieodo ដែលជា​កោះ​ជម្លោះ​រវាង​ចិន និង​កូរ៉េខាងត្បូង​​ផងដែរ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ អនុរដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​​ លោក ប៉ាក់ សឹងចូ បាន​សុំអោយ​រដ្ឋាភិបាល​ចិន​​ពិនិត្យ​មើល​ឡើងវិញ នូវ​តំបន់ការពារ​ដែនអាកាស​​របស់ខ្លួន។ អនុរដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េ​បាន​គូសបញ្ជាក់ថា កូរ៉េ​ខាងត្បូង​មិន​អាច​​ទទួលស្គាល់​តំបន់​ការពារ​ដែនអាកាស​ចិន​បានទេ។
តំណាង​ក្រសួងការពារ​ជាតិ​កូរ៉េ​ខាងត្បូង​និង​ក្រសួងការពារ​ជាតិចិន​​​ ទើបតែ​បាន​ជួប​ពិភាក្សា​​ការងារប្រចាំឆ្នាំ​​ជាមួយគ្នា។ ក្រុងសេអ៊ូល​ប្រាប់ថា ចិន​នឹង​មិន​ពិនិត្យ​តំបន់​ការពារ​ដែនអាកាស​ខ្លួន​ទៅតាម​​ការស្នើសុំ​របស់​កូរ៉េខាងត្បូង​ទេ។ ដូច្នេះ​ ក្រុងសេអ៊ូល​​បាន​ព្រមាន​តបទៅចិន​វិញ​ថា កូរ៉េខាងត្បូង​នឹង​​ពិចារណា​ថា ​តើ​ត្រូវ​ពង្រីក​តំបន់​ការពារ​ដែនអាកាស​ខ្លួន​ ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ខ្លួន​ដែរ​រឺទេ។

គួររំលឹកថា កាលពី​ថ្ងៃ​សៅរ៍​ ចិន​បាន​ប្រកាស​បង្កើត​តំបន់​ការពារដែនអាកាស​​ខ្លួន លាតសន្ធឹង​រហូត​ជិត​ដែនទឹកជប៉ុន និង​កូរ៉េខាងត្បូង។ តំបន់​នេះ​ក្រៅពី​រាប់បញ្ចូល​ប្រជុំកោះសេនកាគូ​ជាកោះ​ជម្លោះ​ចិន-ជប៉ុន ក៏​បាន​រាប់បញ្ចូល​នូវ​កោះ​អ៊ីអេវដូ​ ដែល​ចិន​និង​កូរ៉េខាងត្បូងដណ្តើម​បូរណភាព​ដែនដី​​​ផងដែរ។ ចិន​ដាក់​កំហិត​ថា រាល់​យន្តហោះ​ដែល​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​ចិន ត្រូវ​គោរព​បទបញ្ជាចិនដាច់ខាត។ ពោលគឺ​ត្រូវ​ប្រគល់ព័ត៌មាន​​ផ្លូវ​ហោះហើរខ្លួន​អោយចិន ប្រាប់​អាជ្ញាធរចិន​ថា តើ​ជាយន្តហោះ​កម្មសិទ្ធិ​ប្រទេសណា។ បើ​មិន​ដូច្នោះ​ទេ ចិន​នឹង​ចាត់វិធានការ​បន្ទាន់​ជាមិនខានឡើយ។

ប៉ុន្តែ​ កាលពីថ្ងៃ​អង្គារ​កន្លងទៅ យន្តហោះកងទ័ព​​កូរ៉េខាងត្បូង​មួយគ្រឿង បានហោះ​ចូល​តំបន់​នេះ ហើយ​មិន​បាន​ផ្តល់​ព័ត៌មាន​អោយ​ចិន​បានដឹង​ជាមុន​ទេ។ ក្រុង​សេអ៊ូល​ប្រាប់ថា យន្តហោះ​យោធា​ខ្លួន​នឹង​បន្ត​ហោះហើរ​លើដែន​​កោះអ៊ីអេវដូ​ ​ ដោយ​មិនប្រាប់​អាជ្ញាធរ​ចិន​អោយ​ដឹង​មុន​នោះទេ។

នៅដើម​សប្តាហ៍​នេះ យន្តហោះ​​បេ៥២អាមេរិក​ចំនួន​២គ្រឿង ក៏បាន​ហោះកាត់តំបន់​ការពារ​ដែនអាកាស​ចិន​ផងដែរ។ នៅថ្ងៃ​ព្រហស្បតិ៍នេះ​ ​​យន្តហោះ​​ជប៉ុន​ជាច្រើន​គ្រឿង ក៏បាន​ហោះ​ចូល​ក្នុង​តំបន់​នេះដែរ ដើម្បី​បន្ត​ការល្បាត​តាមឆ្នេរ​ដូច​រាល់ដង។ តែ​យន្តហោះ​ជប៉ុន​​មិន​បាន​ជួប​នឹង​យន្តហោះប្រដេញ​ចិន​ណាមួយ​​​នោះទេ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors