បន្ទាប់ពីក្រុមហ៊ុន កូកាកូឡា (Coca Cola) បានប្រកាសកាលពីដើមខែវិច្ឆិកា ថានឹងបញ្ឈប់ការបញ្ចាទិញស្ករសពីប្រទេសណាមួយ ដែលរកឃើញថា បានរំលោភសិទ្ធិមនុស្សពីគម្រោងអភិវឌ្ឍន៍ដំណាំអំពៅផលិតស្ករសនោះ អង្គការសង្គមស៊ីវិលនានាបានស្វាគមន៍ចំពោះសេចក្ដីប្រកាសនេះ ថាអាចជួយកាត់បន្ថយការរំលោភធ្ងន់ធ្ងរលើបញ្ហាសិទ្ធិ
មនុស្សនៅប្រទេសកម្ពុជា។ស្របពេលជាមួយគ្នានេះ សហភាពអឺរ៉ុប ដែលជាអ្នកបញ្ចាទិញស្ករសច្រើនពីប្រទេសកម្ពុជា ក៏កំពុងស៊ើបអង្កេតដែរអំពីការរំលោភសិទ្ធិមនុស្សពីការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំអំពៅនៅប្រទេសកម្ពុជា។
អង្គការសង្គមស៊ីវិលនានា បានរកឃើញថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចលើការអភិវឌ្ឍដំណាំស្ករអំពៅនៅប្រទេសកម្ពុជា មានការកេងប្រវ័ញ្ចពលកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ បញ្ហានេះ អង្គការសង្គមស៊ីវិល បានស្នើឲ្យអ្នកបញ្ចាទិញស្ករសពីសហគមន៍អន្តរជាតិ បញ្ឈប់ការបញ្ជាទិញស្ករសពីប្រទេសកម្ពុជា។
របាយការណ៍របស់អង្គការសមធម៌កម្ពុជា ដែលមានចំណងជើងថា «ការប្រមូលផលផ្អែមតែល្វីង» ដែលចេញផ្សាយនៅដើមខែវិច្ឆិកា ឆ្នាំ២០១៣ បានរកឃើញថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ត្រូវបានគេបណ្ដេញចេញពីដីធ្លីផ្ទះសម្បែង និងស្រែចម្ការ ដោយសារការអភិវឌ្ឍដំណាំកសិឧស្សាហកម្មស្ករអំពៅរបស់ក្រុមហ៊ុនថៃ នៅខេត្តកោះកុង និងខេត្តឧត្តរមានជ័យ។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ការអភិវឌ្ឍភាគច្រើនមិនបានផ្ដល់ផលប្រយោជន៍ស្មើគ្នារវាងម្ចាស់គម្រោងវិនិយោគ និងប្រជាពលរដ្ឋឡើយ។ លោកបញ្ជាក់ថា ម្ចាស់គម្រោងអភិវឌ្ឍន៍ទទួលបានអត្ថប្រយោជន៍ ឬទទួលបានលុយច្រើនលានដុល្លារអាមេរិក ពីការអភិវឌ្ឍតំបន់មួយតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។
លោក អៀង វុទ្ធី៖ «កន្លងមកយើងឃើញថា ការអភិវឌ្ឍហ្នឹងភាគច្រើនប្រជាពលរដ្ឋជាអ្នកខាត។ ជាក់ស្ដែង យើងឃើញថា ប្រជាពលរដ្ឋបាត់បង់មុខរបរ ផ្ទះសម្បែង ជាដើម ដោយសារតែគម្រោងអភិវឌ្ឍន៍។ ហើយបើយើងពិនិត្យអ្នកដែលចំណេញច្រើនពីគម្រោងអភិវឌ្ឍន៍នោះ គឺក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធមួយចំនួននៅក្នុងគម្រោងអភិវឌ្ឍន៍ហ្នឹង»។
លោក អៀង វុទ្ធី មានប្រសាសន៍បន្ថែមថា អ្នកដែលទទួលដីច្រើន ឬទទួលបានដីសម្បទានសេដ្ឋកិច្ចច្រើនជាងគេ គឺភាគច្រើនមានងារជាឧកញ៉ា សមាជិកសភា ឬមានឋានៈខ្ពស់មកពីជួររដ្ឋាភិបាល។
បន្ថែមលើនេះ ក្នុងរបាយការណ៍អង្គការសមធម៌កម្ពុជា ក៏បានគូសបញ្ជាក់ថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោកឧកញ៉ា លី យ៉ុងផាត់ មានជាប់ពាក់ព័ន្ធនឹងកសិឧស្សាហកម្មអំពៅនៅខេត្តកោះកុង ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ ដែលទទួលបានដីសម្បទានយ៉ាងហោចណាស់ ២ម៉ឺនហិកតារ ដែលការអភិវឌ្ឍធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារប្រឈមនឹងខ្វះខាតស្បៀងអាហារ ផ្ទះសម្បែង និងដីស្រែចម្ការសម្រាប់បង្កបង្កើនផល។
ស្របពេលដែលអង្គការសមធម៌កម្ពុជា ចេញរបាយការណ៍នេះ ក្រុមហ៊ុន កូកាកូឡា ដែលទិញស្ករសច្រើនជាងគេនៅលើពិភពលោក បានអះអាងថា នឹងបញ្ឈប់ការបញ្ជាទិញស្ករសពីប្រទេសណាមួយដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា បានឲ្យដឹងថា ក្រុមហ៊ុននឹងធ្វើការវាយតម្លៃមួយអំពីផលប៉ះពាល់សង្គម បរិស្ថាន និងសិទ្ធិមនុស្ស។ ការវាយតម្លៃនោះនឹងផ្ដោតជាពិសេសទៅផលប៉ះពាល់បញ្ហាដីធ្លី និងជម្លោះដីធ្លី។ ក្រុមហ៊ុន កូកាកូឡា បានទាក់ទងក្រុមហ៊ុនដែលផ្គត់ផ្គង់ស្ករសរបស់ខ្លួន ឲ្យបកស្រាយអំពីការរំលោភសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី។
ទោះជាយ៉ាងក៏ដោយ អង្គការសង្គមស៊ីវិលបានអះអាងថា អ្នកដែលមានឥទ្ធិពល នឹងដាក់សម្ពាធដល់ក្រុមហ៊ុនផលិតស្ករសនៅកម្ពុជា គឺសហភាពអឺរ៉ុប។ ប្រទេសកម្ពុជា បាននាំចេញស្ករសស្ទើរតែទាំងស្រុង ដោយសារសហភាពអឺរ៉ុប បានផ្ដល់អត្ថប្រយោជន៍លើផ្នែកពាណិជ្ជកម្ម ដោយការអនុគ្រោះពន្ធគយ។ ប៉ុន្តែ ក្រុមហ៊ុនដែលទទួលបានការអនុគ្រោះនេះ ត្រូវធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ។
ប្រធានប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោកឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) មានប្រសាសន៍ថា អ្នកវិនិយោគលើវិស័យកសិឧស្សាហកម្មបានទទួលអត្ថប្រយោជន៍ពីគោលនយោបាយអនុគ្រោះពន្ធគយពីសហភាពអឺរ៉ុប។ គោលនយោបាយរបស់សហភាពអឺរ៉ុប នេះ ក៏បានជួយអភិវឌ្ឍដំណាំស្ករអំពៅនៅប្រទេសកម្ពុជា ដែលផលិតផលស្ករអំពៅអាចនាំចេញទៅសហភាពអឺរ៉ុប នូវអត្រាពន្ធសូន្យ។ មានន័យថា ការនាំចេញស្ករអំពៅរបស់កម្ពុជា អាចទទួលបានភាពប្រកួតប្រជែងឈ្នះរវាងអ្នកផលិតផ្សេងៗទៀត ដូចជាពីប្រទេសថៃ ជាដើម ដែលអ្នកនាំចេញស្ករអំពៅរបស់ប្រទេសនេះមិនបានទទួលអត្ថប្រយោជន៍ពីគោលនយោបាយរបស់សហភាពអឺរ៉ុប បានឡើយ។
លោកបញ្ជាក់ទៀតថា ប្រសិនបើមានការរំលោភសិទ្ធិមនុស្សនៅក្នុងគម្រោងអភិវឌ្ឍន៍ដំណាំស្ករអំពៅ គឺទាក់ទងនឹងនីតិរដ្ឋ ការគោរពច្បាប់ ជាពិសេសការគោរពច្បាប់នៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ឬការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវទទួលបានសំណងសមរម្យ៖ «ចំណាប់អារម្មណ៍របស់ខ្ញុំទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្សនេះ ថាតើច្បាប់ត្រូវបានអនុវត្ត ឬមិនបានអនុវត្តពេញលេញ ចំពោះគម្រោងដីអភិវឌ្ឍន៍សម្បទានសេដ្ឋកិច្ច ឬយ៉ាងណា? សហភាពអឺរ៉ុប ប្រចាំកម្ពុជា កំពុងធ្វើកិច្ចការនេះ ដែលតែងតែធ្វើការស៊ើបអង្កេតដោយសហភាពអឺរ៉ុប បានសហការនឹងផ្ដល់ហិរញ្ញប្បទានថវិកាដល់អង្គការនានា ឲ្យឃ្លាំមើលពីបញ្ហារំលោភសិទ្ធិមនុស្សនេះនៅប្រទេសកម្ពុជា»។
លោកឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង មានប្រសាសន៍បន្ថែមថា សហភាពអឺរ៉ុប បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា អំពីគម្រោងបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាបន្តទៀត និងការពិនិត្យឡើងវិញចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន ថាបានគោរពសិទ្ធិមនុស្ស និងបានផ្ដល់សំណងសមរម្យដល់អ្នករងគ្រោះ។
ស្របតាមគោលនយោបាយ សហភាពអឺរ៉ុប នឹងមិនអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយអាចទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយអនុគ្រោះពន្ធគយ ឬមិនទទួលទិញពីប្រទេសនោះឡើយ ប្រសិនបើរកឃើញថា បានរំលោភសិទ្ធិមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដាំអំពៅប្រមាណ ៦ម៉ឺន ៥ពាន់ហិកតារ ដល់ក្រុមហ៊ុនចំនួន៧ ដែលស្ថិតនៅខេត្តកោះកុង កំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ។ បរិមាណស្ករសដែលកម្ពុជា ផលិតបានមានតម្លៃនាំចេញប្រមាណ ១៣លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ភាគច្រើននៃស្ករសនោះ បាននាំចេញទៅលក់នៅសហភាពអឺរ៉ុប៕
ប្រភព៖RFA